website_news:2019251003

ជួញដូរមនុស្ស៖ សម្ដេច ស ខេង ថាមូលហេតុអាមេរិកឱ្យកម្ពុជាជាប់ថ្នាក់លេខ២ ដោយសារផ្ទៃក្នុងធ្វើការមិនយល់គ្នា

https://thmeythmey.com/ 24, Oct 2019 , 9:59 pm

ភ្នំពេញ៖ អាមេរិក បានដាក់ឱ្យកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី២ នៃរបាយការណ៍វាយតម្លៃពីការជួញដូរមនុស្សជាសកល។ ចំណាត់ថ្នាក់ទី២នេះ បង្ហាញថា កម្ពុជាស្ថិតនៅក្នុងរូបភាពអាក្រក់ នៃការជួញដូរមនុស្ស។ បើតាមសម្ដេច ស ខេង មូលហេតុដែលកម្ពុជាស្ថិតនៅចំណាត់មិនល្អនេះ ដោយសារបញ្ហាមន្ត្រីអនុវត្តការងារ មិនយល់ចិត្តគ្នា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាននិយាយថា ការអនុវត្តការងារ ដោយមិនយល់ចិត្តគ្នានេះ ទើបធ្វើឱ្យកម្ពុជា ស្ថិតនៅក្នុងការឃ្លាំមើល និងតាមដានពីសំណាក់អាមេរិក និងដៃគូពាក់ព័ន្ធ ជុំបញ្ហាជួញដូរមនុស្សនេះ។ មូលហេតុដែលសម្ដេច ស ខេង អះអាងបែបនេះ ដោយសារសម្ដេច បានទទួលព័ត៌មានថា មន្ត្រីកម្ពុជា មិនសូវបញ្ជូនរបាយការណ៍ការងារ ទៅអាមេរិក សម្រាប់ការវាយតម្លៃលើបញ្ហាជួញដូរមនុស្សនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៤ តុលានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស ដែលតែងតែវាយតម្លៃដាក់ពិន្ទុឱ្យបណ្ដាប្រទេសនានា នៅលើសាកលលោក មិនថាតែកម្ពុជានោះទេ បានផ្ដល់ចំណាត់ឱ្យកម្ពុជាស្ថិតលំដាប់លេខ២ ក្រោមការឃ្លាំមើល។ ខ្ញុំបានសួរដេញដោលពីបញ្ហានេះ ជាមួយមន្ត្រីធ្វើការងារនេះរបស់យើងដែរ ថាតើមូលហេតុអ្វី? ពីព្រោះយើងបានបង្ក្រាបក៏ច្រើន បើកសវនាការកាត់ទោសក៏ច្រើន បើប្រៀបធៀបពីមុន។ ប៉ុន្តែចំណាត់ថ្នាក់ វាធ្លាក់ចុះ។ ដល់ពេលសួរចុះឡើងទៅ មកពីអត់មានរបាយការណ៍»។

រាល់បញ្ហាជួញដូរមនុស្សនៅក្នុងពិភពលោក គឺស្ថិតនៅក្រោមការវាយតម្លៃរបស់អាមេរិក ក្នុងការផ្ដល់ចំណាត់ថ្នាក់ឱ្យបណ្ដាប្រទេសនីមួយៗ។ សម្រាប់ការវាយតម្លៃនោះ គឺសហរដ្ឋអាមេរិក បានបែងចែកជា៣ថ្នាក់ ដោយក្នុងនោះចំណាត់ថ្នាក់ទី១ សំដៅទៅលើប្រទេសដែលមានការជួញដូរមនុស្សច្រើនបំផុត ឬជនរងគ្រោះដោយសារការជួញដូរច្រើន។ ចំណាត់ថ្នាក់ទី២ សំដៅលើប្រទេសដែលមិនបង្ហាញភស្តុតាងនៃការខិតខំប្រឹងប្រែង ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្ស។ រីឯចំណាត់ថ្នាក់ទី៣ សំដៅទៅលើប្រទេសដែលមានការយកចិត្តទុកដាក់ទប់ស្កាត់បញ្ហាជួញដូរមនុស្ស តាមរយៈការបង្កើតគណៈកម្មការ សម្រាប់ចាត់វិធានការនានាលើបញ្ហានេះ។

ឆ្លើយតបនឹងកម្រិតថ្នាក់លេខ២ នៃការទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែឆន្ទៈ ក្នុងការបង្ក្រាប និងទប់ស្កាត់បញ្ហាជួញដូរមនុស្សនេះ ប៉ុន្តែមន្ត្រីអនុវត្តច្បាប់ បែរជាធ្វេសប្រហែសលើបញ្ហានេះទៅវិញ។ «អ៊ីចឹង មានន័យថា មិនមែនមកពីសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សវាធ្លាក់ចុះ ឬក៏ថារដ្ឋាភិបាលគ្មានឆន្ទៈ(ទប់ស្កាត់) ពិតប្រាកដនោះទេ ប៉ុន្តែដោយសារកិច្ចការងាររដ្ឋបាលរបស់យើង អត់បានសហការគ្នា។ វាមានចំណុចអត់សហការគ្នាល្អដែរ ដោយសារបានកាត់ទោស(ជនល្មើស) ប៉ុន្តែអត់មានព័ត៌មាន ដូច្នេះវាកើតមានបញ្ហា (ធ្វើឱ្យ) អ្នកមិនយល់ពីយើង គេថាយើងខ្សោយ…»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះ មានសមាសភាពមកពីខាងអង្គភាពពាក់ព័ន្ធចំនួន៦ ដោយក្នុងនោះសមាសភាពពីខាងក្រសួងយុត្តិធម៌ គឺជាប្រធាន និងខាងក្រសួងមហាផ្ទៃ រួមស្ថាប័នផ្សេងជាសមាជិក។ «ខ្ញុំសូមស្នើថា កុំមានបញ្ហានេះ ទៅថ្ងៃមុខ នៅឆ្នាំ២០២០តទៅទៀត។ នេះជាការបន្ថែមរបស់ប្រមុខក្រសួងមហាផ្ទៃ។ ក្រៅពីកម្ពុជា ក៏មានប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឡាវ ជាដើម ក៏ជាប់ចំណាត់ថ្នាក់ទី២ដែរ៕

website_news/2019251003.txt · Last modified: 2019/10/25 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki