website_news:2019251007

កម្ពុជា ស្នើអាមេរិក ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពីរឿងបញ្ជូនពលរដ្ឋខ្មែរ-អាមេរិចកាំងមានទោសមកកម្ពុជាវិញ ដោយផ្តោតលើគោលការណ៍មនុស្សធម៌

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 25 October 2019 | 08:58 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ពីម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើវិសោធនកម្មកិច្ចព្រមព្រៀង (MoU) ជុំវិញការចាប់បញ្ជូនពលរដ្ឋខ្មែរ-អាមេរិកាំងមានទោសមកកម្ពុជាវិញ ដោយសារវិធានការនេះធ្វើឱ្យពួកគេមិនសប្បាយចិត្តអាចធ្វើអត្តឃាត បើពួកគេមិនបានរស់នៅជួបជុំគ្រួសារ។ សំណើនេះឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំកម្ពុជាអះអាងថា នឹងលើកទៅពិចារណា។

សំណើនេះធ្វើឡើងក្នុងអំឡុងពេលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំកម្ពុជាមុនពេលលោកជួបជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជានៅទីស្តីការក្រសួងការបរទេស ដើម្បីសម្ដែងការគួរសមមុនពេលចូលកាន់តំណែងពេញសិទ្ធិរបស់ខ្លួននៅកម្ពុជា។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ប្រាក់ សុខុន បានលើកឡើងពីបញ្ហាមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរមួយចំនួនដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យមានវិសោធនកម្មចំពោះ MoU ជាលក្ខណៈយោគយល់គ្នាដែលបានធ្វើឡើងកន្លងមក ដើម្បីឲ្យពលរដ្ឋខ្មែរ-អាមេរិកកាំង អាចមានឱកាសរស់នៅជួបជុំបងប្អូន សាច់ញាតិ និងគ្រួសារពួកគេឡើងវិញដោយផ្ដោតទៅលើគោលការណ៍មនុស្សធម៌។ លោកបន្ថែមថា ប្រសិនបើអាមេរិកបញ្ជូនពួកគេទាំងដែលពួកគេមិនមានសាច់ញាតិនៅកម្ពុជាអាចធ្វើឲ្យពួកគេខ្លះមិនសប្បាយចិត្ត និងឈានទៅធ្វើអត្តឃាត។ ដូច្នេះសហរដ្ឋអាមេរិកជួយកែប្រែចំណុចខ្លះក្នុង MoU ក្នុងន័យលើកស្ទួយមនុស្សធម៌។ លោក កុយ គួង បញ្ជាក់ថា៖ «កម្ពុជាយើងបានស្នើឲ្យមានវិសោធនកម្មទៅលើ MoU ដែលយើងបានធ្វើកន្លងមក យើងស្នើទៅសហរដ្ឋអាមេរិក យើងផ្ដោតទៅលើគោលការណ៍មនុស្សធម៌ យើងចង់ធ្វើយ៉ាងណា គឺអ្នកដែលអាមេរិកបញ្ជូនមកអាចឲ្យពួកគាត់មានឱកាសបានជួបបងប្អូន សាច់ញាតិ កូនចៅគាត់។ ទោះបីជានៅអាមេរិកក៏ដោយ នៅប្រទេសកម្ពុជាក៏ដោយ គឺត្រូវឲ្យពួកគាត់រស់នៅជួបជុំគ្នា»។ លោក កុយ គួង បានដកស្រង់សម្ដីលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងលើកយកសំណើនេះទៅពិភាក្សាគ្នាជាមួយមន្ត្រីពាក់ព័ន្ធទើបអាចបញ្ជាក់ប្រាប់មករដ្ឋាភិបាលកម្ពុជាវិញនាពេលក្រោយទៀត។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) គាំទ្រឲ្យមានការកែប្រែនូវចំណុចមួយចំនួនដែលលោក ប្រាក់ សុខុន បានលើកឡើងនេះ ព្រោះសហរដ្ឋអាមេរិកគឺជាប្រទេសគោរពសិទ្ធិមនុស្ស។ដូច្នេះគួរពិចារណានូវចំណុចដែលធ្វើឲ្យប្រសើរឡើងសិទ្ធិមនុស្សជាក់ស្ដែងដូចជាជនជាតិខ្មែរនេះ។លោកថ្លែងថា៖ «កន្លងមកគឺធ្លាប់មានបញ្ហាកើតឡើងមែន ព្រោះអ្នកខ្លះកើតនៅសហរដ្ឋអាមេរិក គាត់មានឪពុកម្ដាយនៅហ្នឹងដែរ។ តែពេលគាត់មានទោសត្រូវបញ្ជូនគាត់មកស្រុកខ្មែរវិញ គឺអ្នកខ្លះមានសាច់ញាតិចាំទទួល រីឯអ្នកខ្លះគ្មានសាច់ញាតិចាំទទួលទេ។ អ៊ីចឹងអ្នកដែលគ្មានសាច់ញាតិនៅខ្មែរនៅចាំទទួលនេះហើយដែលជាបញ្ហាសម្រាប់ពួកគាត់ ហើយខ្ញុំសង្ឃឹមថា អាមេរិកនឹងពិចារណាលើបញ្ហានេះ»។

តាមរបាយការណ៍របស់អង្គការធ្វើការផ្នែកច្បាប់ និងសិទ្ធិមនុស្សឈ្មោះថា Asian Americans Advancing Justice (AAJC) ឲ្យដឹងកន្លងមកនេះថា កាលពីខែកក្កដា ពលរដ្ឋខ្មែរ-អាមេរិចកាំង ៣៧ នាក់ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយចាកចេញពីទីក្រុងដាឡាស រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ គិតចាប់ពីឆ្នាំ ២០០២ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិករួចមក ពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណ ៨០០ នាក់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញហើយ រហូតមកដល់ឆ្នាំ ២០១៩ នេះ។

នាយកដ្ឋានអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកបានបញ្ជាក់នាពេលនោះថា ការបណ្ដេញចេញពលរដ្ឋកម្ពុជាបានកើនឡើង ២៧៩ ភាគរយនៅឆ្នាំ ២០១៨ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ ប៉ុន្តែមិនបានបញ្ជាក់អំពីតួលេខប៉ុន្មានភាគរយក្នុងឆ្នាំ ២០១៧ នោះទេ។ នាយកដ្ឋានដដែលក៏បានបញ្ជាក់ថា មានពលរដ្ឋខ្មែរប្រមាណ ១ ៩០០ នាក់ដែលមានដីកាបណ្ដេញចេញហើយកំពុងរស់នៅសហរដ្ឋអាមេរិក។ ក្នុងចំនួននេះមានចំនួន ១ ៤០០ នាក់គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសរួចហើយ។

ក្រោយពីបញ្ចប់ជំនួបជាមួយលោក W.Patrick Murphy រួចមកនៅថ្ងៃដដែលនោះលោក ប្រាក់ សុខុន ក៏បានជួបជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជាផងដែរ ដើម្បីសម្ដែងការគួរសម។

ក្រោយជំនួបនោះលោក កុយ គួង ថ្លែងថា លោក Christian Berger បានបង្ហាញឆន្ទៈមុតមាំ ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់មានលក្ខណៈកាន់តែស៊ីជម្រៅ និងរីកចម្រើនឡើងថែមទៀត។ លោកថាលោកឯកអគ្គរដ្ឋទូតថែមទាំងបង្ហាញឆន្ទៈចង់ឃើញសហគមន៍អឺរ៉ុបរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា ដើម្បីប្រយោជន៍រវាងកម្ពុជា និងប្រយោជន៍អឺរ៉ុបបន្តទៀត។ លោក កុយ គួង បានបញ្ជាក់ថា៖ «លោកឯកអគ្គរដ្ឋទូត និងឧបនាយករដ្ឋមន្ត្រី (ប្រាក់ សុខុន) បានលើកឡើងពីបញ្ហា EBA ដែលកម្ពុជា និងអាល្លឺម៉ង់យល់ថា គឺជារឿងសំខាន់រវាងកម្ពុជា និងសហភាពអឺរ៉ុបក៏ដូចជាប្រទេសនីមួយៗនៅក្នុងអឺរ៉ុប។ ភាគីទាំង ២ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សាបញ្ហានេះថា យើងជំរុញ EBA ឲ្យមានលក្ខណៈទៅមុខ ធ្វើយ៉ាងណាឲ្យមានលក្ខណៈជាវិជ្ជមានជាមួយសហភាពអឺរ៉ុបក៏ដូចជាប្រទេសយើងផងដែរ ហើយយើងក៏មិនបាននិយាយដល់រឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអ្វីទេ»៕

website_news/2019251007.txt · Last modified: 2019/10/25 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki