website_news:2019260901

លោក ហ៊ុន សែន៖ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 26 September 2019 | 10:00 ICT

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការប្តេជ្ញាចិត្តជាថ្មីរបស់កម្ពុជាចូលរួមគាំទ្រទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិស្របពេលកម្ពុជានៅតែរក្សាតួនាទីជាប្រទេសមួយក្នុងចំណោម ១៤ ប្រទេសផ្សេងទៀតលើ ២២២ ប្រទេស ដែលមិនជាប់ពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទនៅតំបន់បេសកកម្ម។

ការថ្លែងពីការប្តេជ្ញាជាថ្មីនេះបានធ្វើឡើងនៅក្នុងវីដេអូខ្លីមួយប្រមាណជា ២ នាទីដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ ដោយបានលើកឡើងថា៖ «ក្នុងនាមជាសមាជិកនៃរង្វង់ភាពជាអ្នកដឹកនាំ ខ្ញុំអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រយ៉ាងខ្លាំងក្លា និងការអនុវត្តនូវគោលនយោបាយ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទនៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ព្រមទាំងចូលរួមជាមួយសមាជិកដទៃទៀត ដើម្បីទប់ស្កាត់នូវអំពើបែបនេះ»។ លោក ហ៊ុន សែន ថ្លែងដោយទទួលស្គាល់ថា អ្នកថែរក្សាសន្តិភាពត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជន កងទ័ពមួកខៀវកម្ពុជាដែលកំពុងបំពេញបេសកកម្មនានា នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង, ស៊ូដង់, ស៊ីប, លីបង់ និងម៉ាលី បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ប្រកបដោយការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរ និងសីលធម៌ខ្ពស់ក៏ដូចជាវិន័យដ៏តឹងតែង។ លោកបញ្ជាក់បន្តថា៖ «នេះគឺជាភាពចាំបាច់នៃសីលធម៌ និងភាពចាំបាច់នៃប្រតិបត្តិការដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពដែលអាចជឿទុកចិត្តបានរបស់អង្គការសហប្រជាជាតិ។ ទោះបីជាបទល្មើសរបស់ពួកគេជាការទទួលខុសត្រូវរួមរបស់អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកក៏ដោយ ជនល្មើស ដែលបានប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទត្រូវតែទទួលខុសត្រូវដោយផ្ទាល់ចំពោះមុខច្បាប់ ចំពោះទង្វើរបស់ពួកគេ»។

លោកស្រី កុសល ម៉ាលីដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៃក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា តាមច្បាប់អង្គការសហប្រជាជាតិរាល់ប្រទេសដែលស្ថិតក្នុងការបរិច្ចាគកងកម្លាំងរបស់ខ្លួនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវគោរពឲ្យបាន និងចូលរួមលុបបំបាត់អំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទនៅក្នុងតំបន់បេសកកម្មដែលខ្លួនបានបំពេញ។ លោកស្រីបន្តថា៖ «ជារួមករណីនេះមានប្រទេសគេផ្សេង (ប្រព្រឹត្ត) ហើយបានកើតឡើងនៅប្រទេសបេសកកម្ម។ ប៉ុន្តែគ្រាន់តែថា បើយើងនិយាយពាក់ព័ន្ធនឹងប្រទេសកម្ពុជាយើងគឺជាប្រទេសមួយក្នុងចំណោម ១៤ ប្រទេសដែលមិនជាប់ពាក់ព័ន្ធនឹងរឿងរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទហ្នឹង។ ច្បាស់ជាសម្តេចលើកឡើងរឿងហ្នឹងហើយ ដែលកម្ពុជាមិនពាក់ព័ន្ធ និងបង្ហាញការប្តេជ្ញាចិត្តជាថ្មីទៀត»។ លោកស្រី ម៉ាលីដា ថ្លែងថាក្នុងរយៈពេល ១៣ ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៦ មក ប្រទេសកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេសបាន ១០ បេសកកម្ម ដោយមានចំនួន ៦ ៣៥២ នាក់ ក្នុងនោះមានស្ត្រី ៣២៨ នាក់ ទៅកាន់ប្រទេសចំនួន ៨ រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរ៉ី ស៊ីប ម៉ាលី និងប្រទេសឆាដ។ លោកស្រីបន្តថា កងទ័ពមួកខៀវរបស់កម្ពុជាដែលបញ្ចូនទៅជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈដែលកម្ពុជាបានត្រៀមរួចជាស្រេចនូវកងទ័ពមួកខៀវទាំងនេះសម្រាប់បម្រុងទុកនៅពេលមានការស្នើឡើងបន្ថែមទៀតពីអង្គការសហប្រជាជាតិក្នុងពេលខាងមុខ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា បាននិយាយថា ក្នុងពេលនេះការដែលលោកនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសារបែបនេះគឺចង់បង្ហាញពីការចូលរួមគាំទ្រទៅលើការប្រឆាំងនឹងអំពើជួញដូរ និងរំលោភបំពានផ្លូវភេទ។ លោកស្រីថា «លោកមានប្រសាសន៍នេះគឺក្នុងពេលដែលមានប្រតិបត្តិការរបស់អង្គការសហប្រជាជាតិហ្នឹង អ៊ីចឹងមានន័យថាគោលការណ៍នេះគឺរដ្ឋាភិបាលខ្មែរ ប្រកាន់ជំហរហ្នឹង និងប្រឆាំងដាច់ខាតអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ»៕

website_news/2019260901.txt · Last modified: 2019/09/26 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki