website_news:2019250701

៦ ខែ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និង ជួញដូរផ្លូវភេទ បាន ៧៨ ករណីកើន ២៥% សង្គ្រោះជនរងគ្រោះបាន ២៦៣ នាក់

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 24 July 2019 | 14:07 ICT

ភ្នំពេញៈ នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទបានចំនួន ៧៨ ករណីគឺមានការកើនឡើង ២៥ ភាគរយ និងបានជួយសង្គ្រោះជនរងគ្រោះបានចំនួន ២៦៣ នាក់ គឺកើនឡើង ១៤៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចេញរបាយការណ៍បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ កាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំ ក្រុមការងារអន្ដរក្រសួង ស្ថាប័នចំនួន ៦ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆមាសទី១ ឆ្នាំ ២០១៩ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។ របាយការណ៍នេះ បានកត់ត្រាថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន ១៩ បានតាមដានស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន ៧៨ ករណី ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុនមាន ៦២ ករណី (កើនឡើង ១៦ ករណី ស្មើនឹង ២៥ ភាគរយ)។ របាយការណ៍ដដែលបន្តថា ក្នុងនោះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការបានចំនួន ៩៧ នាក់ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមាន ៨៥ នាក់ (កើន ១២ នាក់ស្មើនឹង ១៤%) ក្នុងនោះស្ត្រី ២២ នាក់អនីតិជន ៩ នាក់ជាជនបរទេស ១៤ នាក់ សញ្ជាតិចិន ១២ នាក់និងអាមេរិក ២ នាក់ ហើយបានសង្គ្រោះជនរងគ្រោះចំនួន ២៦៣ នាក់ ខណៈកាលពីឆ្នាំមុនសង្គ្រោះបាន ១០៦ នាក់ គឺកើន ១៥៧ នាក់ ស្មើនឹង ១៤៨% ក្នុងនោះមានអាយុក្រោម ១៥ ឆ្នាំ ៧០ នាក់ អាយុ ១៥ ដល់ ១៧ ឆ្នាំ ៣១ នាក់ និងពី ១៨ ឆ្នាំឡើង ១៦២ នាក់ ហើយបានប្រគល់ឲ្យមន្ទីរសង្គមកិច្ចចំនួន ៧២ នាក់ និងប្រគល់ទៅគ្រួសារពួកគេវិញ ១៩១ នាក់។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គ.ជ.ប.ជ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំបិទទ្វារថា របាយការណ៍នេះគឺបង្ហាញថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានខិតខំធ្វើការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ។ លោកស្រីបញ្ជាក់ថា៖ «យើងអាចនិយាយបានថា យើងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបានច្រើនជាងឆ្នាំមុន សង្គ្រោះជនរងគ្រោះបានច្រើនជាងឆ្នាំមុន ហើយការផ្តន្ទាទោសបានច្រើនជាងឆ្នាំមុននៅក្នុងរយៈពេលដូចគ្នាដូច្នេះយើងវាយតម្លៃថា អ្វីដែលយើងធ្វើបានក្នុងដើមឆមាសនេះគឺល្អប្រសើរបើប្រៀបធៀបទៅនឹងឆ្នាំមុន»។ ទន្ទឹមនឹងនេះលោកស្រីក៏បានសម្តែងការសោកស្តាយ ដែលលោកស្រីថាអាមេរិកបានលើកយកអតីតគណបក្សសង្គ្រោះជាតិមកវាយតម្លៃឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ លើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលបញ្ហានេះ ជារឿង ២ ដាច់ដោយឡែកពីគ្នា។ លោកស្រីបន្តថា៖ «មានរឿងខ្លះដែលគាត់ដាក់សម្ពាធបន្ថែមទៀតឲ្យយើងធ្វើនេះធ្វើនោះរហូត គាត់ដាក់បញ្ចូលទៅក្នុងការងារនយោបាយដែលគាត់យកករណីបក្សប្រឆាំងនិយាយចូលនៅក្នុងនេះវាជារឿងមិនគួរនិយាយបានន័យថា វាជារឿងបច្ចេកទេស ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមិនគួរយករឿងនយោបាយមកវាយតម្លៃកម្ពុជា ទាបបែបនេះទេ»។បើតាមលោកស្រី ប៊ុនអេង នៅក្នុងកិច្ចប្រជុំនេះ លោក ស ខេង បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តប្រឹងប្រែងជួយទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ ដោយលោកលើកឡើងថា បើសិនកម្ពុជាមិនខំប្រឹងប្រែងទេនោះ កម្ពុជានឹងធ្លាក់ទៅលេខ ៣ ជាមិនខាន។

លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានសម្តែងការអបអរសាទរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការបង្ក្រាបការជួញដូរមនុស្សទទួលបានលទ្ធផលល្អបែបនេះ។ ទោះយ៉ាងណាលោកស្រីថ្លែងថា ស្ត្រីនៅតែប្រឈម និងអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ នៅតាមកន្លែងកម្សាន្តមួយចំនួន និងការជួញដូរមនុស្ស តាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។ លោកស្រីបញ្ជាក់ថា៖ «ពួកគាត់នៅតែប្រឈមមុខទៅនឹងការកេងប្រវ័ញ្ចក្រោមស្លាក KTV និងក្លិបហើយពេលស្ត្រីត្រូវបានភ្ញៀវរំលោភឬវាយដំ អ្នកដែលផ្តល់សេវាហ្នឹងមិនមានវិធានការអីដែលអាចជួយស្ត្រីនោះឲ្យមានសុវត្ថិភាព និងការពារសិទ្ធិនោះទេ»។

បើតាម គ.ជ.ប.ជ ការបង្ការទប់ស្កាត់ ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ក្រសួងការបរទេស និងច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃទទួលបន្ទុក ការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងធ្វើសម្ភាសពលរដ្ឋខ្មែរ និងជនបរទេសសរុបចំនួន ១០០៩ គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់៕

website_news/2019250701.txt · Last modified: 2019/07/25 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki