website_news:2019251102

ធ្ងន់ករហើយ! លក់ក្មួយឱ្យជនជាតិចិន ពេលនេះត្រូវសមត្ថកិច្ចឃុំខ្លួន

http://kampucheathmey.com/ 23/11/2019 1:40 Pm

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រី២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីបញ្ជូនកូនក្រមុំអ្នកស្រុកទៅប្រទេសចិន។ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងបានបញ្ជាក់ឲ្យដឹងថា ព្រះរាជអាជ្ញាអមតុលាការបានសម្រេចចោទប្រកាន់ស្ត្រីទាំង២នាក់ ពីបទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនជាប់ចោទ តុលាការឃុំខ្លួនម្នាក់ ឈ្មោះ លឹម វ៉ាន្នី អាយុ៦៣ឆ្នាំ មានអាសយដ្ឋានផ្ទះជួលដូរលុយយីហោ(អាស៊ីវេលុយ)លេខ៣៧០ មហាវិថីម៉ៅសេទុង មុខផ្សារដើមគ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម្នាក់ទៀត ឈ្មោះ តុច សុផល អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា ស្ត្រីឈ្មោះ លឹម វ៉ាន្នី ដែលសមត្ថកិច្ចចាប់សែងចេញពីក្នុងអង្រឹង នាំយកទៅសាកសួររឿងបាត់នាងក្រមុំម្នាក់ នៅតែបដិសេធមិនទទួលស្គាល់ការចោទប្រកាន់នោះទេ។ ចំណែកស្ត្រី ឈ្មោះ តុច សុផល ដែលជាម្តាយមីងនាងក្រមុំបាត់ខ្លួន ដំបូងគាត់ជាអ្នកបំភ្លឺជូនសមត្ថកិច្ចរឿងបាត់ក្មួយស្រីគាត់ទេ ប៉ុន្តែការបំភ្លឺនោះបានត្រូវវន្តកធ្លាក់មកខ្លួនឯងវិញ ដោយសមត្ថកិច្ចរកឃើញថា គាត់ជាអ្នកនាំក្មួយស្រីមកប្រគល់ឲ្យស្ត្រីឈ្មោះ លឹម វ៉ាន្នី ដូច្នេះម្តាយមីង តូច សុផល នេះ ក៏ពាក់ព័ន្ធករណីជួញដូរមនុស្សនាំចេញឆ្លងដែនដោយខុសច្បាប់ដែរ ទើបត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង ហើយក្រោយពីសាកសួរចប់ ព្រះរាជអាជ្ញាបានចោទប្រកាន់ជាផ្លូវការ និងចៅក្រមបានសម្រេចឃុំខ្លួននាពេលនេះ។

សូមរំលឹកថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចាប់សែងស្ត្រីម្នាក់ឈ្មោះ លឹម វ៉ាន្នី ចេញពីក្នុងអង្រឹងលើកដាក់ចូលរថយន្ត បន្ទាប់ពីហៅសាកសួររឿងបាត់នាងក្រមុំម្នាក់នោះ ដែលមិនព្រមសហការជាមួយសមត្ថកិច្ច ។ ប្រភពព័ត៌មានបន្តថា មុនដំបូង កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌទួលគោក បានទៅអញ្ជើញស្ត្រីវ័យចំណាស់នោះទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ តែគាត់មិនព្រមទៅ ថែមទាំងប្រកែកថា មិនបានដឹង មិនបានឮរឿងនោះទេ តែដោយសារមិនព្រមទៅសហការ សមត្ថកិច្ចក៏សុំគោលការណ៍ពីខាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាំខ្លួនតែម្តង។ ខណៈឃើញស្ត្រីរូបនេះមានបំណងព្យាយាមគេចផង កម្លាំងកងរាជអាវុធហត្ថ ក៏ចាប់សែងចេញពីក្នុងអង្រឹងលើកដាក់ក្នុងរថយន្ត និងដឹកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទៅ។ ចំណែកស្ត្រីឈ្មោះ តូច សុផល ដំបូងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ក្មួយស្រីគាត់ ឈ្មោះ ចាន់ ស្រីណយ អាយុ១៨ឆ្នាំ បានបាត់ខ្លួន មិនដឹងទៅណា បន្ទាប់ពីមកធ្វើការជាអ្នកលក់បាយ និងស្នាក់នៅផ្ទះខាងលើ។

ស្ត្រីជាម្តាយមីងបន្តថា តាមរយៈអ្នកស្គាល់គ្នា គាត់បានយកកូនស្រី២នាក់ និងក្មួយស្រីម្នាក់ឲ្យមកធ្វើការជាមួយឈ្មោះ លឹម វ៉ាន្នី។ លុះក្រោយមក គាត់បានយកកូនទៅរៀនវិញ នៅសល់តែក្មួយធ្វើការជាអ្នកលក់បាយ រយៈពេលជាង១ខែមកនេះ។ ស្រាប់តែថ្មីៗនេះ ឃើញហ្វេសប៊ុកកូនស្រីរបស់ឈ្មោះ លឹម វ៉ាន្នី បង្ហោះរូបថតក្មួយស្រីគាត់ជាមួយជនជាតិចិន ក៏មានការសង្ស័យថា ក្មួយគាត់(ចាន់ ស្រីណយ) ត្រូវបានគេនាំយកទៅលក់ឲ្យជនជាតិចិន ហើយគាត់បានទាក់ទងតាមទូរស័ព្ទដែរ តែក្មួយស្រីមិនលើក។ ដោយសារមានរឿងដូច្នេះហើយ គាត់ក៏បានធ្វើដំណើរមកភ្នំពេញសួរនាំ ឈ្មោះ លឹម វ៉ាន្នី តែគេមិនឆ្លើយ និងមិននិយាយ ថែមទាំងជេរប្រមាថទៀត ទើបគាត់ជាម្ដាយមីងបានទៅប្តឹងសមត្ថកិច្ចតែម្ដង ទីបំផុតខ្លួនអ្នកប្ដឹងក៏ត្រូវវន្តកដែរ។ ទោះបីជាយ៉ាងណា តាមចម្លើយសារភាពរបស់ឈ្មោះ លឹម វ៉ាន្នី នាងក្រមុំដែលបាត់ខ្លួននោះ ត្រូវបានគេបញ្ជូនទៅប្រទេសចិនបាត់ទៅហើយ៕

website_news/2019251102.txt · Last modified: 2019/11/25 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki