website_news:2019250703

កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃចំនួន២៥នាក់ បានចុះល្បាតតាមបន្ទាត់ព្រំដែន រួមគ្នាទប់ស្កាត់បទល្មើសឆ្លដែនខុសច្បាប់ និងត្រួតពិនិត្យបង្គោលសីម៉ាព្រំដែនលេខ៣៧

http://cambodiapolice.com/policekh/ 8:06 pm 24 កក្កដា 2019 289

បន្ទាយមានជ័យ៖ កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃសរុប២៥នាក់ បានសហការចុះល្បាតតាមបន្ទាត់ព្រំដែន រួមគ្នាដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការការពារថែរក្សាសន្តិសុខសុវត្ថិភាពតាមបន្ទាត់ព្រំដែន និងបានចុះទៅត្រួតពិនិត្យស្ថានភាព បង្គោលសីម៉ាព្រំដែនលេខ២៧ ដែលស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមនិងទឹកដីថៃភូមិខៅលូកឆាង ឃុំទ័ពសៀម ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

ការចុះល្បាតតាមបន្ទាត់ព្រំដែន រវាងកងកម្លាំងការពារព្រំដែនទាំង២ភាគី ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ត្រូវគេមើលឃើញថាស្របតាម ខ្លឹមសារក្នុងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(១)ថៃ-ភូមិភាគ៥(កម្ពុជា)(RBC) លើកទី២៧ កាលពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅទី ក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។ កិច្ចសហប្រតិបត្តិការចុះល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់,ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន,ការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់។ កិច្ចប្រជុំនោះផងដែរភាគីទាំង២ក៏បាន ស្នើឲ្យមានការទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យដឹងជាមុនបើសិន មានការអនុវត្តហោះហើរលើដែនអាកាសល្បាតតាមព្រំដែន។ សេចក្តីរាយការណ៍ បានឲ្យដឹងថា កងកម្លាំងការពារព្រំដែនទាំង២ភាគីកម្ពុជា-ថៃ ដែលចុះល្បាតតាមបន្ទាត់ព្រំដែននោះ ភាគីកម្ពុជាមានការចូលរួម ដោយកម្លាំងនគរបាលការពារព្រំដែនគោកនៃវរៈសេនាតូច៨០៧ កងការពារព្រំដែនលេខ៥០៣ កម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំនៅបឹងត្រកួន សរុប១៥នាក់ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រីម ជុន នាយរងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនបឹងត្រកួន។ ចំណែកកម្លាំងតម្រួត(ត ឆ ដ)ភាគីថៃមានចំនួន១០នាក់ដឹកនាំដោយអនុសេនីយ៍ឯក សាន់ឆៃ យូឆាលឺម មេបញ្ជាការរងកងរយ១២៥ ។ សេចក្តីរាយការណ៍បន្ត បានឲ្យដឹងថា ការចុះបំពេញភារកិច្ចល្បាតព្រំដែនរួមគ្នានោះផងដែរ ភាគីកងកម្លាំងការពារព្រំដែនទាំង២ក៏បានលើកឡើង ត្រូវមានកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែរឹងមាំ បង្កើនមិត្តភាព សាមគ្គឺភាព ឱ្យកាន់ប្រសើរឡើង ឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមកក្នុងនាមប្រទេសជាតិខាងនិងគ្នានោះ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃប្រវែង១៥៣គីឡូម៉ែត្រ ដែលមានបង្គោលសីម៉ា២៥បង្គោល ចាប់ពីបង្គោលសីម៉ាលេខ២៧រហូតដល់បង្គោលលេខ៥១។ ក្នុងនោះបង្គោលដែលមានការឯកភាពគ្នាចំនួន១៤បង្គោល និងមិនឯកភាពគ្នាចំនួន១១បង្គោល និងបាត់រូបរាងចំនួន៤បង្គោលសីម៉ាផងដែរ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

website_news/2019250703.txt · Last modified: 2019/07/25 13:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki