website_news:2019250601

កូរ៉េជួយកម្ពុជា បន្តគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធសេវាការងារ សាធារណៈ

https://www.dap-news.com/archives/ ByID:117 Posted on 24 June 2019 | 17:15

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ លើការដាក់ឲ្យដំណើរការអនុវត្តគម្រោង «ការអភិវឌ្ឍប្រព័ន្ធផ្តល់ សេវាការងារសាធារណៈ ឬហៅថា PES System» ក្រោមគម្រោង Korea-Cambodia WorkNet ដំណាក់កាលទី២ (២០១៩-២០២០)។ នេះបើតាមការចុះផ្សាយ ពីគេហទំព័រក្រសួងការងារ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ជាមួយលោក យ៉ាង ស៊ុងជុន (Yang Seung-jun) ប្រធាននាយកដ្ឋានសហប្រតិបត្តិ ការអភិវឌ្ឍនៃក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

មុនពិធីចុះហត្ថលេខានេះ លោកអ៊ិត សំហេង បានជួបពិភាក្សាជាមួយលោក យ៉ាន ស៊ុងជុន ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ រដ្ឋមន្ត្រីលើកឡើងថា នាពេលកន្លងមក កម្ពុជា-កូរ៉េមានទំនាក់ទំនងល្អជាមួយគ្នា និងជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីកូរ៉េ បានទទួលពលករកម្ពុជា ទៅធ្វើការនៅទីនោះជាបន្តបន្ទាប់ ។ រហូតដល់បច្ចុប្បន្នចំនួន ពលករកម្ពុជា ទៅធ្វើការនៅកូរ៉េ កើនដល់ជិត៦ម៉ឺននាក់។

ពាក់ព័ន្ធនឹងគម្រោង «ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» នេះ ត្រូវបានបណ្ឌិតរដ្ឋមន្ត្រី គាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង និងបានស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរភាគី ខិតខំធ្វើការងារបានជិតស្និទ្ធ ដើម្បីសម្រេចបានជោគជ័យសម្រាប់ប្រទេសជាតិទាំងពីរ ។ ពាក់ព័ន្ធគម្រោងការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈនេះដែរ លោក យ៉ាង បានបង្ហាញក្ដីរំពឹងទុកថា នឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាទ្រព្យសម្បត្តិ របស់ប្រជាជាតិទាំងពីរ៕

website_news/2019250601.txt · Last modified: 2019/06/25 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki