website_news:2019251001

សម្តេច ហេង សំរិន ស្នើឱ្យទូតខ្មែរទៅបំពេញការងារនៅបរទេសយកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិ

http://bayontv.com.kh/ 25/10/2019

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសថា នៅពេលបំពេញការងារ ត្រូវ តម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។ ត្រូវរក្សាការសម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសរបស់កម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពេលទទួលជួបជាមួយឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងប្រចាំនៅប្រទេសចំនួន៩ នៅព្រឹកថ្ងៃទី២៥ ខែតុលា នេះ បានបញ្ជាក់ប្រាប់ឯកអគ្គរាជទូតទាំងនោះថា បេសកកម្មការ ទូត ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្ត សញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ ប្រពៃណី របស់ខ្មែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមាន វប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។

សម្តេចប្រធានរដ្ឋសភា បានរំលឹកដល់តំណាងកម្ពុជា តាមប្រទេសនានា ដែលទើបតែងតាំងនោះ បន្តជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយសំដៅទាក់ទាញអ្នកវិនិយោគ និងទេសចរបរទេស មកប្រទេស កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ដោយផ្អែកលើសក្តានុពល ដែលប្រទេសមានស្រាប់ ហើយត្រូវបង្កើនកិច្ច សហប្រតិបត្តិការល្អជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសនោះផង ដែរ។ សម្តេច ប្រធានរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា តំណាងកម្ពុជាទាំងអស់ នឹងប្រតិបត្តិតួនាទីរបស់ ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត។ សម្តេច ក៏បានផ្ដាំផ្ញើ ដល់ឯកអគ្គរាជទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឲ្យបាន ច្បាស់លាស់ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួល លើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់សុខុមាលភាព និងការពារ ផលប្រយោជន៍របស់ពួកគេ។

ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំង ប្រចាំនៅប្រទេសវៀតណាម រុស្សី អូស្ត្រាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និង ប្រទេសប្រុយណេ ដារ៉ូសាលឹម។ តំណាងឯកអគ្គរាជទូតកម្ពុជា ដែលបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋ សភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេច បានចំណាយពេលវេលាអនុញ្ញាត បានចូលជម្រាបលា និងទទួលបានអនុសាសន៍ល្អៗ ដែលជាចក្ខុវិស័យ សម្រាប់យកទៅអនុវត្តការងារ ទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា៕

website_news/2019251001.txt · Last modified: 2019/10/25 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki