website_news:2019261105

យុទ្ធនាការ១៦ថ្ងៃជាសកលប្រឆាំងអំពើហិង្សាលើស្ត្រីចាប់ផ្តើមនៅថ្ងៃនេះក្នុងសកម្មភាពផ្សេងៗគ្នា

http://km.rfi.fr/cambodia/ ដោយ អ៊ឹង ប៊ុនថន 25/11/2019

នៅថ្ងៃចន្ទនេះ គឺជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការ១៦ថ្ងៃជាសាកល ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ខាងមុខ។ ក្រុមអ្នកធ្វើការងារខាងផ្នែក សិទ្ធិស្ត្រីនៅកម្ពុជាបានចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅក្នុងរូបភាពផ្សេងៗគ្នា ខណៈគេកត់សំគាល់ឃើញថា អំពើហិង្សានៅក្នុងគ្រួសារពិសេសហិង្សាទៅលើស្ត្រីភេទនៅតែកើតមានជាបន្តបន្ទាប់ ហើយនៅជាក្តីកង្វល់ដដែល។

យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយអង្គការលីកាដូ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាលើក្មេងស្រីប្រមាណ១១០ករណី ក្នុងនោះមានករណីរំលោភសេពសន្ថវៈចំនួន៩០ករណី បានកើតឡើង ហើយមានករណីរំលោភសម្លាប់៨ករណី ដែលបានកត់ត្រា។ ការកើតមានអំពើហិង្សាគឺដោយសារតែកត្តាជាច្រើនរួមមាន ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន ភាពក្រីក្រ និងការអនុវត្តច្បាប់ទៅលើជនល្មើសនៅមានភាពទន់ខ្សោយ។ នេះជាការកត់សំគាល់របស់ លោកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)។លោកស្រីបានបន្ទោសទៅលើភាពបរាជ័យនៃការប្រើប្រាស់ច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីថាមិនមានប្រសិទ្ធភាព។

បើតាមសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ សំណុំរឿងអំពើហិង្សាក្នុងគ្រួសារដែលត្រូវបានបិទបញ្ចប់ចំនួន ២៣៧ករណី ដែលលីកាដូបានឃ្លាំមើលចាប់ពីដើមឆ្នាំ២០១៤ ដល់ ចុងឆ្នាំ២០១៦។ មានជាង៤០ភាគរយនៃករណីទាំងនេះ ត្រូវបានបិទបញ្ចប់ដោយជនរងគ្រោះនៃអំពើហិង្សា ត្រឡប់ទៅរស់នៅជាមួយដៃគូដែលមានចរិតហិង្សាវិញ ហើយមានតែ២០ភាគរយប៉ុណ្ណោះដែលត្រូវបានបិទបញ្ចប់ដោយបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងជនល្មើស។ ករណីក្រៅពីនេះផ្សេងទៀត ត្រូវបានបិទបញ្ចប់ដោយប្ដីប្រពន្ធរស់នៅផ្សេងគ្នា ឬលែងលះគ្នា ប៉ុន្តែមិនមានបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងជនល្មើសទេ។

ការស្រាវជ្រាវបានរកឃើញថា មានករណីជាច្រើនដែលអាជ្ញាធរមិនបានទទួលស្គាល់ ឬចាត់ទុកអំពើហិង្សាក្នុងគ្រួសារថាជា បទល្មើសព្រហ្មទណ្ឌ ដូច្នេះហើយទើបពួកគាត់មិនសូវយកចិត្តទុកដាក់ខ្លាំងក្នុងការចាត់វិធានការលើករណីនេះ។ របាយការណ៍ដែលផ្សព្វផ្សាយដោយ អង្គការលីកាដូនេះសន្និដ្ឋានថា ការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា នាពេលបច្ចុប្បន្ន ពុំទាន់មានប្រសិទ្ធភាពទេ ដោយសារស្រ្តីមានជម្រើសតិចតួចពេក ក្រៅតែពីការសម្រេចចិត្តបន្តរស់នៅជាមួយស្ថានភាពហិង្សា៕

សារព័ត៌មាន ភ្នំពេញ

website_news/2019261105.txt · Last modified: 2019/11/26 13:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki