website_news:2019250702

ជនជាតិអាមេរិកម្នាក់ចោទប្រកាន់ពីបទរំលោភផ្លូវភេទលើកុមារាកម្ពុជាអាយុ ១៦ឆ្នាំនៅក្នុងខេត្តសៀមរាប

https://www.rfa.org/khmer/news/law/ ដោយ ហេង រស្មី 2019-07-23

តុលាការខេត្តសៀមរាបថ្មីៗនេះ បានចោទប្រកាន់បុរសជនជាតិអាមេរិកកាំងម្នាក់អាយុ ៥៦ឆ្នាំ មកពីរដ្ឋ Massachusetts ពីបទទិញពេស្យាចារកុមារ រូបអាសអាភាសកុមារ និងចាប់រំលោភ បំពានច្បាប់ការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ។

សេចក្ដីថ្លែងការណ៍របស់អង្គការសកម្មភាព ដើម្បីកុមារ ដែលហៅកាត់ថា APLE ចេញផ្សាយនៅថ្ងៃទី២០ កក្កដា ឱ្យដឹងថា ការចោទប្រកាន់នេះបានធ្វើឡើងក្រោយពីប៉ូលិសប្រឆាំងនឹងការជួញដូរមនុស្ស និងអតិជននៅក្នុងខេត្តសៀមរាប បាននាំយកបុរសជនជាតិអាមេរិកម្នាក់មកសារសួរនៅក្នុងទីស្នាក់ការប៉ូលិសពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើកុមារាអាយុ ១៦ឆ្នាំ។ ជនសង្ស័យត្រូវបាននាំខ្លួនចេញពីផ្ទះជួលរបស់លោកមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។

ការស៊ើបអង្កេតដែលនាំទៅដល់ការចាប់ខ្លួននេះបន្ទាប់ពីអង្គការ APLE ទទួលពាក្យបណ្ដឹងពីអង្គការសង្គមស៊ីវិលក្នុងស្រុកជំរុញអោយមានការស៊ើបអង្កេតទៅលើជនសង្ស័យដែលបានរស់នៅជាមួយក្មេងប្រុសកម្ពុជារហូតដល់អ្នកទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នា។

ប៉ូលិសបានរកឃើញថា មានឧបករណ៍មួយចំនួន ដែលរួមមាន ទូរស័ព្ទដៃ ឧបករណ៍សម្រាប់ជួយរំញ័រ ថ្នាំសម្រើបប្រភេទ Viagra ហើយនិងទឹករំអិល Vaselin ដែលវត្តុទាំងនោះបានរកឃើញនៅផ្ទះរបស់ជនសង្ស័យ ក្រៅពីនោះប៉ូលិសក៏បានរកឃើញរូបថតអាក្រាតរបស់កុមារាកម្ពុជាជាច្រើនសន្លឹក ដែលសមត្ថកិច្ចបានរឹបអូសទុកជាវត្ថុ តាងទៀតផង។ ការចាប់ខ្លួនបុរសជនជាតិអាមេរិកនេះបានកើតមានឡើងជាលើកទី១២ ហើយទាក់ទិននិងករណីរំលោភផ្លូវភេទលើកុមារកម្ពុជាដែលបានរកឃើញដោយអង្គការសកម្មភាព ដើម្បីកុមារដែលហៅកាត់ថា APLE ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ៕

website_news/2019250702.txt · Last modified: 2019/07/25 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki