website_news:2019251110

CPU ព្រមានចាត់វិធានការ ចំពោះអ្នកប្រព្រឹត្តល្មើសលើកុមារតាមអ៊ីនធឺណិត

https://www.postkhmer.com/ រី សុចាន់ | Publication date 25 November 2019 | 13:28 ICT

ភ្នំពេញៈ អង្គភាពការពារកុមារ (Child Protection Unit) ហៅថា CPU បានព្រមានដល់ជនដែលប៉ុនប៉ងប្រព្រឹត្តបទលើ្មសទៅលើកុមារតាមអ៊ីនធឺណិតដោយអះអាងថា ការប្រឆាំងបទល្មើសនេះនឹងចាប់ផ្តើមអនុវត្តភ្លាមៗស្របពេលដែលក្រុមប្រតិបត្តិការនេះទើបត្រូវបានបង្កើតថ្មីៗនេះ។ លោក James McCabe នាយកប្រតិបត្តិការអង្គភាពការពារកុមារបានសរសេរក្នុងទំព័រហ្វេសប៊ុក CPU កាលពីថ្ងៃសៅរ៍ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា CPU បានបង្កើតក្រុមប្រឆាំងបទល្មើសទៅលើកុមារតាមបណ្តាញអ៊ីនធឺណិតហៅកាត់ថា ICAC។ លោក James បានសរសេរថា៖ «ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអនុញ្ញាតជាផ្លូវការក្នុងការបង្កើតឡើងក្រុម ICAC កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩។ ប្រតិបត្តិការរបស់ក្រុមនេះនឹងចាប់ផ្តើមដំណើរការភ្លាមៗ»។ លោក James ថា៖ «យើងនៅកំពុងតែអភិវឌ្ឍ ICAC នៅឡើយ ដើម្បីស្វែងរកនីតិវិធីប្រសើរបំផុតក្នុងការប្រមូលភ័ស្តុតាង ប៉ុន្តែយើងមានភាពរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនេះ»។ នៅក្នុង សំណេរនោះលោក James បានសរសើរដល់រដ្ឋាភិបាល និងនគរបាលជាតិកម្ពុជាចំពោះការប្តេជ្ញាចិត្តប្រឆាំងទប់ស្កាត់គ្រប់បទលើ្មសលើកុមារនៅកម្ពុជា។ លោកបន្តថា បទល្មើសទៅលើកុមារតាមអ៊ីនធឺណិតគឺជាបញ្ហាដែលមាននៅជុំវិញពិភពលោក ឯប្រទេសកម្ពុជាកំពុងតែប្រឹងប្រែងដើម្បីទប់ស្កាត់បទល្មើសទាំងនេះ។

លោក James បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា រឿងទោសទណ្ឌ វាអាស្រ័យលើការប្រព្រឹត្ត។ ឧទាហរណ៍ ប្រសិនបើជនល្មើសបានលួងលោមរួមភេទជាមួយអនីតិជន ជននោះនឹងចោទពីបទរួមភេទជាមួយអនីតិជនដែលមានទោសទណ្ឌធ្ងន់ធ្ងរ។ ក្រៅពីនេះមានបទល្មើសផ្សេងទៀតទាក់ទងនឹងរូបអាសអាភាស។ លោកថា៖ «រហូតមកទល់ពេលនេះ យើងបានចាប់ខ្លួនជនល្មើសមា្នក់ដែលបានលួងលោមក្មេងស្រីអាយុ ១២ ឆ្នាំតាមអ៊ីនធឺណិត ហើយបន្ទាប់មកបានរួមភេទជាមួយក្មេងស្រីនោះ»។ លោកបន្តថា នៅដើមឆ្នាំនេះ ក៏មានមនុស្ស ៩ នាក់នៅសៀមរាបបានចែករូបអាសអាភាសកុមារតាមអ៊ីនធឺណិតផងដែរ។ លោក James ថ្លែងថា វាជាកិត្តិយសចំពោះរដ្ឋាភិបាល និងនគរបាលជាតិកម្ពុជាដែលបានមើលឃើញបញ្ហាជាមុន ហើយបានត្រៀមលក្ខណៈប្រយុទ្ធ និងដោះស្រាយបញ្ហាដែលកើតមានឡើងជាសកលនេះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា អ្វីដែលក្រសួងត្រូវធ្វើនោះគឺអាចត្រួតពិនិត្យការឆ្លើយឆ្លងតាមប្រព័ន្ធបច្ចេកវិទ្យាបាន ប៉ុន្តែសំខាន់ត្រូវការកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ។ លោកស្រីបញ្ជាក់ថា៖ «រឿងសំខាន់គឺទំនាក់ទំនងតាមប្រព័ន្ធអនឡាញហ្នឹងដែលក្មេងៗនៅស្រុកខ្មែរយើងហ្នឹងភាគច្រើនគាត់ប្រើអនឡាញ ហើយជនដែលឆ្លៀតឱកាសទាក់ទងតាមហ្នឹង។ មិនមែនតែក្មេងៗទេ សូម្បីតែមនុស្សមានវ័យធំ វ័យចំណាស់ក៏គាត់ប្រើអាហ្នឹង។ ពេលខ្លះដោយសារតែគាត់បានឃើញ បានដឹងរឿងតាមប្រព័ន្ធអនឡាញហ្នឹង គាត់យកទៅអនុវត្តជាមួយក្មេងៗ…»។ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ករណីបែបនេះក្រសួងមហាផ្ទៃមានតែត្រួតពិនិត្យពីព្រោះប្រសិនបើបិទប្រព័ន្ធទំនាក់ទំនងតាមបច្ចេកវិទ្យា ឬមួយ online គឺមិនអាចធ្វើទៅបានទេ ដោយសារក្រសួងមិនមែនជាម្ចាស់ server។ គេអាចបិទបានដោយអន្លើ ប៉ុន្តែមិនអាចបិទបានទាំងស្រុងនោះទេពីព្រោះអ្នកដែលចេះប្រើប្រាស់បច្ចេកវិទ្យា សូម្បីតែជនល្មើសក៏មានបច្ចេកទេសខ្ពស់ដែរ ។ លោកស្រីថា៖ «អ៊ីចឹងវាត្រូវតែរត់ប្រដេញអ៊ីចឹង។ បានន័យថា បទល្មើសកើតឡើងគឺយើងតាមស្រាវជ្រាវរកអ៊ីចឹងទៅ»៕

website_news/2019251110.txt · Last modified: 2019/11/25 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki