website_news:2019250904

អាមេរិកគ្រោងចាប់ពលរដ្ឋខ្មែរ-អាមេរិកាំងបន្ថែមទៀត បញ្ជូនមកកម្ពុជាវិញ

https://www.postkhmer.com/ នៀម ឆេង | Publication date 25 September 2019 | 10:04 ICT

ភ្នំពេញៈ នាយកដ្ឋានអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកគ្រោងនឹងចាប់ខ្លួនពលរដ្ឋខ្មែរ-អាមេរិកាំងបន្ថែមទៀត នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដើម្បីបញ្ជូនបន្តមកកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់អង្គការធ្វើការផ្នែកច្បាប់ និងសិទ្ធិមនុស្សឈ្មោះថា Asian Ameri- cans Advancing Justice (AAJC)។

អង្គការ AAJC មានមូលដ្ឋាននៅទីក្រុងសានហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំក្រើនរំឭកដល់ពលរដ្ឋខ្មែរនៅទីនោះឲ្យមានការប្រុងប្រយ័ត្ន និងបានប្រកាសថាពលរដ្ឋនៃសហគមន៍ខ្មែរដែលធ្លាប់ទទួលបានដីកាសម្រេចបណ្ដេញចេញ ឬត្រូវចូលបំភ្លឺនៅអាជ្ញាធរអន្តោប្រវេសន៍ និងគយសូមទាក់ទងអង្គការនេះដើម្បីទទួលបានជំនួយផ្នែកច្បាប់។ សេចក្ដីណែនាំបានសរសេរថា៖ «បើសិនជាអ្នកត្រូវចូលបំភ្លឺ សូមនាំអ្នកណាម្នាក់ទៅជាមួយ។ ប្រគល់កូនសោរបស់អ្នក ឬកាបូបលុយ និងទូរស័ព្ទឲ្យអ្នកទៅជាមួយមុនពេលចូលបំភ្លឺ។ សូមសរសេរ ឬត្រូវទន្ទេញឲ្យចាំនូវលេខទូរស័ព្ទសំខាន់ៗ។ បើសិនជាអ្នកមិនអាចចេញមកវិញបានទេ សូមឲ្យអ្នកទៅជាមួយទូរស័ព្ទមកពួកយើងភ្លាម»។ អង្គការ AAJC ឲ្យដឹងថា មន្ត្រីអនុវត្តច្បាប់ពីនាយកដ្ឋានអន្តោប្រវេសន៍ និងគយអាចប្រើប្រាស់ ឡានណាមួយដែលមិនមានសញ្ញាច្បាស់លាស់ ឬអាចគោះទ្វារ ឬពេលខ្លះពួកគេរង់ចាំនៅកន្លែងណាមួយរង់ចាំចាប់ខ្លួនអ្នកដែលគេកំណត់គោលដៅបន្ទាប់ពីអ្នកទាំងនោះចេញពីធ្វើការ។ ទោះយ៉ាងណាអង្គការនេះបានបញ្ជាក់ថា៖ «បើទោះបីជាឥឡូវនេះជាពេលវេលាគួរឲ្យខ្វល់ខ្វាយក៏ដោយ យើងត្រូវដឹងថា សហគមន៍នឹងគាំទ្រអ្នក។ វាអាចទៅរួចក្នុងការប្រឆាំងនឹងការបណ្ដេញចេញ»។

កាលពីខែកក្កដាពលរដ្ឋខ្មែរ-អាមេរិកាំង ៣៧ នាក់ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយចាកចេញពីទីក្រុងដាឡាស រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នាយកដ្ឋានអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកបានបញ្ជាក់នាពេលនោះថា ការបណ្ដេញចេញពលរដ្ឋកម្ពុជាបានកើនឡើង ២៧៩ ភាគរយ នៅឆ្នាំ ២០១៨ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ ប៉ុន្តែមិនបានបញ្ជាក់អំពីតួលេខប៉ុន្មានភាគរយក្នុងឆ្នាំ ២០១៧ នោះទេ។ នាយកដ្ឋានដដែលបញ្ជាក់ថា មានពលរដ្ឋខ្មែរប្រមាណ ១ ៩០០ នាក់ ដែលមានដីកាបណ្ដេញចេញ ហើយកំពុងរស់នៅសហរដ្ឋអាមេរិក។ ក្នុងចំនួននេះមាន ១ ៤០០ នាក់ គឺជាឧក្រិដ្ឋជនដែលកាត់ទោសរួចហើយ។

យោងតាម AAJC ចាប់ពីឆ្នាំ ២០០២ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិក រួចមកពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណ ៨០០ នាក់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញហើយរហូតមកដល់ឆ្នាំ ២០១៩ នេះ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ការបណ្ដេញចេញពលរដ្ឋទាំងនោះមកកម្ពុជាវិញគឺធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកម្ពុជាហើយក៏អាស្រ័យលើច្បាប់ និងតុលាការរបស់អាមេរិកដែរ។ទោះយ៉ាងណាលោកថា ការបណ្តេញចេញដោយបង្ខំ រំលោភទៅលើគោលការណ៍មនុស្សធម៌ និងសិទ្ធិមនុស្ស ជាពិសេសនៅពេលអ្នកដែលត្រូវបានបណ្ដេញចេញនោះមិនអាចធ្វើសមាហរណកម្មទៅក្នុងប្រទេស ដែលជាទីកន្លែងថ្មីសម្រាប់ពួកគេបាន។ លោកថ្លែងថា៖ «អ្នកខ្លះកើតនៅអាមេរិក ពួកគេមិនទាំងចេះនិយាយខ្មែរ មិនស្គាល់វប្បធម៌ខ្មែរ ហើយមិនមានក្រុមគ្រួសារនៅទីនេះទៀត។ ដូច្នេះការបណ្ដេញពួកគេមកនេះគឺដូចបញ្ជូនពួកគេឲ្យមករងទុក្ខនៅកន្លែងផ្សេងបន្ថែមទៀត»។ លោកបន្ថែមថារដ្ឋដែលធ្វើការបណ្ដេញចេញនេះគួរតែទទួលរ៉ាប់រងការចំណាយលើសេវាសម្រាប់ការធ្វើសមាហរណកម្មពួកគេទៅក្នុងសង្គម។

លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ឃើញថា ខ្មែរ-អាមេរិកាំងដែលបានអនុវត្តទោសជាប់ពន្ធនាគារនៅអាមេរិករួចហើយនោះត្រូវបានគេដាក់ទោសម្ដងទៀតដោយការបណ្ដេញចេញមកស្រុកខ្មែរ។លោកស្រីថ្លែងថា៖ «នៅពេលពលរដ្ឋខ្មែរអាមេរិកាំងទាំងនោះត្រូវបានបណ្ដេញចេញ ឋានៈជាជនភៀសខ្លួនរបស់ពួកគេមិនគួរត្រូវបានបំភ្លេចចោលនោះទេ។ សិទ្ធិមនុស្សសម្រាប់ជនភៀសខ្លួនត្រូវតែជាកត្តាចម្បង និងសំខាន់ក្នុងការកំណត់ជោគវាសនារបស់ពួកគេ»៕

website_news/2019250904.txt · Last modified: 2019/09/25 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki