website_news:2019260903

ពលករវិលត្រឡប់មកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌមានចំនួនតិចជាងឆ្នាំមុនៗ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១៦:២៥ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ មកទល់នឹងថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៩ ទៅហើយគឺនៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះនឹងដល់ថ្ងៃកាន់បិណ្ឌវេនទី១៥ ត្រូវជាថ្ងៃភ្ជុំធំ ប៉ុន្តែគេសង្កេតឃើញចំនួនពលករវិលត្រឡប់ពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួនតិចតួចជាងឆ្នាំមុនៗ ។ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ដូចជាតាមបណ្តាទីតាំងលក់សំបុត្ររថយន្តក្រុងតាមដងផ្លូវជាតិលេខ៥ និងនៅចំណុចចំណតរថយន្តពុំសូវមានពលករពពាក់ពពូនដូចមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទេ។ ពេលជួបផ្ទាល់ជាមួយអ្នកលក់សំបុត្ររថយន្តក្រុង ក៏ដូចជាអ្នករត់តាក់ស៊ីនៅក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា មុនពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះពុំសូវមានពលកររកជិះរថយន្តច្រើនដូចមុនពិធីបុណ្យចូលឆ្នាំជារៀងរាល់ឆ្នាំឡើយ ។

ពួកគាត់បានបន្តថា ប្រទេសថៃមិនមានពិធីកាន់បិណ្ឌ១៥ថ្ងៃដូចកម្ពុជាឡើយ ពោលគឺប្រទេសថៃមានតែថ្ងៃភ្ជុំធំតែមួយថ្ងៃប៉ុណ្ណោះគឺចំថ្ងៃបុណ្យភ្ជុំធំដូចកម្ពុជាដែរ។ ចំណែករថយន្តក្រុងក៏ដូចជារថយន្តតាក់ស៊ីដែរពុំសូវមានអ្នកជិះនោះទេ ហើយពេលនេះរថយន្តក្រុងខ្លះងាកទៅដឹកទំនិញរួមជាមួយអ្នកដំណើរ និងរថយន្តខ្លះទៀតដឹកផ្លែឈើផងដែរ។ ចំណែកទីតាំងបំពេញបែបបទចូលប្រទេស (Arrival) នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ដូចជាទីតាំងបំពេញបែបបទប័ណ្ណព្រំដែនមានពលករដែលកាន់លិខិតឆ្លងដែន (Pass port) និងប័ណ្ណព្រំដែន (Border Pass) មានពលករវិលត្រឡប់តិចតួចហើយពេលខ្លះហាក់ស្ងាត់ទៀតផង។

ជុំវិញករណីខាងលើនេះ លោក សេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៩នេះថា ចំនួនពលករវិលត្រឡប់ពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតពិតជាមានចំនួនតិចតួចប្រាកដមែន ។ ប៉ុន្តែតាមប្រភពខ្លះថា ពលករអាចវិលតាមច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មានចំនួនច្រើន។ លោកបានកត់សម្គាល់ថា ពលករវិលត្រឡប់ពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានចំនួនតិចជាងបណ្តាឆ្នាំមុនៗ៕ (ម្រួល ៖ ធីតា)

website_news/2019260903.txt · Last modified: 2019/09/26 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki