website_news:2019250905

ពលករខ្មែរ៤នាក់ បានស្លាប់ និងរបួស ដោយសារបាក់កន្លែងស្នាក់នៅពីជាន់ទី៣ មកដី

http://kampucheathmey.com/ សោ និយមរ័ត្ន 25/9/2019 10:48 Am

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ ដែលបានស្លាប់នៅក្នុងចំណោមពលករខ្មែរ ចំនួន៤នាក់ នៅក្នុងហេតុការណ៍ នៃការបាក់កន្លែងស្នាក់នៅរបស់ពួកគេ ពីអគារកម្ពស់៨ជាន់ ខណៈដែលពួកគេទាំងអស់គ្នាកំពុងឈរសម្រាកនៅកន្លែងស្នាក់នៅនោះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនមូលនិធិ ស្វាងបរិបូរណ៍ ប្រចាំខេត្តឈុនបុរីបានបញ្ជាក់ថា ការបាក់ធ្លាក់កន្លែងស្នាក់នៅរបស់ពលករខ្មែរនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវ ១៤/១ ផាត់តាយ៉ា ណាក្លឿ ក្នុងឃុំណាក្លឿ ស្រុកបាងលៈមុង ខេត្តឈុនបុរី។ របាយការណ៍បានបន្តថា នៅពេលនោះដែរ ក្រុមតម្រួតថៃបានចុះពិនិត្យដល់ទីតាំងកើតហេតុ ដែលជាការដ្ឋាន កំពុងសាងសង់ខនដូ កម្ពស់៨ជាន់។ ជាក់ស្តែងនៅលើផ្ទៃដី គឺមានពលករខ្មែរចំនួន៤ នាក់ កំពុងរងរបួសដែលក្នុងនោះមានម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ទើបត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុងទេព ផាត់តាយ៉ា ចំណែក៣នាក់ទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បាងលៈមុង ដើម្បីសង្គ្រោះ។ ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចមក គេបានសន្និដ្ឋានថា ពួកគេ ( ពលករ ) បានផ្សា.តដែកមកខាងក្រៅអគារប្រមាណ២ម៉ែត្រ គឺនៅជាន់ទី៣ ដោយក្រាលក្តារកុងផ្លាកេ ហើយនៅពេលនោះគឺពួកគេបានឈរលេងនៅជុំគ្នាទើបបណ្តាលអោយបាក់កន្លែងស្នាក់នៅនោះមកដីតែម្តង ដែលសមត្ថកិច្ចបានកំណត់ថា វាអាចលើសទម្ងន់ ដែលដែកនោះមិនអាចទ្របាន។

ក្រោយមកទើបដឹងថា ជនរងគ្រោះដែលធ្ងន់ជាងគេ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រុងទេព ផាត់តាយ៉ា នោះមានឈ្មោះ ថន ភេទប្រុស អាយុ២០ឆ្នាំ ដោយឡែក ពលករខ្មែរ៣នាក់ទៀត មានឈ្មោះ ១. ឆាន់ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ២. ឈ្មោះ រិន ភេទប្រុស អាយុ១៨ឆ្នាំ និង ៣.ឈ្មោះ តាន់ មឿន ភេទស្រី អាយុ១៩ឆ្នាំ។ បច្ចុប្បន្ន សព ត្រូវបានកម្លាំងជំនាញរៀបចំដើម្បីបញ្ជូនទៅកាន់ស្រុកកំណើត ហើយក្រុមតម្រួតថៃក៏បានអះអាងបន្ថែមថា គេនឹងស្រាវជ្រាវលម្អិតអំពីបញ្ហា នៃការបាក់ធ្លាក់នេះ ហើយគេនឹងហៅពលករខ្មែរទាំងអស់ ដែលធ្វើការនៅក្នុងខនដូនេះ ដើម្បីពិនិត្យរកអ្នកមានច្បាប់ត្រឹមត្រូវ និងអ្នកដែលគ្មានច្បាប់៕

website_news/2019250905.txt · Last modified: 2019/09/25 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki