website_news:2019260304

ពលករខ្មែរនៅទីក្រុងបាងកកតាមដានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថៃ

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2019-03-25

ពលករខ្មែរធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ តាមដានយ៉ាងចិត្តទុកដាក់លើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងគិតពីឆ្នាំ២០១៤ មកក្រោយពីរបបយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៤ មីនា។ ពួកគេរំពឹងថា គណបក្សដែលជាប់ឆ្នោតថ្មីនឹងជួយសម្រួលដល់ពលករ នឹងអាចជួយឲ្យជីវិតរស់នៅរបស់ពួកគេមានសិទ្ធិសេរីភាពបានប្រសើរជាងពេលបច្ចុប្បន្ន។ លទ្ធផលឆ្នោតបឋមក្រោយពេលបិទបញ្ចប់នៃការបោះឆ្នោតនៅរសៀលថ្ងៃអាទិត្យ ទី២៤ មីនា បង្ហាញថាគណបក្ស ភឿថៃ (Pheu Thai) របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នាំមុខ ទទួលបាន ១៧៣អាសនៈ នៃអាសនៈសរុបចំនួន ៥០០អាសនៈនៅសភា។ គណបក្ស ផះឡាំងប្រះឆារ៉ាត់ (Palang Pracharak) របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-O-Cha) ទទួលបានអាសនៈ៩៦ គណបក្សប្រជាធិបតេយ្យ (Prachathipat)) របស់លោក អភិសិទ្ធ វេទឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន ៨៨អាសនៈ និងគណបក្សអនាគតថ្មី និងគណបក្សចំនួន៧ ផ្សេងទៀត ទទួលបានអាសនៈចាប់ពី ១ ទៅ ៤០អាសនៈ។ ទោះបីជាគណបក្ស ភឿថៃ (Pheu Thai) ទទួលបានអាសនៈច្រើនជាងគេក៏ដោយក៏មិនអាចបង្កើតរដ្ឋាភិបាលបានដែរ ប្រសិនបើមិនមានគណបក្សផ្សេងទៀតចូលរួមបង្កើតរដ្ឋាភិបាលនោះ ព្រោះគណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូរឆា ដោយមានសមាជិគព្រិទ្ធសភាព ២៥០នាក់ ដែលបង្កើតឡើងដោយ ការកែរដ្ឋធម្មនុញ្ញថ្មីនោះ អាចជួយគាត់ធ្វើជាធ្វើនាយករដ្ឋមន្ត្រីបានដែរ។ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតថៃលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី២៤ មីនា ជាប្រវត្តិសាស្ត្រប្រព្រឹត្តទៅបានល្អប្រសើរ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនកុះករ គឺមិនតិចជាង ៨០ភាគរយនោះទេ។ ពលករខ្មែរធ្វើនៅទីក្រុងបាងកក លោក ស៊ុន សីហា ថ្លែងប្រាប់អាស៊ីសេរីថា ពួកគាត់តាមដានការបោះឆ្នោតនេះយ៉ាងយកចិត្តទុកដាក់ ហើយសង្ឃឹមគណបក្សដែលជាប់ឆ្នោតថ្មីនឹងជួយសម្រួលដល់សិទ្ធិសេរីភាពរបស់ពលករធ្វើការនៅប្រទេសថៃបានល្អជាងមុន ព្រោះមេដឹកនាំដែលចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋថៃ៖ «បាទខ្ញុំតាមដានក្នុងបំណងចង់យកអ្វីដែលល្អពីប្រទេសរបស់គេ ដើម្បីយកប្រើរៀបចំឲ្យមានការបោះឆ្នោតរបស់ខ្មែរឲ្យបានដូចគេដែរ ហើយទី២ដោយសារនៅប្រទេសថៃ មានពលករដល់ទៅជាង១លាននាក់ ដូច្នេះបើសិនជាប្រទេសថៃគាត់ជ្រើសរើសមេដឹកនាំមិនល្អគឺវាមានផលប៉ះពាល់ទៅដល់ពលករខ្មែរយើងដែរ»។

ចំណែកពលករម្នាក់ លោក ខ្លី ចាន់ថុល លើកឡើងថា ពួកគាត់ធ្វើការរោងចក្រនៅទីក្រុងបាងកកបានឈប់សម្រាកនៅថ្ងៃបោះឆ្នោតនេះ ហើយលោកក៏បានតាមដានការបោះឆ្នោតនេះដែរ។ លោកបន្តថា ចង់ឲ្យរដ្ឋាភិបាលថ្មីនេះធ្វើយ៉ាងណាគិតគួរដល់ពលករក្រៅប្រទេសឲ្យបានច្រើនជាងពេលបច្ចុប្បន្ន ជាពិសេសជួយសម្រួលឲ្យពលករដែលកូនបានចូលមករស់នៅជុំជាមួយឪពុកម្ដាយនៅធ្វើការនៅប្រទេស ព្រោះសព្វថ្ងៃពួកគាត់ពិបាកនាំកូនឆ្លងដែនចូលមកធ្វើការជាមួយជាខ្លាំង ដោយសារអាជ្ញាធរថៃរឹតបន្តឹងការនាំកុមារចូលមកថៃ៖ «គឺពិបាកដោយសារឥឡូវនេះរដ្ឋាភិបាលថៃបង្កើតច្បាប់មកច្រើន ដោយកាលពីមុខពលករយើងអាចយកកូនក្មេង ឬក៏ដាក់រូបកូនក្មេងនឹងអាចចេញចូលតាមព្រំដែនយ៉ាងស្រួល តែឥឡូវនេះ ច្បាប់ហាមឃាត់មិនឲ្យយើងយកកូនក្មេងចេញចូលទេ យកចេញទៅបាន តែចូលមកវិញគឺមិនបានទេ ច្បាប់នេះ គឺពិបាកណាស់សម្រាប់ពួកខ្ញុំ ព្រោះអ្នកខ្លះមកប្ដីប្រពន្ធមានយកកូនមក ដោយសារនៅផ្ទះគ្មានអ្នកមើល ដល់ពេលខាងថៃបង្កើតច្បាប់នេះមកគឺពិបាកច្រើន»។ អ្នកវិភាគតាមមហាវិទ្យាល័យល្បីៗរបស់ថៃ បានចេញបកស្រាយតាមទូរស័ព្ទថា បើតាមលទ្ធផលឆ្នោតតាមការប្រជាមតិមិនបោះឆ្នោត រដ្ឋាភិបាលថ្មីរបស់ថៃ ជារដ្ឋាភិបាលចម្រុះ ដែលមានគណបក្សជាច្រើនរួមបង្កើតរដ្ឋាភិបាល។ ទោះជាយ៉ាងណាគិតត្រឹមម៉ោងផ្សាយនេះគណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃកំពុងរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់នៅឡើយ ស្របពេលគណបក្សធំៗ ដែលមានអាសនៈច្រើនចេញថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតជាបន្តបន្ទាប់៕

website_news/2019260304.txt · Last modified: 2019/03/26 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki