website_news:2019260405

បង់ក្លាដេស ស្នើកម្ពុជា ជួយគាំពារដល់អ្នកវិនិយោគ និងពលករជំនាញរបស់ខ្លួន

https://www.dap-news.com/ ByID:117 Posted on 25 April 2019 | 18:44

ភ្នំពេញ៖ ដើម្បីពង្រីកនិងពង្រឹង ទំហំពាណិជ្ជកម្មរវាង កម្ពុជា-បង់ក្លាដេស លោក Nazmul Quaunine ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស ប្រចាំកម្ពុជា បានស្នើលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យជួយជំរុញការគាំពារដល់អ្នកវិនិយោគ និងពលករជំនាញរបស់ខ្លួននៅកម្ពុជា ។ នេះបើយោងតាមបណ្ដាញទំនាក់សសង្គមហ្វេសប៊ុករបស់ក្រសួងការងារ។ ថ្លែងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា “អ្នកវិនិយោគបង់ក្លាដេស ចង់មកវិនិយោគនៅកម្ពុជា ហើយស្នើឱ្យ លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជួយជំរុញការគាំពារ ដល់អ្នកវិនិយោគ និងពលករជំនាញផង” ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ អ្នកវិនិយោគបង់ក្លាដែស នឹងបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ គាំពារអ្នកវិនិយោគក្រៅប្រទេស និងជួយសម្រួល គ្រប់មធ្យោបាយដល់ពួកគេ ដើម្បីទាក់ទាញ អ្នកវិនិយោគឱ្យមកវិនិយោគ នៅកម្ពុជាកាន់តែច្រើន ។

នៅក្នុងជំនួបនោះផងដែរភាគីទាំងពីរ ក៏បានសន្យា ផ្លាស់ប្ដូរបទពិសោធន៍ ជំនាញលើវិស័យមួយចំនួន ពីគ្នាទៅវិញទៅមកផងដែរ។ ឆ្លៀតក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានលើកឡើង ពីភាពប្រហាក់ប្រហែល គ្នារវាងកម្ពុជា និងបង់ក្លាដែស ទាំងស្ថានភាពភូមិសាស្ត្រ ដែលមានទឹកទន្លេហូរកាត់ដូចគ្នា មានកំណើនសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា មានចំណូល GDP ប្រហាក់ប្រហែលគ្នា ការនាំចេញវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌក៏ដូចគ្នា និងបានបញ្ជូន កម្លាំងពលកម្ម ទៅក្រៅប្រទេសដូចគ្នា ផងដែរ។ លោករដ្ឋមន្ត្រី ក៏បានរំឭកពីដំណើរទស្សនកិច្ច របស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស នៅព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ លោករដ្ឋមន្ត្រីបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតាមរយៈកិច្ចប្រតិបត្តិការនេះ កម្ពុជា-បង់ក្លាដែស បានជំរុញឱ្យសហការគ្នារវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

ជាការឆ្លើយតប នឹងការលើកឡើងរបស់លោក អ៊ិត សំហេង លោកឯកអគ្គរដ្ឋទូតបង់ក្លាដេស បានបង្ហាញការកោតសរសើរេះពីភាពរីកចម្រើនេះរបស់ប្រទេសកម្ពុជា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលលោកពិតជាមានការពេញចិត្ត យ៉ាងខ្លាំងក្នុងការមកបំពេញបេសកកម្ម នៅទឹកដីដ៏បវរមួយនេះ។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណង ចង់បង្កើតឱ្យមាន កិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ការងារ ទៅដល់កម្លាំងពលកម្ម នៃប្រទេសទាំងពីរ មានន័យថា កម្ពុជាអាចទទួល ការបណ្ដុះបណ្ដាល ពីអ្នកជំនាញបង់ក្លាដែស ហើយបង់ក្លាដែសក៏អាចមកទទួល បទពិសោធន៍ថ្មីៗពីកម្ពុជាផងដែរ។

ឆ្លើយតបនឹងសំណើទាំងនេះ ភាគីទាំងពីរ បានឯកភាពគ្នា ថានឹងបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីធ្វើកិច្ចការងារនេះឱ្យបានហ្មត់ចង់ និងល្អប្រសើរ សំដៅជំរុញការអភិវឌ្ឍលលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាជំរុញឱ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ មានភាពរលូនល្អប្រសើរទៅមុខ។ មួយវិញទៀត លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ក៏បានជម្រាបប្រាប់ ឯកអគ្គរដ្ឋទូតបង់ក្លាដេស អំពីការគោរពអញ្ជើញ រដ្ឋមន្ត្រីក្រសួងការងារបង់ក្លាដែស ឱ្យមកបំបេញទស្សនកិច្ច នៅកម្ពុជាក្នុងពេលសាកសម ណាមួយផងដែរ ៕ ដោយ៖បាន ធារ៉ូ

website_news/2019260405.txt · Last modified: 2019/04/26 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki