website_news:2019250201

ពលករខ្មែរចុះទូកមួយចំនួននៅថៃថា ខ្លួនមិនបានទៅលេងបុណ្យចូលឆ្នាំដោយសាររវល់ការងារ

https://www.rfa.org/khmer/news/ ដោយ ស្ងួន អមរា 2019-02-24

ពលករខ្មែរអះអាងថា ពួកគេទៅធ្វើការងារនៅលើទូកនេសាទរបស់ថៃមួយចំនួនដោយសារជីវភាពក្រីក្រខំប្រឹងធ្វើការដើម្បីរកប្រាក់ផ្ញើទៅក្រុមគ្រួសារនៅឯស្រុកខ្មែរ សម្រាប់ដោះស្រាយជីវភាពគ្រួសារ ដោយមិនបានត្រឡប់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនៅខែមេសាខាងមុខនោះទេ។ ពួកគាត់មានការសោកស្ដាយដែលមិនអាចទៅជួបជុំបងប្អូននៅក្នុងថ្ងៃបុណ្យជាតិ ព្រោះជាប់រវល់បំពេញការងារនៅកណ្ដាលសមុទ្រ ដែលមិនអាចត្រឡប់ទៅដល់ដីគោកឱ្យបានទាន់ពេលថ្ងៃបុណ្យចូលឆ្នាំ។ ពលករខ្មែរមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្ត ចង់ទៅលែងស្រុកខ្មែរដើម្បីបានកម្សាន្តជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត ប៉ុន្តែបែរជាអាក់ខានដោយសារ ថ្ងៃបុណ្យឆ្នាំនេះចំវេនចុះទូកទៅយកត្រីនៅកណ្ដាលសមុទ្រចម្ងាយរាប់ពាន់គីឡូម៉ែត្រត្រឡប់មិនទាន់ថ្ងៃបុណ្យចូលឆ្នាំ។

ពលករម្នាក់រស់នៅខេត្តកំពង់ធំ លោក ហឿន ស រៀបរាប់ប្រាប់ឱ្យដឹងអាស៊ីសេរី កាលពីថ្ងៃទី២១កុម្ភៈថា ដោយសារជីវភាពក្រីក្រ ជំរុញឱ្យលោកចាកចេញពីផ្ទះទៅធ្វើការជាពលករនៅប្រទេសថៃ និងបានធ្វើការនៅលើទូកនេសាទក្នុងខេត្តសមុត្រប្រាកាន ជិតទីក្រុងបាងកក ចំនួន ៧ឆ្នាំហើយ។ពលកររូបនេះបន្តថា ជារៀងរាល់ឆ្នាំលោកតែងតែត្រឡប់ទៅលេងបុណ្យចូលឆ្នាំខ្មែរនៅឯស្រុកកំណើតមិនដែលខាននោះទេ ប៉ុន្តែឆ្នាំនេះថៅកែមិនអនុញ្ញាតឱ្យលោកឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំឡើយ ព្រោះត្រូវវេនចុះទូកទៅយកត្រីនៅកណ្ដាលសមុទ្រជាប់ប្រទេសម៉ាឡេស៊ី។ លោកថា ពលកររួមការងារនៅលើទូកនេសាទមានគ្នាជាង ១០នាក់ ត្រូវធ្វើដំណើរផ្សងព្រេងនៅលើទឹកសមុទ្ររួមគ្នា ក្នុងមួយជើងៗមានរយៈពេលប្រមាណ២០ថ្ងៃ ទើបត្រឡប់មកដល់ដីគោកវិញ ព្រោះមានចម្ងាយដល់ទៅជាង១ពាន់គីឡូម៉ែត្រឯណោះ៖ «ខ្ញុំអង្គុយតែគិតថា គេទៅលែងស្រុកមិនដឹងសប្បាយយ៉ាងណាទេ តែខ្ញុំវិញអង្គុយអើតមើលមេឃមើលផ្កាយមើលទឹកសមុទ្រនឹងឯង ខ្ញុំស្រណោះស្រណោកខ្លួនដែរ តែធ្វើមិចព្រោះតែជីវភាពក្រីក្រ យើងត្រូវតែតស៊ូដើម្បីជីវភាពរបស់យើង។ ក្នុងចិត្តចង់តែទៅនៅខ្មែរវិញ តែដោយសារចង់សន្សំលុយមួយរយៈយកទៅប្រកបរបរខ្លួនឯងនៅស្រុកខ្មែរ ខ្ញុំមិនចង់នៅធ្វើពលករដូច្នេះទេ ព្រោះរស់នៅមិនមានការជួបជុំគ្រួសារ ព្រោះមនុស្សគ្រប់រូបត្រូវមានប្រពន្ធកូន គ្មានអ្នកណាចង់បែកពីប្រពន្ធកូនមកធ្វើការស្រុកគេទេ តែគ្រាន់តែយើងមិនទាន់មានមុខរបរអី»។ ពលកររូបនេះបន្តទៀតថា អំឡុងពេលធ្វើការនៅលើទូកកន្លងមក លោកមិនធ្លាប់ជួបគ្រោះថ្នាក់ធំដុំនោះទេ ដោយគ្រាន់តែពុលទឹករលកនៅពេលដែលមានខ្យល់ខ្លាំងបក់បោកមកចំទូកនេសាទរបស់ខ្លួន។ លោកថា ពេលនោះនឹកក្រុមគ្រួសារនៅផ្ទះ ហើយចង់ឈប់ធ្វើការត្រឡប់ទៅខ្មែរវិញដែរ ក៏ប៉ុន្តែដោយសារជីវភាពខ្វះខាត និងគ្មានការងារធ្វើនៅឯស្រុកកំណើត ក៏សម្រេចចិត្តតស៊ូធ្វើការនៅលើទូករហូតមកទល់សព្វថ្ងៃ៖ «គ្រោះថ្នាក់តែកើតមានជារឿយៗ ដែលយើងមិនដឹងវាកើតនៅណា ជួលកាលយប់ព្រលប់យើងធ្វើការមិនបានប្រុងប្រយ័ត្នក៏របូតដៃធ្លាក់ទឹកខ្ញុំឃើញកើតមានច្រើនករណី តែចំពោះខ្លួនខ្ញុំមិនធ្លាប់កើតមានទេ។ អ្នកខ្លះក៏ធ្លាក់ទឹកបាត់សូន្យ កាលពីមុនច្បាប់មិនទាន់រឹងប៉ឹងដូចសព បាត់ក៏បាត់ចប់បណ្ដោយ ជួនកាលយើងមិនដឹងថា វាធ្លាក់ដោយរបៀបណាទេ ដល់ព្រឹកឡើងបានយើងដឹងថាបាត់មនុស្ស»។

ចំណែកពលករធ្វើការនៅលើទូកនេសាទថៃម្នាក់ទៀតលោក ជា ខន មានប្រសាសន៍ថា ការងារនៅលើទូកនេសាទមិនស្រួលដូចធ្វើការក្នុងម៉ាស៊ីនត្រជាក់នោះទេ ព្រោះធ្វើការលំបាកត្រូវកម្ដៅថ្ងៃ ភ្លៀងទទឹក ហើយប្រឈមនឹងពុលទឹករលកជាប្រចាំ ដោយមិនសូវបានដេកលក់ស្រួលដូចនៅក្នុងផ្ទះនោះទេ ព្រោះជាការងារនៅកណ្ដាលសមុទ្រមើលមិនឃើញកោះត្រើយនោះឡើយ។ លោកបន្តថា ពេលខ្លះធ្វើការមិនបានត្រឡប់ឡើងគោកក្នុងប្រទេសថៃនោះទេ ដោយឈប់សម្រាកនៅប្រទេសម៉ាឡេស៊ីក៏មានដែរ រហូតដល់ពួកគាត់ធ្វើការយូរទៅសុំានឹងការងារ ដោយមិនខ្វល់ពីការនឿយហាត់នោះទេ គឺធ្វើយ៉ាងណាឱ្យតែបានប្រាក់ផ្ញើទៅឱ្យក្រុមគ្រួសារនៅឯស្រុកខ្មែរ។ លោកថា ចូលឆ្នាំខ្មែរខាងមុខនេះមិនបានត្រឡប់ទៅលេងស្រុកកំណើតនោះទេ ព្រោះត្រូវវេនចុះទូកទៅយកត្រីនៅកណ្ដាលសមុទ្រ៖ «គ្រោះថ្នាក់តែកើតមានជារឿយៗ ដែលយើងមិនដឹងវាកើតនៅណា ជួលកាលយប់ព្រលប់យើងធ្វើការមិនបានប្រុងប្រយ័ត្នក៏របូតដៃធ្លាក់ទឹកខ្ញុំឃើញកើតមានច្រើនករណី តែចំពោះខ្លួនខ្ញុំមិនធ្លាប់កើតមានទេ។ អ្នកខ្លះក៏ធ្លាក់ទឹកបាត់សូន្យ កាលពីមុនច្បាប់មិនទាន់រឹងប៉ឹងដូចសព បាត់ក៏បាត់ចប់បណ្ដោយ ជួនកាលយើងមិនដឹងថា វាធ្លាក់ដោយរបៀបណាទេ ដល់ព្រឹកឡើងបានយើងដឹងថា បាត់។ បើកាលពីសម័យមុនវិញពេលទូកឡើងមកដល់ដីគោកម្ដងៗ ពលករខ្មែរនាំគ្នាដើរផឹកស៊ីចាយវាយ អើតមើលមុខគ្នាមិនបានទេ គឺដេញវាយដេញកាប់គ្នាជាប្រចាំ កាលពីមុនសំបូរពលករខ្មែរចុះទូកច្រើន តែឥឡូវមិនសូវមានទេ។ និយាយទៅបើមានការងារល្អៗនៅខ្មែរខ្ញុំធ្វើការនៅខ្មែរហើយបានជួបម៉ែឪបងប្អូនផង ប៉ុន្តែដូចដឹងស្រាប់ហើយខាងខេត្តកំពង់ធំខ្ញុំ គ្រាន់តែគេរំលោភយកដីខ្លះមិនហ៊ាននៅស្រុកទេ ព្រោះតវ៉ាគេចាប់វាយធ្វើបាប»។ លោកបន្តថា ធ្វើការមួយខែលោកបានឡើងមកជួបប្រពន្ធនៅដីគោក ក្នុងខេត្តសមុត្រប្រាកាន ប្រហែល១០ថ្ងៃ ក៏ត្រូវចុះទូកនេសាទវិញ ស្ទែរតែជារៀងរាល់ខែ ប៉ុន្តែពួកគាត់មិនរួញរានឹងការងារនេះទេ ព្រោះធ្វើការទាំង២នាក់ប្ដីប្រពន្ធ សល់ប្រាក់ចន្លោះពី ១ម៉ឺន ៥ពាន់ទៅ ២ម៉ឺនបាតថៃ ឬប្រមាណ ៦៥០ដុល្លារអាមេរិកក្នុងមួយខែ។ លោកថា ពលករខ្មែរធ្វើការលើទូកនេសាទថៃនៅតំបន់ដែលពួកគាត់ធ្វើនេសាទ មានមិនតិចជាង ២០នាក់ទេ ដែលរវល់ការងារមិនបានទៅលេងបុណ្យចូលឆ្នាំខ្មែរនោះ ព្រោះប្រសិនបើឈប់សម្រាកគ្មានអ្នកធ្វើការងារជំនួស ហើយអាចថៅកែបញ្ឈប់ពីការងារនាំឱ្យលំបាកដល់ក្រុមគ្រួសារ ដោយសារគ្មានប្រាក់ចំណូលផ្ញើទៅឱ្យបងប្អូនប្រើប្រាស់នៅស្រុកកំណើត។

ឆ្លើយតបនឹងបញ្ហានេះ អាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយពីមន្ត្រីស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករ លោក ចិន សំណាង បាននៅឡើយទេ ដោយជំនួយការទទួលទូរស័ព្ទជំនួសប្រាប់ថា លោកជាប់រវល់ប្រជុំ៖ «អត់ទេបងខ្ញុំគ្រាន់តែប្រាប់ព័ត៌មានផ្សេងៗ ដូចជាករណីប្រកាន់សង្គម អីផ្សេង បើទាក់ទងរឿងពលករធ្វើការថ្ងៃបុណ្យជាតិមិន បានឈប់សម្រាកខ្ញុំអត់ដឹងដែរ»។

អាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កេត សុផាន់ ដើម្បីសាកសួរពីក្តីបារម្ភរបស់ពលករបាននៅឡើយទេ ដោយសារតែលោកមិនលើកទូរស័ព្ទ។ រីឯអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ លោក ហ៊ុន សារឿន មានប្រសាសន៍យ៉ាងខ្លីថា លោកមិនអាចអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ៖ «ព្រោះខ្ញុំអត់មានសិទ្ធិនិយាយសូមអធ្យាស្រ័យផង បងសួរទៅអ្នកនាំពាក្យក្រសួងការបរទេសទៅគាត់ក្ដាប់បានព័ត៌មានទាំងអស់នេះ សូមអធ្យាស្រ័យផងបង»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL)លោក មឿន តុលា មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ការបង្ខំឱ្យពលករធ្វើការនៅថ្ងៃបុណ្យជាតិ គឺជាការរំលោភច្បាប់ការងាររបស់ប្រទេសថៃ ព្រោះច្បាប់ថៃ បានកំណត់ឱ្យកម្មករ ឬពលករ ឈប់សម្រាកនៅថ្ងៃបុណ្យជាតិ បើទោះបីជាពួកគេត្រឡប់ទៅលេងស្រុកកំណើត ឬមិនទៅក៏ដោយ ក៏ពួកគេត្រូវបានឈប់សម្រាកដែរ៖ «ទោះជាយ៉ាងណាក៏ដោយនេះជាភស្តុតាងមួយថ្មីទៀត ដែលបង្ហាញថា រដ្ឋាភិបាលថៃមិនទាន់បានអនុវត្តអ្វីដែលខ្លួនបានសន្យាជាមួយសហគមន៍អឺរ៉ុប ពាក់ព័ន្ធការកែសម្រួលលក្ខខ័ណ្ឌការងាររបស់ពលករនៅលើទូកនេសាទ បានពេញលេញនៅឡើយទេ កន្លងមកយើងតែងតែបានលើកឡើងពីបញ្ហានេះ ហើយយើងឃើញមានការប្រែប្រួលចំនួន ដូចថៃបានផ្ដល់សច្ចាប័នទៅលើអនុសញ្ញាស្ដីពីការពារសិទ្ធិពលករនៅលើទូក នេសាទក៏ដោយ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅមានរឿងច្រើនទៀត តាំងពីលក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌសុខភាព សុវត្ថិភាព និងអនាម័យនៅលើទូកជាដើម»។

កន្លងមកធនាគារពិភពលោករាយការណ៍ថា ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត ៤ លាននាក់ (៣.៧៦) នៅក្នុងឆ្នាំ២០១៥ ក្នុងនោះ ៥៣ ភាគរយមកពីប្រទេសភូមា ២៦ ភាគរយមកពីប្រទេសឡាវ និង ២១ ភាគរយមកពីកម្ពុជា។ ចំណែកទិន្នន័យរបស់រដ្ឋាភិបាលថៃវិញ បង្ហាញថា ពលករចំណាកស្រុកកម្ពុជា ឡាវ និងភូមាដែលបានចុះឈ្មោះរួចរាល់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មានចំនួនជិត ២លាននាក់ (១.៧២៦.៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ។

កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យគិតគូរ និងចាត់វិធានការជាក់លាក់នានា ដើម្បីការពារ និងជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន។ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើរដ្ឋាភិបាលកម្ពុជា ត្រូវស៊ើបអង្កេត និងដាក់ទោសតាមផ្លូវច្បាប់ចំពោះជនណាដែលទទួលខុសត្រូវ និងចូលរួមក្នុងបណ្ដាញជួញដូរមនុស្សនៅក្នុងប្រទេសដែលសហការជាមួយឈ្មួញកណ្ដាលនៅក្នុងប្រទេសថៃ ប្រើប្រាស់មធ្យោបាយ ទុច្ចរិតដើម្បីផ្គត់ផ្គង់បុរស និងក្មេងប្រុសទៅកាន់ទូកនេសាទថៃ។ កម្ពុជាត្រូវជួយអាជ្ញាធរថៃក្នុងការកាត់ទោសអ្នកជួញដូរមនុស្ស ជួយបង្កបរិយាកាសធ្វើចំណាកស្រុកដោយសុវត្ថិភាព និងរិះរកយុទ្ធសាស្ត្រផ្សេងទៀតដើម្បីកាត់បន្ថយភាពងាយរងគ្រោះចំពោះពលករចំណាកស្រុកគ្រប់ប្រភេទ។ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏ស្នើឱ្យកម្ពុជាត្រូវជំរុញឱ្យរដ្ឋាភិបាលថៃចាត់វិធានការចំពោះការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទថៃ ព្រមទាំងដាក់ទោសទណ្ឌដល់ម្ចាស់ទូក និងមន្ត្រីពុករលួយណា ដែលបានប្រព្រឹត្តបទឧក្រិដ្ឋទៅលើកម្មករទូកនេសាទ៕

website_news/2019250201.txt · Last modified: 2019/02/25 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki