website_news:2019251004

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ កម្ពុជាមិនផ្ញើរបាយការណ៍ ជួញដូរមនុស្សទៅអាមេរិកទើបគេឲ្យកម្ពុជាជាប់លេខ២

https://dap-news.com/ Posted on October 24, 2019

ភ្នំពេញ ៖ ក្រោយពីក្រសួងការបរទេសអាមេរិក បានវាយតម្លៃឲ្យកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ២ ក្នុងករណីជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបកស្រាយទៅវិញថា ដោយសារតែកម្ពុជា មិនបានផ្ញើរបាយការណ៍ ស្ដីពី ការជួញដូរមនុស្សទៅអាមេរិក ទើបគេវាយតម្លៃឲ្យកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ២បែបនេះ ខណៈកម្ពុជារឹតបន្ដឹងយ៉ាងខ្លាំង និងកាត់ទោសជាបន្តបន្ទាប់ ចំពោះអ្នកប្រព្រឹត្ត ក្នុងករណីជួញដូរមនុស្ស ។

យោងតាមរបាយការណ៍ ស្តីពីការជួញដូរមនុស្សឆ្នាំ២០១៨ របស់ក្រសួងការបរទេសអាមេរិក បានចេញផ្សាយថា កម្ពុជានៅតែបន្តរក្សាចំណាត់ទាបលេខ២ (Tier 2) ដដែលជាប់ៗគ្នា៣ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៦ ព្រោះកម្ពុជានៅតែមិនទាន់គោរព បានពេញលេញតាមបទដ្ឋាន ដើម្បីលុបបំបាត់ការជួញដូរមនុស្ស។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ២០១៩-២០២៣ ស្ដីពី ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា មិនមែនមកពីសកម្មភាព ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជាធ្លាក់ចុះនោះទេ ដោយសារតែកិច្ចការរដ្ឋបាល របស់ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត អត់បានសហការគ្នា ទើបអត់មានរបាយការណ៍ផ្ញើទៅអាមេរិក ហើយគេឲ្យកម្ពុជាជាប់លេខ២ ក្នុងការឃ្លាំមើល ។ សម្ដេចមានប្រសាសន៍ថា “សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស ដែលតែតែងធ្វើការវាយតម្លៃដាក់ពន្ទុ ឲ្យប្រទេសនានានៅលើសកលលោក បានផ្ដល់ចំណាក់ថ្នាក់ឲ្យកម្ពុជា ស្ថិតក្នុងលំដាប់ទី២ ក្រោមការឃ្លាំមើល” ។សម្ដេចបន្ដថា “ខ្ញុំបានសួរដេញដាលអំពីបញ្ហានេះ នៅមន្ដ្រីការងារនេះ តើមានមូលហេតុអ្វី? ពីព្រោះថា យើងបានបង្ក្រាបក៏បានច្រើន យើងបើកសេវនាការ កាត់ទោសក៏បានច្រើន បើបៀបធៀបពេលមុន។ ប៉ុន្ដែចំណាក់ថ្នាក់ធ្លាក់ចុះ ដល់សួរចុះសួរឡើងទៅថា មកពីអត់មានរបាយការណ៍ ដល់អត់មានរបាយការណ៍ អ្នកដែលធ្វើរបាយការណ៍ ដើម្បីកំណត់ចំណាក់ថ្នាក់នោះ អត់មានព័ត៌មាន ចឹងគេដាក់លេខ២ ក្រោមការឃ្លាំមើលទៅ” ។

ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២០ មានប្រសិទ្ធិភាព សម្ដេច ស ខេង ស្នើទៅភាគីពាក់ព័ន្ធយកចិត្តទុកដាក់សរសេររបាយការណ៍បញ្ជូនទៅអាមេរិក ធ្វើយ៉ាងណាកុំឲ្យមានបញ្ហានេះកើតមានឡើងទៀត ព្រោះរាជរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស ។

សូមរំលឹកថា ឆមាសទី១ ឆ្នាំ២០១៩ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ ចេញពីអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទចំនួន២៦៣នាក់ កើន១៥៧នាក់ ស្មើនឹង១៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ៕ ដោយ ៖ អេង ប៊ូឆេង

website_news/2019251004.txt · Last modified: 2019/10/25 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki