website_news:2019260404

កម្ពុជា-ថៃ ចូលរួមវេទិកាស្តីពីការការពារកម្មករចំណាកស្រុក

https://www.postkhmer.com/ រី សុចាន់ | Publication date 26 April 2019 | 09:18 ICT

សៀមរាបៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ គណៈប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បានចូលរួមក្នុងវេទិកាពិភាក្សាអន្តរជាតិលើកទី២ ស្តីពី «កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស» រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែ មេសា ដែលរៀបចំដោយអង្គការ Civil Volunteer Group (GVC)។

វេទិកាដែលធ្វើឡើងនៅខេត្តសៀមរាបនេះ មានគោលបំណងដើម្បីពង្រឹងការពិភាក្សារវាងអ្នកពាក់ព័ន្ធនានា រវាងកម្ពុជានិងថៃ ដើម្បីកែលម្អការអនុវត្ត គោលនយោបាយ ស្តីពីសិទ្ធិពលករចំណាកស្រុកកម្ពុជា ហើយកិច្ចពិភាក្សានេះដែរ ក៏នឹងពង្រីកទស្សនវិស័យអន្ដរជាតិដោយផ្សារភ្ជាប់គោលនយោបាយ និងការអនុវត្តទៅនឹងការប្តេជ្ញាចិត្តរបស់ប្រទេសទាំង ២ ដោយគោរពទៅតាមអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដែលបានផ្តល់សច្ចាប័ន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GVC។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយអង្គការ GVC ក្នុងក្របខ័ណ្ឌគម្រោងដែល ផ្តល់មូលនិធិ ដោយសហភាពអឺរ៉ុបស្តីពី «សិទ្ធិជនចំណាកស្រុក» ដែលផ្តល់ការគាំទ្រ និងធ្វើការតស៊ូមតិលើសិទ្ធិពលករចំណាកស្រុកកម្ពុជា នៅក្នុងប្រទេស ថៃ ដើម្បីទប់ស្កាត់អំពើហិង្សា និងការជួញដូរមនុស្ស និង «សិទ្ធិការងារ» ដែលលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុកកម្ពុជា ដែលមានជំនាញទាប។

គម្រោងនេះ អនុវត្តដោយអង្គការ GVC និងដៃគូរបស់ខ្លួន គឺអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW) នៅកម្ពុជា និងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិការងារ (LPN) នៅប្រទេស ថៃ។ ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នកម្ពុជា និងថៃគឺមានសារៈសំខាន់ណាស់ ដោយសារតែប្រជាជនកម្ពុជាជាង ១,២ លាននាក់កំពុងធ្វើការនៅក្រៅប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានដកស្រង់នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ។

ប្រទេស ថៃ នៅតែជាប្រទេសគោលដៅសំខាន់សម្រាប់ជនចំណាកស្រុកកម្ពុជា ដែលមានជាង ៩២ ភាគរយ។ ក្នុងនោះមាន ៧៣ ភាគរយនៃជនចំណាកស្រុកបានចូលប្រទេសថៃតាមរយៈមធ្យោបាយមិនទៀងទាត់ដែលត្រូវបានវាស់វែងដោយអង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៧។ នៅក្នុងប្រទេស ថៃ ពលករចំណាកស្រុកកម្ពុជាងាយរងគ្រោះខ្លាំង។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏ដោយក៏ស្ត្រី បុរស និងយុវជនដែលមានចំនួនកើនឡើង នៅតែត្រូវបានរំលោភបំពាន និងកេងប្រវ័ញ្ច។ ពួកគេជាជនរងគ្រោះនៃការ ជួញដូរមនុស្សដែលស្ថិតក្នុងករណីធ្ងន់ធ្ងរបំផុត។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះដែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំណោះស្រាយបញ្ហាចំពោះកម្មករចំណាកស្រុកមិនទាន់អាចចេញបានភ្លាមៗនោះទេ នៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែនេះគឺជាការផ្តួចផ្តើមមួយដែលភាគីពាក់ព័ន្ធចាប់ផ្តើមគិតគូរ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាឱ្យប្រសើរឡើង។ លោកស្រីបញ្ជាក់ថា បញ្ហាមានដូចជាការដោះស្រាយបញ្ហាច្បាប់ ដែលនៅសេសសល់ រឿងកេងប្រវ័ញ្ច និងការចូលទៅរកការងារធ្វើរបស់ពលករនៅប្រទេសថៃ នៅតែមានភាពខុសច្បាប់ជាដើម។ លោកស្រីបញ្ជាក់ថា៖ «គេហៅថា ឱ្យជួយគិតគ្នាភាគីសងខាង។ មិនអាចថា ភាគីណាមួយដោះស្រាយតែម្នាក់ឯងបានទេ ហើយព្រឹកមិញហ្នឹងក៏មានពលករគាត់មកនិយាយខ្លួនគាត់ ពីបទពិសោធរបស់គាត់ ពេលគាត់ទៅធ្វើការងារនៅឯស្រុកថៃហ្នឹង។ នាំគ្នាគិតទាំង-អស់គ្នាហ្នឹងទៅ ហើយសំណូមពរគាត់យ៉ាងម៉េចអីយ៉ាងម៉េច យើងស្តាប់គាត់»។ លោកស្រីបន្តថា ភាគីពាក់ព័ន្ធកំពុងពិភាក្សាគ្នាហើយមិនទាន់សម្រេចបានអ្វីនោះទេ ពីព្រោះនៅស្តាប់មតិយោបល់របស់អ្នកធ្វើការងារពាក់ព័ន្ធមកពីក្រសួង ស្ថាប័នអង្គការដៃគូសង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ និងជនទេសន្តរប្រវេសន៍ (ជនចំណាកស្រុក) ហើយប្រមូលសាច់រឿងទាំងអស់ ដែលនៅសេសសល់ ដើម្បីយកទៅគិតសម្រាប់រៀបចំជាគោលនយោបាយ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដែលបានចូលរួមក្នុងវេទិកាពិភាក្សានេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កិច្ចពិភាក្សានេះនឹងធ្វើការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងថៃ ដើម្បីធ្វើយ៉ាងណាឱ្យភាគីថៃគោរពសិទ្ធិពលករដោយគោរពទៅតាមក្របខ័ណ្ឌច្បាប់។ លោកស្រីបានបញ្ជាក់ទៀតថា៖ «ប្រទេសយើងជាប្រទេសបញ្ជូនពលករ ហើយគេ (ប្រទេសថៃ) ជាប្រទេសទទួលពលករ។ យើងធ្វើម៉េចដើម្បីឱ្យគេគោរពសិទ្ធិរបស់ពលករ សិទ្ធិរបស់ប្រជាពលរដ្ឋ ដោយគោរពទៅតាមគោលនយោបាយ ទៅតាមលក្ខខណ្ឌ គោរពទៅតាមសន្ធិសញ្ញា និងច្បាប់ការងារ»។

លោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពាក់ព័ន្ធនឹងបញ្ហារបស់កម្មករចំណាកស្រុកនេះ កន្លែងខ្លះមានភាពល្អប្រសើរគ្រាន់បើ ដូចជារោងចក្រស្តង់ដារ ដែលមានរោងចក្រសាច់មាន់ សាច់ជ្រូកឬអេឡិចត្រូនិក មួយចំនួនដែលនាំចេញទៅលក់នៅអឺរុប ឃើញមានការកែសម្រួលលក្ខខណ្ឌមួយចំនួន។ ប៉ុន្តែកន្លែងខ្លះ នៅមានបញ្ហាខ្លះនៅឡើយទេ ដូចជារឿងប្រាក់ឈ្នួល លក្ខខណ្ឌការងារមួយចំនួន មានថែមម៉ោងការងារ ការរក្សាលិខិតឆ្លងដែន ដែលនៅក្នុងដៃថៅកែ ការកាត់ប្រាក់ឈ្នួល។ល។ លោក មឿន តុលា បញ្ជាក់ថា៖ «មួយទៀត ដែលយើងគួរកត់សម្គាល់ផងដែរនោះ ពលករធ្វើការនៅលើទូកនេសាទ មានខ្មែរយើងធ្វើការច្រើនដែរ។ ពួកគាត់នៅតែធ្វើការក្នុងលក្ខខណ្ឌមួយច្រើនម៉ោង ម៉ោងអត់មានកំណត់ ១៨ ម៉ោងក្នុង ១ ថ្ងៃ ឬក៏ច្រើនបំផុត ១០ ម៉ោងក្នុង ១ ថ្ងៃ»៕

website_news/2019260404.txt · Last modified: 2019/04/26 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki