website_news:2019261101

កាត់ទោសស្ត្រីខ្មែរចិន៣៨នាក់ក្នុងសំណុំរឿងពពោះជំនួស

http://kampucheathmey.com/ 25/11/2019 11:08 Pm

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកសវនាការលើសំណុំរឿងចាក់មេជីវិតចូលទៅក្នុងផ្ទៃស្ត្រីខ្មែរ ដើម្បីឲ្យពពោះជំនួសជនជាតិចិនដែលចង់បានកូន។ ជនជាប់ចោទទាំងអស់មានចំនួន៣៨នាក់ ក្នុងនោះមានជនជាប់ចោទដែលពពោះជំនួសចំនួន៣៣នាក់ និងជនជាប់ចោទដែលតុលាការឃុំខ្លួនហើយនាំយកមកកាត់ទោសឈ្មោះ ១ / Tiu Qiang ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៦៩ ជាមេការ។

ទី ២ / ឈ្មោះ ស្វាយ ស៊ីណុច ហៅ សី ភេទស្រី ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ជាមេការ។ ទី៣ / ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរជាមេការ។ ទី/ ៤ ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ។ ទី៥ / ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជាមេការ។ បុរសជនជាតិចិននិងនារីខ្មែរទាំង៥នាក់ ត្រូវបានជាប់ចោទក្នុងការប្រព្រឹត្តបទល្មើសលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា១៦នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្សនិងការធ្វើអាជីវកម្មលើផ្លូវភេទ និងបទអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះជំនួស មាត្រា៣៣២នៃក្រមព្រហ្មទណ្ឌ។

សវនាការនេះ បានធ្វើឡើងពេញមួយថ្ងៃទៅ២៥វិច្ឆិកាតែម្ដង ពោលគឺជំនុំជំរះតាំងពីព្រឹករហូតដល់យប់ ឈប់សម្រាកតែពេលបាយថ្ងៃត្រង់ប៉ុណ្ណោះ។ នៅក្នុងសវនាការថ្ងៃនេះ តុលាការទើបតែសាកសួរជនជាប់ចោទជនជាតិចិនឈ្មោះ Tiu Qiang ម្នាក់ប៉ុណ្ណោះ ដែលជាមេការធំរ៉ាប់រងកិច្ចការទូទៅរបស់ក្រុមហ៊ុននៅកម្ពុជា។ ជនជាប់ចោទរូបនេះ បានសារភាពថា នៅកម្ពុជាខ្លួនមានតួនាទីមើលថែទាំនារីខ្មែរទាំងអស់ដែលចាក់បញ្ចូលមេជីវិតដើម្បីពពោះជំនួសគេ លុះដល់ពេលសំរាលកូន ខ្លួនមិនដឹងទៀតទេ ព្រោះមានគេចាត់ចែងកិច្ចការបន្តដើម្បីនាំក្មេងចេញទៅក្រៅប្រទេស។

សូមរំលឹកថា ការឃាត់ខ្លួនជនជាប់ចោទទាំង៥នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ប្រតិបត្តិការណ៍នេះ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាក់Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-8863។ ថែមទាំងដកហូតឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ព័ន្ធនឹងឱសថការពារទារកមួយចំនួនធំ។

តាមចម្លើយនារីពពោះជំនួសទាំង៣៣នាក់ គឺក្នុងកូន១ដែលពួកគាត់ពពោះជំនួសនេះទទួលបានប្រាក់កម្រៃចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។ ចំពោះការថែទាំគភ៌ ការប្រសូត្រ គឺជាបន្ទុករបស់ក្រុមហ៊ុន។ លក្ខណៈពិសេសនៃការពពោះជំនួសក្នុងករណីនេះគឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត្រ គឺក្រុមហ៊ុនបញ្ជូនស្ត្រីពពោះទៅប្រទេសចិនសម្រាលកូនរួច ទើបបញ្ជូនមកស្រុកខ្មែរវិញ ហើយប្រគល់លុយបង្គ្រប់១ម៉ឺនដុល្លារ។ ឥឡូវនេះស្ត្រីពពោះជំនួសទាំង៣៣នាក់ ត្រូវបញ្ជូនឲ្យមន្ទីរសង្គមកិច្ចរាជធានីគ្រប់គ្រងបណ្ដោះអាសន្នរង់ចាំសម្រេចពីតុលាការ។ ចំណែកមេការក្រុមហ៊ុនទាំង៥នាក់ ត្រូវបានបញ្ជូនឡើងតុលាការឃុំខ្លួនតាំងពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃកាត់ទោសនេះ៕ មករា

website_news/2019261101.txt · Last modified: 2019/11/26 13:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki