website_news:2019261104

រដ្ឋមន្ត្រីការបរទេសកម្ពុជា-កូរ៉េ បានចុះហត្ថលេខាលើឯកសារចំនួនពីរ ដើម្បីផ្តល់ការងារ និងបង្កើនពលករខ្មែរបន្ថែមទៀត

http://www.cen.com.kh/ November 26, 2019

កូរ៉េ ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសព័ត៌មានា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរបាន ចុះហត្ថលេខាលើឯកសារចំនួនពីរ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលអមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមជំនួបពិភាក្សានេះ បានឱ្យថា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការងារជូនពលករខ្មែរ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពលករខ្មែរដែលបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ មិនត្រឹមតែទទួលបានចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមបានជួយឱ្យពួកគេមានជំនាញខ្ពស់ សម្រាប់ប្រកបរបរនៅពេលត្រឡប់ទៅកម្ពុជាវិញ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានការបង្កើនកូតាបន្ថែមទៀត។ ការបង្កើនកូតានេះ មិនត្រឹមតែជួយឱ្យពលរដ្ឋកម្ពុជាទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ ប៉ុន្តែបានទាំងជំនាញថែមទៀត។ លោកឯកអគ្គរាជទូត បានបន្ថែមថា លោកស្រី កាង ឈៀង-វ៉ា មិនទាន់មានការឆ្លើយតបបែបណានៅឡើយទេ ចំពោះសំណើនេះ។ ប៉ុន្តែលោកស្រី បានបង្ហាញការរីករាយ នៅពេលសាធារណរដ្ឋកូរ៉េ បានរួមចំណែកធ្វើឱ្យជីវភាព ប្រជាពលរដ្ឋខ្មែរ បានប្រសើរតាមរយៈការងារនេះ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េ មានលក្ខខណ្ឌការងារច្បាស់លាស់ និងមានការគាំពារខ្ពស់ដល់សិទ្ធិ សុខុមាលភាពរបស់ពលករ។

លោកស្រីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ក៏បានអះអាងដែរថា ពលករកម្ពុជា ដែលបាននិងកំពុងធ្វើការ នៅក្នុងប្រទេសកូរ៉េនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ។

គូរកត់សម្គាល់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា លើទឹកដីកូរ៉េនេះ ក៏មានពលករខ្មែរជាច្រើននាក់ ដែលមាននិន្នាការប្រឆាំង និងជាសមាជិករបស់គណបក្សប្រឆាំង ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នៅកូរ៉េខាងត្បូង ត្រៀមខ្លួននិងកម្លាំង ដើម្បីធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលសម្តេច ហ៊ុន សែន ស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕ ដោយ៖កូឡាប

website_news/2019261104.txt · Last modified: 2019/11/26 13:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki