website_news:2019251104

ចោទប្រកាន់ស្ត្រី២នាក់ពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន

https://news.kohsantepheapdaily.com.kh/ By sreyna November 23, 2019

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នារសៀលថ្ងៃទី២២ វិច្ឆិកា នេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ស្ត្រី២នាក់ ពាក់ព័ន្ធធ្វើឲ្យបាត់នាងក្រមុំម្នាក់ពីបទ «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» ។ បទល្មើសនេះ បើយោងតាមបញ្ញាត្តិមាត្រា១១ច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារកំណត់ពី៧ ទៅ១៥ឆ្នាំ និងមានពិន័យជាប្រាក់ចូលថវិការដ្ឋទៀតផង ។ ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះ ត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនស្ត្រីដែលជាជនសង្ស័យទាំងនាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ស្ត្រីម្នាក់ឈ្មោះ លឹម វ៉ាន្នី អាយុ៦៣ មានអាស័យដ្ឋានផ្ទះជួលដូរលុយយីហោ(អាស៊ីវេលុយ)លេខ៣៧០ មហាវិថីម៉ៅសេទុង មុខផ្សារដើមគ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងស្ត្រីម្នាក់ឈ្មោះ តុច សុផល អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយជនសង្ស័យទាំង២នាក់ បានធ្វើឲ្យបាត់នាងក្រមុំដែលសាច់ញាតិសង្ស័យថា អាចពួកគេរួមគំនិតគ្នាជួញដូរឆ្លងនាំដែនចេញទៅប្រទេសចិន ។

ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន កាលពីថ្ងៃ១៨ វិច្ឆិកា និងបានបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ សំណុំរឿងនេះ ដំបូងឡើយស្ត្រីឈ្មោះ តុច សុផល ដែលជាម្តាយមីងនាងក្រមុំបាត់ខ្លួន បានបំភ្លឺជូនសមត្តកិច្ចរឿងបាត់ក្មួយស្រីគាត់ ប៉ុន្តែការបំភ្លឺនោះបានត្រូវវ័ណ្ឌកធ្លាក់មកខ្លួនឯងវិញ គឺគាត់ជាអ្នកនាំក្មួយមកប្រគល់ឲ្យស្ត្រីឈ្មោះ លឹម វ៉ាន្នី ដូច្នេះ ការស៊ើបអង្កេតបឋមត្រូវបានរកឃើញថា ជនសង្ស័យទាំង២នាក់ ពិតជាជាប់ពាក់ព័ន្ធពីបទ.ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនពិតប្រាដដមែន ទើបបានតំណាងអយ្យការធ្វើការចោទប្រកាន់លើបទល្មើសនេះ ៕

website_news/2019251104.txt · Last modified: 2019/11/25 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki