website_news:2019251006

កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត

https://www.facebook.com/deputygovernoryousophear/ 24-10-2019 លេខាធិការដ្ឋាន គខបជសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) បានរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពី “កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត” ដល់ថ្នាក់ដឹកនាំ និងមន្រ្តីដែលអញ្ជើញមកពីបណ្តាលមន្ទីរអង្គភាព ជាសមាជិកលេខាធិការដ្ឋាន ចំនួន១៣នាក់ ស្រី០៧នាក់ នៅរដ្ឋបាលសាលាខេត្តសៀមរាប។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពី អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ អ៊ីនធឺណិត បណ្តាញរាយការណ៍ពិសេស និងដំណើរការនៃការរាយការណ៍ ក្នុងចំណោមមន្ត្រីសមាជិកសមាជិកានៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដើម្បីជំរុញឲ្យមានការរាយការណ៍អំពីសម្ភាររំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងការចូលរួមផ្សព្វផ្សាយព័ត៌មានបន្តទៅកាន់សហគមន៍នានា។ ដោយមានការកើនឡើងនៃកំណើនប្រជាជនទូទាំងសាកលលោក ហើយកំណើននៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក៏បានកើនឡើងផងដែរទៅតាមសាកលភាវូនីយកម្ម។

តួយ៉ាងដូចជាប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋតែជាង១៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែទិន្នន័យនៃអ្នកប្រើប្រាស់អ៊ីនធឺណិតមានទៅដល់ជាង១៣លាននាក់ ហើយក្នុងនោះក៏មានអ្នកដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនេះ សម្រាប់ជាមធ្យោបាយក្នុងការកេងប្រវ័ញ្ចផ្សេងៗ ឬការរំលោភបំពានផ្លូវភេទជាដើម ពិសេសកុមារ។ ទាំងនេះហើយដែលជាបញ្ហាដែលរាជរដ្ឋាភិបាល និងអង្គការដៃគូជាតិ អន្តរជាតិ បាននឹងកំពុងយកចិត្តទុកដាក់ការទប់ស្កាត់អំពើកេងប្រវ័ញ្ចនានា និងធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាទៅប្រជាជន ពិសេសយុវជន ដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើបញ្ហាមួយចំនួនអំពីការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ យន្តការនៃការរាយការណ៍ និងការជួយដល់ជនរងគ្រោះ ក្នុងការក្របខ័ណ្ឌច្បាប់។

website_news/2019251006.txt · Last modified: 2019/10/25 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki