website_news:2019250203

ថៃសម្រួលតម្លៃ សម្រាប់ពលករខ្មែរវិលមកចូលឆ្នាំ

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 25 February 2019 | 08:38 ICT

ភ្នំពេញ: រដ្ឋាភិបាលថៃបានឯកភាពជួយសម្រួលដល់ពលករកម្ពុជាដែលត្រូវឆ្លងដែនមកស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំដោយមិនគិតថ្លៃការរក្សាសិទ្ធិទិដ្ឋាការ (Re-Entry) ចាប់ពីថ្ងៃទី ៥-៣០ ខែមេសាឆ្នាំនេះ ជាអ្វីដែលសង្គមស៊ីវិលសាទរចំពោះការសម្រេចនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃចុះថ្ងៃទី ២២ កុម្ភៈ ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញ បានជូនដំណឹងដល់សាធារណជនជាពិសេសពលករកម្ពុជាដែលកំពុងធ្វើការស្របច្បាប់នៅថៃទាំងអស់ថា ដើម្បីចូលរួមពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខរដ្ឋាភិបាលថៃបានឯកភាពសម្រួលដល់ពលករកម្ពុជាដែលត្រូវធ្វើដំណើរឆ្លងដែនទៅស្រុកកំណើតនៅកម្ពុជា ដោយអនុគ្រោះមិនគិតថ្លៃការរក្សាសិទ្ធិទិដ្ឋាការ (Re-Entry) ចាប់ពីថ្ងៃទី ៥-៣០ ខែមេសា ឆ្នាំ ២០១៩។ សេចក្ដីប្រកាសព័ត៌មានបន្តថា កន្លងមកបងប្អូនពលករដែលកំពុងស្នាក់នៅនិងធ្វើការស្របច្បាប់ក្នុងប្រទេសថៃដែលមានបំណងឆ្លងដែនទៅកម្ពុជានិងត្រឡប់ចូលមកធ្វើការនៅថៃវិញត្រូវស្នើសុំរក្សាសិទ្ធិទិដ្ឋាការនិងមានការបង់ថ្លៃមុននឹងធ្វើដំណើរទៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ការអនុគ្រោះលើកលែងថ្លៃរក្សាសិទ្ធិទិដ្ឋាការនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ៥-៣០ ខែមេសាឆ្នាំ២០១៩។ បងប្អូនពលករទាំងអស់ត្រូវធ្វើដំណើរត្រឡប់ចូលមកប្រទេស ថៃ វិញយ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩»។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (Central) បានថ្លែងថា ការលើកលែងឬអនុគ្រោះតម្លៃនេះគឺជាការយោគយល់ភាគីថៃ មិនមែនស្នើសុំដោយកម្ពុជាទេ។ លោកបន្តថា វាជារឿងល្អសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ ព្រោះបុណ្យចូលឆ្នាំ គឺជាថ្ងៃសំខាន់សម្រាប់ថៃក៏ដូចជាកម្ពុជាដែរ។ដូច្នេះ តាមប្រពៃណីគឺខ្មែរឬថៃត្រូវការជួបជុំបងប្អូន សាច់ញាតិ ទោះបីជាបែកឆ្ងាយប៉ុន្មានឆ្នាំក៏ដោយ។ លោកបន្តថា ការចំណាយថ្លៃការរក្សាសិទ្ធិទិដ្ឋាការនេះ គឺជាបន្ទុក ១ ធំសម្រាប់ពលករខ្មែរ ព្រោះចេញឬចូលម្ដងត្រូវចំណាយពី ១ ០០០ បាត ឬលើសពីនេះ។ ប្រសិនបើបានបិទត្រង់ចំណុចនេះ គឺវាអាចជួយកាត់បន្ថយការចំណាយរបស់ពលករច្រើន ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាក៏ត្រូវពិចារណាឆ្នាំក្រោយៗទៀត។ លោកបន្តថា ការចំណាយលើការដឹកជញ្ជូន សុំកុំឲ្យមានការឡើងថ្លៃទាំងភាគីថៃ និងកម្ពុជា ព្រោះការចំណាយនេះក៏នៅកម្រិតខ្ពស់ដែរ «ចំពោះអាជ្ញាធរកម្ពុជា ក៏ត្រូវតែប្រាកដថា មិនត្រូវគិតលុយពីពលករដែរ ខណៈពួកគាត់ឆ្លងមកពីថៃ ខ្ញុំចង់ឲ្យអាជ្ញាធរខ្មែរត្រូវតាមដានឲ្យបានដិតដល់ដើម្បីជួយសម្រួលឲ្យពួកគាត់បានមកលេងស្រុកដោយរីករាយទាំងចេញនិងចូលធ្វើការវិញ។ ខ្ញុំក៏ស្នើឲ្យអាជ្ញាធរខ្មែរស្នើទៅថៃចេញសារាចរនេះឲ្យបានទៅដល់ពលករផ្សេងទៀតដូចជា ពលករនេសាទនិងពលករដទៃទៀត»។

ពលករខ្មែរម្នាក់មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះដែលកំពុងបម្រើការងាររោងចក្រ ១ នៅខេត្តអយុធ្យា ប្រទេស ថៃ បានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមសារអេឡិចត្រូនិកថា លោកសប្បាយរីករាយចំពោះដំណឹងនេះ ប៉ុន្ដែលោកនៅបារម្ភខាងកម្ពុជាដែលអាចនៅបន្តចំណាយដដែល។ លោកបន្តថា ការចំណាយលើឯកសារនៅថៃ មិនសូវអស់លុយប៉ុន្មានទេ ប៉ុន្ដែសេវានេះនៅកម្ពុជាពិតជាចំណាយច្រើន ដោយមិនក្រោមពី ១០០ ទៅ ១ ០០០ បាតទេ នៅពេលចេញឬចូលម្ដងៗ «នៅថៃឯណេះ ខ្ញុំមិនសូវចំណាយលុយប៉ុន្មានទេ ខ្លាចតែខាងកម្ពុជាយើងទេ គឺត្រូវចំណាយច្រើនផ្នែក សូម្បីតែអ្នកចង្អុលផ្លូវឲ្យទៅស៊ីញ៉េកន្លែងនេះ កន្លែងនោះហ្នឹង ក៏ត្រូវឲ្យលុយគាត់ដែរ»។លោកស្នើសុំឲ្យភាគីកម្ពុជាបន្ធូរបន្ថយការយកតម្លៃលើផ្នែកសេវាឯកសារចេញឬចូលឲ្យប្រហាក់ប្រហែលនឹងថៃ ព្រោះការចំណាយរបស់ពលករចំណាកស្រុកលើឯកសារទាំងនេះនៅតែជាបន្ទុកធំដដែល។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃដដែលក៏បានបង្ហាញដែរថា តាមច្បាប់អន្តោប្រវេសន៍របស់ថៃការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ប្រភេទចេញចូលមួយលើក (Single) មានតម្លៃ ១ ០០០ បាត និងប្រភេទចេញចូលច្រើនលើក (Multiple) មានតម្លៃ ៤ ៨០០ បាត។ យ៉ាងណាក្ដី ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ កាលពីម្សិលមិញ៕

website_news/2019250203.txt · Last modified: 2019/02/25 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki