website_news:2019261102

បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-ថ្នាក់ស្រុក

http://www.rasmeinews.com/ November 26, 2019, 1:17 PM

ដោយ:គូលែន/សៀមរាប ៖ នៅសាលា ស្រុកប្រាសាទបាគង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ឃុំ-ថ្នាក់ស្រុក។ ពិធីបើកវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-ថ្នាក់ស្រុក ក៏មានការអញ្ជើញចូលរួមពីលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ។

លោកស្រី ប៊ុន ទៀង អភិបាលរងស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់ក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត ដែលតែងតែចុះមកធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ផ្ទាល់ជារៀងរាល់ឆ្នាំ។ លោកស្រី បានបន្តថា រដ្ឋបាលស្រុក បន្ទាប់ពីបានរៀបចំក្រុមការងារទាំងនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ក្រុមការងារបានធ្វើការរៀបចំផែនការសកម្មភាព និងទទួលបានការគាំទ្រថវិកាពីរដ្ឋបាលស្រុកផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារ បានធ្វើការណែនាំ និងជំរុញដល់ក្រុមការងារនៅថ្នាក់ឃុំ ឲ្យមានការគ្រោងកញ្ចប់ថវិកាលើការអនុវត្ត សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យបានសមស្របឆ្លើយតបទៅនឹងបញ្ហានិងតម្រូវក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រី យូ សុភា បាននិយាយថា ដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេស (ក្រុមការងារកិច្ចការអនុវត្តច្បាប់ និងក្រុមការងារកិច្ចការទេសន្តរប្រវេសន៍) មកពីស្នងការរដ្ឋាននគរបាលខេត្ត និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត ។ វគ្គបណ្តុះបណ្តាលនេះ មានកិច្ចសហការជាមួយរដ្ឋបាលសាលាស្រុកប្រាសាទបាគង ដែលមានការគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប និងមានការចូលរួមគាំទ្រពីអង្គការ UN WOMEN និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ផងដែរ ដើម្បីពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។

លោកស្រី បានជំរុញដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយត្រូវបង្កើនការបង្ការទប់ស្កាត់លើ ការកេងប្រវ័ញ្ចកំលាំងពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការនាំឆ្លងដែនខុសច្បាប់ អំពើជួញដូរមនុស្ស និងការរំលោភបំពាននានា សំខាន់បន្ថែមលើការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ ដើម្បីការអនុវត្តសកម្មភាពទទួលបានប្រសិទ្ធភាព ទាំងក្រុមការងារថ្នាក់ស្រុក និងឃុំ ត្រូវរៀបចំផែនការសកម្មភាពបញ្ចូលទៅក្នុងកម្មវិធីវិនិយោគស្រុក-ឃុំ ដោយក្នុងនោះត្រូវលើកសកម្មភាពពាក់ព័ន្ធនឹងសេវាសង្គម (ត្រូវគ្រោងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ) ដោយថ្នាក់ស្រុកត្រូវមានឬគ្រោងកញ្ចប់ថវិកាសេវាសង្គមយ៉ាងហោច១០% និងថ្នាក់ឃុំយ៉ាងហោចក៏៣០% ទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។

លោកស្រីបានបញ្ជាក់ជូនផងដែរថា លេខាធិការដ្ឋាន នឹងខិតខំជួយគាំទ្រទៅដល់ថ្នាក់ស្រុក ឃុំ ទាំងបច្ចេកទេសតាមរយៈការពង្រឹងសមត្ថភាព ឬ តាមរយៈការជួយសម្របសម្រួល ករណីមានបញ្ហាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនៅក្នុងមូលដ្ឋានទូទាំង១២ ក្រុង-ស្រុក។ ដូចនេះ សូមគ្រប់ឃុំទាំងអស់ ត្រូវមានកិច្ចសហការរវាងជាថ្នាក់ស្រុក និងថ្នាក់ខេត្ត លើការអន្តរាគមន៍ករណី ឬការជួយផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្រប និងមានប្រសិទ្ធិភាព៕B/

website_news/2019261102.txt · Last modified: 2019/11/26 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki