website_news:2019251103

ក្រសួងការងារ ដាក់កំហិតឲ្យម្ចាស់សហគ្រាសគ្រឹះស្ថានប្រញាប់ដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ឆ្នាំ២០២០ ឲ្យបានមុនដំណាច់ឆ្នាំនេះ

http://kampucheathmey.com/ 23/11/2019 10:40 Am

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់កំហិតឲ្យម្ចាស់សហគ្រាសគ្រឹះស្ថានទាំងឡាយណាដែលស្ថិតនៅក្នុងដែនអនុវត្ត នៃច្បាប់ ស្ដីពីការងារត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២០ ឲ្យមុនដំណាច់ឆ្នាំ២០១៩នេះ ដើម្បីឲ្យពួកគេទទួលបានសិទ្ធិធ្វើការងារដោយស្របច្បាប់នៅប្រទេសកម្ពុជា។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំឲ្យម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវប្រញាប់ដាក់ពាក្យស្នើសុំអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា)តាមរយៈគេហទំព័រwww.fwcms. mlvt. gov.kh ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះជាកំហិតដើម្បីជៀសវាងនូវការផាកពិន័យតាមច្បាប់ជាធរមាន។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ជាក់ស្ដែងក្រសួងសង្កេតឃើញថា ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានមួយចំនួននៅមានភាពយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២០។ ចំពោះស្ថានភាពបែបនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានថាក្រសួងបានពន្យារពេលសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់ហត្ថកម្មបរទេស(កូតា) សម្រាប់ឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ២០១៩»។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះការខកខានមិនបានស្នើសុំការអនុញ្ញាត និងប្រើប្រាស់ហត្ថពលកម្មបរទេសដោយខុសច្បាប់ ក្រសួងនឹងចាត់វិធានការផាកពិន័យតាមទោសប្បញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ នឹងចូលរួមអនុវត្តទាំតាមសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក មឿង តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សធ្លាប់បានមានប្រសាសន៍ថា ការតម្រូវសហគ្រាសគ្រឹះស្ថានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសនេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការពារជនបរទេសទាំងនោះដែលធ្វើការនៅប្រទេសកម្ពុជាពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ពិសេសអាចបង្កើនប្រាក់ចំណូលចូលថវិកាជាតិបានមួយកម្រិតផងដែរ។ គួរបញ្ជាក់ថា ឆ្នាំ២០១៨ កន្លងទៅនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់ប័ណ្ណ និងសៀវភៅការងារដល់ជនបរទេសដែលកំពុងធ្វើការ និងប្រកបមុខរបររកស៊ីនៅស្រុកខ្មែរបានចំនួនជាង១៣ម៉ឺន៥ពាន់នាក់៕ អត្ថបទ ៖ សំអឿន

website_news/2019251103.txt · Last modified: 2019/11/25 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki