website_news:2019251109

រថយន្តដឹកពលករខ្មែរ បុកនឹងរថយន្តអ្នកដំណើរ របួសធ្ងន់ស្រាល១៥នាក់ ក្នុងនោះកុមារ៣នាក់

http://kampucheathmey.com/ 25/11/2019 9:13 Am

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅប្រទេសថៃ រវាងរថយន្តដឹកពលករទៅធ្វើការបេះផ្លែមៀន បុកជាមួយរថយន្តអ្នកធ្វើដំណើរ បណ្ដាលឲ្យមានពលករខ្មែររងរបួសចំនួន១៥នាក់ ក្នុងនោះមានកុមាររងរបួសចំនួន៣នាក់ផងដែរ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវជាតិវ៉ាងណាមយ៉េន ត្រង់ផ្លូវបំបែកសួនប៉ា ក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ។

បើតាមការអះអាងរបស់តម្រួតនៅស្រុកថៃបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តដឹកពលករខ្មែរធ្វើការបេះផ្លែមៀន១ក្រុម លុះបើកទៅដល់ចំណុចកើតហេតុនោះ ស្រាប់តែបើកទៅបុកនឹងរថយន្តអ្នកធ្វើដំណើរ បណ្ដាលឲ្យមានពលករខ្មែរជិះក្នុងរថយន្តរងរបួសរដូករណែលពេញថ្នល់ជាតិ ហើយសមត្ថកិច្ចបានរាប់មនុស្សឃើញចំនួនរបួសធ្ងន់/ស្រាលមាន១៥នាក់ ក្នុងនោះ ក៏មានកុមាររងរបួស៣នាក់ផងដែរ។ ក្នុងហេតុការណ៍ខាងលើនោះដែរ តម្រួតថៃបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុហើយជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានជួយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្ត សមត្ថកិច្ចថៃអូសយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕

website_news/2019251109.txt · Last modified: 2019/11/25 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki