website_news:2019260703

មន្ត្រីទូតឃ្លាំមើលករណីពលករខ្មែរ ដែលថៃចាប់រឿងរំលោភក្មេងស្រីថៃ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 25 July 2019 | 16:17 ICT

ថៃៈ អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេស ថៃ កាលពីថ្ងៃពុធ បានចាត់មន្ត្រីរបស់ខ្លួនចុះទៅខេត្តឈុនបុរី (Chon Buri) ដើម្បីជួយអន្តរាគមន៍ឃ្លាំមើលអំពីករណីពលករខ្មែរ ២ នាក់ ដែលក្រុមអាជ្ញាធរថៃនៅក្នុងខេត្តនោះចាប់ឃុំខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីអ្នកជិតខាងរបស់ខ្លួនដែលជាអនីតិជអាយុ ១៣ ឆ្នាំ។

យោងតាមសេចក្ដីរាយការណ៍របស់កាសែត The Nation កម្លាំងតម្រួតថៃនៃខេត្តឈុនបុរី កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ បានចាប់ខ្លួនបុរសខ្មែរ ២ នាក់ និងក្មេងប្រុសជនជាតិថៃ ២ នាក់ តាមបណ្ដឹងកុមារីរងគ្រោះ ដែលបានចោទប្រកាន់ពួកគេពីបទចាប់រំលោភនាងបានសម្រេចជាច្រើនដង និងថតជាឃ្លីបវីដេអូ យកទៅជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់នាងចំនួន ៣ ០០០ បាត ជាថ្នូរមិនបង្ហោះឃ្លីបវីដេអូនោះ។ នាយស្នងការតម្រួតខេត្តឈុនបុរី លោក Nanthachat Supamongkol ត្រូវបានកាសែត The Nation ដកស្រង់សម្ដីថា បុរសខ្មែរដែលត្រូវបានចាប់ឃាត់ខ្លួននោះរួមមានឈ្មោះ ណាតាផាត់ នីវង្ស (Natthapat Neewong) អាយុ ២៩ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឡឺត (Lert) អាយុ ១៨ ឆ្នាំ ពួកគេត្រូវបានជួលមកធ្វើការនៅក្នុងក្រុមហ៊ុនដែលមិនល្បីឈ្មោះមួយនៅក្នុងខេត្តនោះ។ ចំណែកក្មេងប្រុសជនជាតិថៃ ២ នាក់ទៀត ដែលមានអាយុ ១៦ ឆ្នាំម្នាក់ និង ១៤ ឆ្នាំម្នាក់ រួមទាំងកុមារីរងគ្រោះ មិនត្រូវបានប្រាប់អំពីអត្តសញ្ញាណនោះឡើយ ដោយសារតែអាយុរបស់ពួកគេ។ លោក Supamongkol បានបញ្ជាក់ថា៖ «ពួកគេបានសារភាពចំពោះបទល្មើសនេះហើយ នឹងត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើនរួមទាំងការចាប់រំលោភអនីតិជន។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បានរកឃើញវីដេអូដែលត្រូវបានគេចោទប្រកាន់ថាបានប្រើនៅក្នុងការប៉ុនប៉ងជំរិតឪពុកម្ដាយរបស់កុមារីរងគ្រោះទេ»។

យោងតាមពាក្យបណ្ដឹងរបស់កុមារីរងគ្រោះ កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមជនសង្ស័យបានចាប់កុមារីរងគ្រោះទៅឃុំទុកនៅក្នុងបន្ទប់ជួលរបស់ពួកគេ ដោយបានដាក់ខ្នោះដៃរបស់នាង ហើយបាននាំគ្នាចាប់រំលោភលើរាងកាយនាងម្នាក់ម្ដងៗ ដោយម្នាក់ៗបានសម្រេចជាច្រើនដង។ មិនតែប៉ុណ្ណោះពួកគេបានថតជាវីដេអូឃ្លីប ដើម្បីទុកជំរិតយកប្រាក់ពីឪពុកម្ដាយរបស់នាងថែមទៀត។ ក្រុមអ្នកភូមិដែលបានតាមឃ្លាំមើលអំពីហេតុការណ៍នោះ បានទាមទារឲ្យសមត្ថកិច្ចផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារឲ្យច្រើនឆ្នាំ។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក កេត សោផាន់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងបាងកក បានចាត់ឲ្យមន្ត្រីទូតមួយចំនួនចុះទៅខេត្តឈុនបុរីដើម្បីឃ្លាំមើល និងជួយអន្តរាគមន៍ផ្នែកច្បាប់ដល់ពលករខ្មែរទាំង ២នោះ។ លោកថ្លែងថា៖ «រហូតមកទល់ពេលនេះ សមត្ថកិច្ចយើងនៅមិនទាន់ទទួលបានរបាយការណ៍លម្អិតជុំវិញករណីនោះនៅឡើយទេ។ អគ្គកុងស៊ុលយើងប្រចាំទីក្រុងបាងកក បានចាត់ឲ្យមន្ត្រីរបស់យើងចុះទៅកាន់ទីនោះហើយ ដើម្បីទាក់ទងស្នើសុំព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋានក្នុងតំបន់នោះ និងដើម្បីជួយអន្តរាគមន៍ផ្នែកច្បាប់ដល់ពួកគេ»៕

website_news/2019260703.txt · Last modified: 2019/07/26 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki