website_news:2019251101

សម្ដេចតេជោ៖ វត្តមានខ្ញុំនៅកូរ៉េ នឹងជួយឲ្យលក្ខខណ្ឌការងារកូនក្មួយពលករខ្មែរកាន់តែល្អប្រសើរឡើង

https://dap-news.com/national/ ByKD102 Posted on November 23, 2019

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈវត្តមានសម្ដេច អញ្ជើទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅកូរ៉េ ៤ថ្ងៃនេះ នឹងជួយឲ្យលក្ខខណ្ឌការ របស់បងប្អូនពលករខ្មែរ កាន់តែល្អប្រសើរឡើង ។

ខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ វិច្ឆិកានេះថា ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗ រួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៌នៅខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិ ដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។

នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយអោយលក្ខ័ណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ៕

website_news/2019251101.txt · Last modified: 2019/11/25 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki