website_news:2019260203

កិច្ចប្រជុំពិភាក្សា សំណេះសំណាលសួរសុខទុក្ខ និងណែនាំតម្រង់ទិសដល់បងប្អូនពលករផ្នែកកសិកម្ម នៅតំបន់ Miryang ប្រមាណជិត ២០០នាក់

https://www.facebook.com/RoyalEmbassyinSeoul/ 26-02-2019

ក្រោយទទួលបានសំណូមពរពីសមាគមនិយោជកនៃតំបន់ Miryang មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងChangwon និង Miryang បានសហការជាមួយសមាគមនិយោជកតំបន់ Miryang និងស្ថានទូតកម្ពុជា រៀបចំកិច្ចពិភាក្សា សំណេះសំណាល និងណែនាំតម្រង់ទិសដល់បងប្អូនពលករផ្នែកកសិកម្ម នៅតំបន់ Miryang ប្រមាណជិត ២០០នាក់ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលធំនៃសាលាក្រុង Miryang ។ មុនឈានចូលដល់កម្មវិធីសំណេះសំណាល ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានជួបពិភាក្សា ជាមួយនឹងតំណាងនិយោជកមកពីគ្រប់ឃុំ នៃតំបន់ Miryang ដើម្បីស្ដាប់របាយការណ៍ បញ្ហា កង្វល់ និងសំណូមពរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាដែលកើតមានកន្លងមកជាមួយនឹងពលករកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានទទួលយករាល់សំណូមពរ និងកង្វល់ទាំងអស់របស់ក្រុមនិយោជក ដើម្បីយកមកអប់រំផ្សព្វផ្សាយដល់បងប្អូនពលករខ្មែរទាំងអស់ដែលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យមានការយោគយល់ពីរបៀបរបប និងវិន័យក្នុងការរស់នៅប្រទេសកូរ៉េ និយាយជារួម និងនិយាយដោយឡែករស់នៅធ្វើការជាមួយនឹងនិយោជក។ បន្ថែមពីលើនេះក្នុងកិច្ចសំណេះសំណាល ឯកឧត្តម ឡុង ឌីម៉ង់ ក៏បានរៀបរាប់ពីការយកចិត្តទុក្ខដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករខ្មែរទាំងអស់ ទោះទៅដល់ទីណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានៅតែនឹងរលឹក យកចិត្តទុកដាក់ និងជួយគាំពារ តាមគ្រប់មធ្យោបាយអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយក៏បានអប់រំផ្សព្វផ្សាយដល់បងប្អូនពលករ នូវរបៀបរបប វិន័យ និងឥរិយាបថនៃការរស់នៅឱ្យបានល្អប្រសើរ រក្សាតម្លៃជាពលករខ្មែរនៅសាធារណៈរដ្ឋកូរ៉េ ជាមួយនឹងនិយោជក៕

website_news/2019260203.txt · Last modified: 2019/02/26 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki