website_news:2019260701

កិច្ចពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប៉ៃលិនជាមួយភាគីថៃ

https://news.kohsantepheapdaily.com.kh/ By mony koh July 25, 2019

ខេត្តបាត់ដំបង ៖ នៅទីបញ្ជាការដ្ឋានស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ វេលាព្រឹកថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដែលភាគីកម្ពុជាដឹកនាំដោយ លោកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប្រតិភូស្នងការរងនគរបាលខេត្ត រួមជាមួយនេះ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តម ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោក សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ទី សុខា នាយរងសេនាធិការយោធភូមិភាគទី៥ និងជាប្រធានទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ ប្រចាំខេត្តប៉ៃលិន និងលោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនៃអធិការដ្ឋាន នគរបាលស្រុកពាក់ព័ន្ធជាប់ព្រំដែននៃខេត្តទាំងពីរ ដែលបានធ្វើនៅស្នងការដ្ឋាន នគរបាល ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលសរុបរួមទាំងអស់ប្រមាណ៦០នាក់ ទាំងពីរភាគី បានចូលរួមដើម្បីបំពេញភារកិច្ចរួមសហការប្រជុំពង្រឹងសម្ព័ន្ធមេត្រីភាពជាមួយភាគីថៃ ដឹកនាំ និងរៀបចំដោយលោកឧត្តមសេនីយ៍ត្រី វឌ្ឍនា យីជិន ស្នងការនគរបាលខេត្តច័ន្ទបូរី ។

ភាគីទាំងពីរ បានលើកយកចំណុចសំខាន់ៗមករួមគ្នាពង្រឹងកិច្ចសហប្រតិបត្តការបន្ថែមទៀតមាន៦ចំណុចគឺ៖

១- បញ្ហាពលករចេញចូលឆ្លងដែនខុសច្បាប់ ដោយចៀសវាងមិនប្រើអំពើហិង្សាចំពោះអ្នកខុសច្បាប់ឡើយ ហើយរួមសហការគ្នាស្រាវជ្រាវរកមេខ្យល់ដែលនាំពលករចូល ហើយគ្មានការងារធ្វើ និងចាប់មេខ្យល់ឲ្យ មកទទួលខុសត្រូវការខូចខាតរបស់ពលករ និងជួយរៀបចំពលករកំពុងមានខុសច្បាប់នៅក្នុងស្រុកថៃ ឲ្យត្រឹមត្រូវស្របច្បាប់បន្ថែមទៀត ។

២-ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងអាវុធជាតិផ្ទុះ បានរួមសហការកម្រិតខេត្ត ជំរុញការជួបផ្លាស់ប្តូរព័ត៌មានរវាងអធិការនៅជាប់ព្រំដែនគ្នាឲ្យបានញឹកញាប់ បន្ថែមទៀត។

៣-បន្តរួមសហការបង្ការ បង្រាបឧក្រិដ្ឋកម្មឆ្លងដែន និងរូបីយប័ណ្ណ ក្លែងក្លាយ គ្រប់រូបភាពកុំឲ្យកើតមាន ។

៤-ការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ បង្ក្រាបទំនិញគេចពន្ធ និងទង្វើខុសច្បាប់ផ្សេងៗ។

៥-បញ្ហាចោរកម្មរថយន្ត និងទោចក្រយានយន្ត រួមសហការ និងទទួលព័ត៌មានពីប្រជាពលរដ្ឋទាំងសងខាង ស៊ើបអង្កេតឲ្យច្បាស់លាស់តាមចាប់ក្រុមប្រព្រឹត្តបទល្មើស ក្នុងខេត្តជាប់ព្រំដែនរួមគ្នាមកផ្តន្ទាទោសតាមច្បាប់ ។

៦-ការលបលួចកាប់ឈើតាមព្រំដែន នៃខេត្តទាំងបី បាត់ដំបង ប៉ៃលិន និងច័ន្ទបូរី តាមដានរកមេខ្យល់ជំរុញមក ពេលចាប់បានចៀសវាងការប្រើអំពើហិង្សា បាញ់សម្លាប់ជាដើម។

អង្គពិធីបានឯកភាពរៀបចំបន្ថែមក្រុមលេខាដ្ឋាន ត្រូវបង្កើតមជ្ឈមណ្ឌលផ្លាស់ប្តូរ ព័ត៌មានបន្ថែមទៀត តាមគោលដៅសំខាន់ៗ ដើម្បីផ្លាស់ប្តូរព័ត៌មានឲ្យបានកាន់តែលឿន ឆាប់រហ័ស រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋទាំងសងខាងកុំឲ្យជួបការភ័យខ្លាច៕ ដោយ ៖ ហួត សុងហាក់

website_news/2019260701.txt · Last modified: 2019/07/26 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki