website_news:2019251002

មន្ត្រីជំនាញ ដាក់ចេញយុទ្ធសាស្ត្រទប់ស្កាត់ទម្រង់ថ្មីៗនៃការជួញដូរមនុស្ស

https://www.postkhmer.com/ ខន សាវិ | Publication date 25 October 2019 | 09:48 ICT

ភ្នំពេញៈ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាតិរយៈពេល ៥ ឆ្នាំ គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ដើម្បីកាត់បន្ថយទម្រង់ថ្មីៗនៃការជួញដូរមនុស្សដូចជា អំពើជួញដូរផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត និងអំពើពពោះជំនួសរួមទាំងកាត់បន្ថយទម្រង់នៃការកើនឡើងវិញនូវការបង្កប់សេវាផ្លូវភេទតាមក្លិបកម្សាន្តផងដែរ។

កាលពីថ្ងៃម្សិលមិញលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការនេះបានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិ ២០១៩-២០២៣ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលផ្ដោតលើការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារអំពើលក់ដូរមនុស្សអំពើជួញដូរផ្លូវភេទអំពើជួញដូរពលកម្ម និងអំពើជួញដូរសរីរាង្គ។ លោក ស ខេង បានថ្លែងក្នុងកិច្ចប្រជុំនោះថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្ដើយដោយទុកឱ្យបទល្មើសជួញដូរមនុស្សរីករាលដាលដោយគ្មានការបង្ក្រាបនោះទេ ហើយកន្លងមកមានបទល្មើសជាច្រើនត្រូវបានបង្ក្រាប និងមានជនសង្ស័យត្រូវបានចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់។ លោកថា ថ្វីដ្បិតតែមានការបង្ក្រាបបានច្រើនក្ដី ប៉ុន្តែមិនបានធ្វើឱ្យក្រុមជនល្មើសបញ្ឈប់សកម្មភាពប្រព្រឹត្តអំពើជួញដូរមនុស្សនោះទេ។ ផ្ទុយទៅវិញពួកគេរឹតតែខិតខំរកគ្រប់មធ្យោបាយថ្មីៗដើម្បីបង្វែងដានសមត្ថកិច្ច និងតែងរិះរកគ្រប់ភ័ស្ដុតាងដើម្បីដោះបន្ទុកពីការចោទប្រកាន់របស់តុលាការ។ លោកបានបញ្ជាក់ថា៖ «អំពើជួញដូរមនុស្ស ជួញដូរផ្លូវភេទ និងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មនៅតែកើតមានក្រោមរូបភាពថ្មីៗ និងស្មុគស្មាញ ដែលបង្កឱ្យមានការលំបាកទប់ស្កាត់ ហើយរបៀបនៃការប្រព្រឹត្តបទល្មើសមានការប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសពាក់ព័ន្ធក្នុងពិភពលោក និងបច្ចេកវិទ្យាកាន់តែទំនើប និងកាន់តែអាថ៌កំបាំងគួបផ្សំនឹងការគ្រប់គ្រងចិត្តសាស្ដ្រលើជនរងគ្រោះបានធ្វើឱ្យការស៊ើបអង្កេត និងបង្ក្រាបកាន់តែលំបាកឡើងដែលធ្វើឱ្យយើងប្រឈមថ្មីៗក្នុងការរៀបចំយុទ្ធសាស្ដ្រ និងយុទ្ធវិធី និងសកម្មភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព»។

ជាមួយគ្នានេះលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានលើកឡើងដែរថា ផែនការយុទ្ធសាស្ដ្រជាតិឆ្នាំ ២០១៩-២០២៣ នេះគឺមានគោលដៅកាត់បន្ថយឱ្យបាននូវទម្រង់អំពើជួញដូរមនុស្ស និងផ្លូវភេទថ្មីៗដែលទើបកើតមានឡើងដូចជា ការជួញដូរទារកតាមរយៈការពពោះជំនួស និងអំពើជួញដូរផ្លូវភេទ តាមបច្ចេកវិទ្យាដែលមានផ្សព្វផ្សាយរូបភាពអាសអាភាសតាមអនឡាញ រួមទាំងទម្រង់នៃការកើនឡើងវិញនូវសេវាកម្សាន្តសប្បាយដែលមានបង្កប់សេវាផ្លូវភេទ។ លោកស្រីថា៖ «កាលពីពេលមុន បទល្មើសជួញដូរមនុស្សបានកើតឡើងច្រើន ប៉ុន្តែអាជ្ញាធរបង្ក្រាបបានតិចតួចប៉ុណ្ណោះ ឬការបង្ក្រាបខ្លះទៀតមិនបានចំគោលដៅនោះទេ។ តែបច្ចុប្បន្ននេះថ្វីដ្បិតមានបទល្មើសជួញដូរមនុស្សនៅតែកើតឡើងច្រើន ប៉ុន្តែការបង្ក្រាបក៏បានច្រើនករណីដែរក្នុងនោះក៏មានករណីជនជាតិបរទេសជួញដូរជនជាតិបរទេសដូចគ្នាជាច្រើនករណីដែលត្រូវសមត្ថកិច្ចចាប់បញ្ជូនតាមយន្តហោះជាបន្តបន្ទាប់ទៅទទួលទោសនៅប្រទេសកំណើតវិញ»។

តាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរបានបង្ហាញថា ក្នុងមួយឆមាសទី ១ ឆ្នាំ ២០១៩ អាជ្ញាធរបង្ក្រាបបានករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ៧៨ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩៧ នាក់ និងសង្គ្រោះបានជនរងគ្រោះបាន ២៦៣ នាក់ ខណៈកាលពីឆមាសទី ១ ក្នុងឆ្នាំ ២០១៨ បង្ក្រាបបាន ៦២ ករណី ឃាត់ខ្លួនជនសង្ស័យបានតែ ៨៥ នាក់ និងសង្គ្រោះបានជនរងគ្រោះចំនួន ១០៦ នាក់។ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ដែរថា ផែនការយុទ្ធសាស្ដ្រឆ្នាំ ២០១៩-២០២៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះគឺមានបំណងធានាឱ្យមានប្រព័ន្ធ គាំពារសង្គមដើម្បីបង្ការទប់ស្កាត់ភាពរងគ្រោះឱ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពល និងការផ្ដន្ទាទោសយ៉ាងសុក្រឹតចំពោះបទឧក្រិដ្ឋនេះ។

លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ដ្រី និងកុមារនៃសមាគមអាដហុកបានទទួលស្គាល់ថា រយៈពេលចុងក្រោយនេះអាជ្ញាធររាជរដ្ឋាភិបាលពិតជាបានខិតខំបង្ក្រាបការជួញដូរមនុស្សបានច្រើនករណីមែន៕

website_news/2019251002.txt · Last modified: 2019/10/25 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki