website_news:2019260406

កម្ពុជា-បង់ក្លាដេស ឯកភាពនឹងរៀបចំឱ្យមានការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ការងារទៅវិញទៅមក

http://www.freshnewsasia.com/ 2019-04-25

(ភ្នំពេញ)៖ ក្រសួការងារកម្ពុជា និងបង់ក្លាដេស បានឯកភាពគ្នាថានឹងរៀបចំឱ្យមានការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្របតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីអំឡុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីបង់ក្លាដែសនៅកម្ពុជា។ ការឯកភាពគ្នានោះ ត្រូវបានធ្វើឡើងនាឱកាសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Nazmul Quaunine ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានរំឭកពីដំណើរទស្សនកិច្ចរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនៅកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ តាមរយៈកិច្ចប្រតិបត្តិការនេះ កម្ពុជា-បង់ក្លាដេស បានជំរុញឱ្យសហការរវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

តាមរយៈស្មារតីនៃអនុស្សរណៈខាងលើនេះ លោកឯកអគ្គរដ្ឋទូតបង់ក្លាដេស បានលើកឡើងពីគោលបំណងចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ការងារទៅដល់កម្លាំងពលកម្មនៃប្រទេសទាំងពីរ មានន័យថា កម្ពុជាអាចទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញបង់ក្លាដេស ហើយបង់ក្លាដេសក៏អាចមកទទួលបទពិសោធន៍ថ្មីៗពីកម្ពុជាផងដែរ។ បង់ក្លាដេសក៏មានរោងចក្រមួយនៅកម្ពុជាផងដែរ ដែលមានឈ្មោះថា «មីលីណា» ហើយក៏មានពលករជំនាញតិចតួចដែរ តែអ្នកវិនិយោគបង់ក្លាដេសក៏មានបំណងចង់វិនិយោគកម្ពុជាបន្ថែម ដូច្នេះនឹងមានការបញ្ជូនពលករជំនាញបន្ថែមមកកម្ពុជាផងដែរ ដែលជាឱកាសដ៏ល្អសម្រាប់ការរៀបចំការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ការងាររវាងប្រទេសទាំងពីរ៕

website_news/2019260406.txt · Last modified: 2019/04/26 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki