website_news:2019250710

ស្រ្តីដែលត្រូវគេបោកយកទៅលក់នៅចិន រយៈពេល២៤ឆ្នាំ បានជួបជុំគ្រួសារវិញ ដោយសារហ្វេសប៊ុក

https://www.khmerload.com/ Meas Chan Dara, Khmerload 14:41 July 23, 2019

វៀតណាម៖ ស្រ្តីជនជាតិវៀតណាម ដែលត្រូវបានគេបោកយកទៅលក់នៅប្រទេសចិនអស់រយៈពេល២៤ឆ្នាំបានវិលត្រលប់មកដល់ប្រទេសកំណើតរបស់ខ្លួនវិញហើយ។ ប្រភពបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ Lan កាលពីនាងមានអាយុ១៩ឆ្នាំ ក្នុងនាមជាកូនស្រីច្បងនៅក្នុងគ្រួសារ នាងត្រូវធ្វើការជាពលករនៅភូមិ Nghĩa Đàn ឆ្ងាយពីតំបន់ដែលនាងរស់នៅ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ទាប់មកនាងក៏ត្រូវបានគេបោកយកទៅប្រទេសចិនដើម្បីលក់ឲ្យបុរសចិនវ័យ៦៥ឆ្នាំម្នាក់ក្នុងតម្លៃ៣០០ដុល្លារអាមេរិក។ ក្រោយពីរស់នៅជាមួយបុរសវ័យចំណាស់ជាលក្ខណៈប្ដីប្រពន្ធអស់រយៈពេល១៣ឆ្នាំមក នាងក៏មានកូនចំនួន៤នាក់។ ប្រភពបានបន្ដថា អំឡុងពេលរស់នៅជាមួយប្ដីជនជាតិចិននោះ នាងទទួលរងអំពើហិង្សាយ៉ាងខ្លាំង។ ពេលខ្លះនាងត្រូវបានប្ដីឃុំទុកក្នុងបន្ទប់ងងឹត និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនដល់ថ្នាក់បាត់បង់ការចងចាំបន្តិចបន្តួចទៀតផង។

ក្រោយមក នាងត្រូវបានប្ដីលក់ទៅឲ្យបុរសមួយទៀត ដែលសព្វថ្ងៃនេះកំពុងរស់នៅជាមួយគ្នា។ ប្ដីក្រោយរបស់នាងមានអាយុ៤៣ឆ្នាំ និងមើលថែនាងបានយ៉ាងល្អ។ នៅដើមខែកក្កដា ឆ្នាំ២០១៩ នាងបានស្គាល់ស្រ្តីជនជាតិវៀតណាមម្នាក់ដែលរស់នៅប្រទេសចិនដូចគ្នា។ នាងបានពឹងពាក់ឲ្យស្រ្តីនោះជួយថតវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីស្វែងរកគ្រួសារ។ នាងបានរៀបរាប់អាស័យដ្ឋានផ្ទះ និងឈ្មោះក្រុមគ្រួសារនៅក្នុងវីដេអូនោះ។ វីដេអូមួយនោះក៏ត្រូវបានក្រុមគ្រួសាររបស់នាងឃើញ ហើយសន្និដ្ឋានថាពិតជានាងប្រាកដមែន។ ក្រុមគ្រួសាររបស់នាងក៏បានប្ដឹងប៉ូលិសដើម្បីស្វែងរកនាងឲ្យវិលត្រលប់មកប្រទេសវៀតណាមវិញ។ គួររម្លឹកដែរថា នៅពេលដែលនាងត្រូវបានគេបោកយកទៅលក់នៅប្រទេសចិន ក្រុមគ្រួសាររបស់នាងព្យាយាមស្វែងរកនាងយ៉ាងណា ក៏គ្មានទទួលបានព័ត៌មានអ្វីទាក់ទងនឹងនាងសោះឡើយ។

លោក Nguyen Thanh Hai ជាអនុប្រធានផ្នែកប៉ូលិសព្រហ្មទណ្ឌបាននិយាយថា «ក្នុងការស្វែងរកនាងគឺមិនមែនជាការងាយស្រួលនោះទេ ព្រោះនាងត្រូវបានគេយកទៅលក់ពីមនុស្សមួយទៅមនុស្សមួយទៀត។ ពួកយើងបានព្យាយាមប្រមូលឯកសារជាច្រើនដែលទាក់ទងនឹងនាងក្នុងការស៊ើបអង្កេតករណីនេះ។»ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រោយពីដោះស្រាយចប់រួចមក នាងក៏ត្រូវបានគេបញ្ជូនត្រឡប់មកទឹកដីប្រទេសវៀតណាតវិញដើម្បីជួបជុំក្រុមគ្រួសារ។ ម្ដាយរបស់នាងសប្បាយចិត្តដល់ថ្នាក់ហូរទឹកភ្នែកក្រោយបែកកូនអស់២៤ឆ្នាំមកហើយ ព្រោះគាត់គិតថាកូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ៕

website_news/2019250710.txt · Last modified: 2019/07/25 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki