website_news:2019250202

កម្ពុជា-ឡាវ ឯកភាពគ្នាបន្តសហការទប់ស្កាត់ បទល្មើសឆ្លងដែននានា

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 25 February 2019 | 09:12 ICT

ភ្នំពេញ: កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និងបទល្មើសនានាឆ្លងតាមព្រំដែននៃប្រទេសទាំង ២ ដោយជំរុញឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពប្រជាជនឡាវតាមរយៈការផ្លាស់ប្តូរបទពិសោធ និងទស្សនកិច្ចគ្រប់កម្រិត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា សហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ លើកទី១៣ កាលពីថ្ងៃទី ២១-២២ ខែកុម្ភៈ ដឹកនាំដោយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ហើយភាគីទាំង ២ បានឯកភាពលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនខ្លួន លើឯកសារព្រំដែនដែលត្រូវបានព្រមព្រៀងដោយប្រទេសទាំង ២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សកម្មភាពទប់ស្កាត់ដូចជា ការជួញដូរមនុស្ស អន្តោប្រវេសន៍ខុសច្បាប់ ពាណិជ្ជកម្មខុសច្បាប់ និងការឆ្លងដែនខុសច្បាប់តាមបណ្តោយព្រំដែនជាដើម។

ភាគីទាំង ២ ក៏បានពិភាក្សាអំពីការដោះស្រាយបញ្ហាព្រំដែន និងលើកទឹកចិត្តឱ្យក្រសួងការបរទេសនៃប្រទេសទាំង ២ បញ្ចប់សេចក្តីព្រាងបែបបទបច្ចេកទេស [Terms of Reference (TOR)] ឲ្យបានឆាប់ ស្របតាមខ្លឹមសារនៃលិខិតរួមរបស់នាយករដ្ឋមន្ត្រីប្រទេសទាំង ២ ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧ ផ្ញើជូនប្រធានាធិបតីបារាំង។ កិច្ចប្រជុំក៏បានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលក្នុងនោះរួមមាន អប់រំ ព័ត៌មាន កសិកម្ម ទេសចរណ៍ វប្បធម៌ សុខភាពសាធារណៈ ប្រៃសណីយ៍ និងទូរគមនាគមន៍ច្បាប់និងកិច្ចសហប្រតិបត្តិការតុលាការ និងកិច្ចសហប្រតិបត្តិការកុងស៊ុល។ កិច្ចប្រជុំបានស្វាគមន៍ការរៀបចំបឋមនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយរថយន្តដឹកអ្នកដំណើររវាងកម្ពុជា និងឡាវ ជាពិសេសរវាងភ្នំពេញប៉ាក់សេ និងសៀមរាបប៉ាក់សេ។ ភាគីទាំង ២ ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលលើផ្នែកសុវត្ថិភាព សន្តិសុខ ការអភិវឌ្ឍផ្លូវអាកាស និងការផ្លាស់ប្ដូរការបណ្ដុះបណ្ដាល និងពិនិត្យលទ្ធភាពបង្កើនការហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំង ២។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទាំង ២ បានសម្តែងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងយន្តការថ្នាក់អនុតំបន់ និងតំបន់ឆ្ពោះទៅរកសមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ចប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានយល់ឃើញថា ស្ថានភាពទំនាក់ទំនងកម្ពុជា-ឡាវ សព្វថ្ងៃនេះហាក់ដូចជាបងប្អូនល្អ ឬជាអ្នកជិតខាងល្អ ស្របពេលដែលប្រទេសទាំង ២ មានទំនៀមទម្លាប់ សាសនា និងជីវភាពប្រជាជនប្រហាក់ប្រហែលគ្នាដែរ ប៉ុន្ដែទើបតែថ្មីៗនេះ គ្រាន់តែមានការយល់ច្រឡំលើគ្នាបន្ដិចបន្ដួចពីបញ្ហាព្រំដែននៅជាប់ខេត្តស្ទឹងត្រែងនោះ។ លោកបន្តថា៖ «បញ្ហាដែលភាគីទាំង ២ បានប្ដេជ្ញាលើបញ្ហាបទល្មើសឆ្លងដែននានានោះ គឺល្អ ខ្ញុំគាំទ្រ ព្រោះបទល្មើសដែលភាគីទាំង ២ តែងជួបប្រទះនោះ គឺការជួញដូរគ្រឿងញៀនពីឡាវមកកម្ពុជាយើង។ ដូច្នេះ អាជ្ញាធរកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងច្បាប់ និងសហការគ្នាឲ្យស្អិតល្មួត ហើយករណីបទល្មើសផ្សេងៗទៀត គឺប្រទេសទាំង ២ មិនសូវជួបប្រទះទេ»។

គួររំឭកដែរថា កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ យោធាឡាវរាប់រយនាក់បានចូលមកទឹកដីកម្ពុជាក្បែរតំបន់អូរអាឡៃ និងអូរតាង៉ាវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដើម្បីរារាំងកម្លាំងវិស្វកម្មកម្ពុជាមិនឲ្យសង់ផ្លូវតាមក្រវាត់ព្រំដែនក្នុងទឹកដីកម្ពុជា និងបានឈរជើងនៅទីនោះរហូតដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រមាន និងបានដាក់ឱសានវាទ ៦ ថ្ងៃឲ្យដកទ័ពចេញពីទឹកដីកម្ពុជា។ កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០ គីឡូម៉ែត្រដែលត្រូវបោះបង្គោលប្រមាណ ១៤៥ ប៉ុន្តែរហូតមកទល់ពេលនេះ ទើបតែបោះបាន ១២១ បង្គោលស្មើនឹង ៨៣ ភាគរយហើយសល់ប្រមាណ ២៤ បង្គោលទៀតនៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងរបស់កម្ពុជា៕

website_news/2019250202.txt · Last modified: 2019/02/25 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki