website_news:2019261202

ចាប់ខ្លួនប្រធានក្រុមហ៊ុន ដែលនាំពលករទៅធ្វើការនៅប្រទេសកូរ៉េ

http://kampucheathmey.com/ 25/12/2019 5:18 Pm

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានបញ្ជូនប្រធានក្រុមហ៊ុន ដែលថានាំពលករទៅធ្វើការនៅប្រទេសកូរ៉េ មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើឆបោក។ ជនសង្ស័យឈ្មោះ ប៉ែន សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាគ្រូបង្រៀនផង និងជាប្រធានក្រុមហ៊ុនផង មានអាសយដ្ឋាននៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមមន្ត្រីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនសង្ស័យរងនូវពាក្យបណ្ដឹងរបស់ជនរងគ្រោះជាង៨០នាក់លើទំហំទឹកប្រាក់ប្រមាណ១៦ម៉ឺនដុល្លារអាមេរិកក្នុងរូបភាពអូសទាញជនរងគ្រោះនាំទៅធ្វើការនៅប្រទេសកូរ៉េ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រយៈពេលកន្លងមកនេះ ជនសង្ស័យបានបើកក្រុមហ៊ុនមួយ ហើយមានបើកសាលាបង្រៀនជាភាសាកូរ៉េ ដើម្បីនាំពលករទៅធ្វើការនៅទីនោះ ដោយក្រុមហ៊ុនបានតម្រូវឲ្យពលករបង់ប្រាក់មុន ដូចជា ថ្លៃការស្នាក់នៅ ថ្លៃបង្រៀនភាសាកូរ៉េ ថ្លៃសំបុត្រយន្តហោះ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត។ ក្រុមហ៊ុនបានកំណត់ថ្ងៃខែ និងពេលវេលា ដើម្បីនាំពលករចេញដំណើរទៅធ្វើការនៅប្រទេសកូរ៉េ ក៏ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់ ស្រាប់តែក្រុមហ៊ុនមិនបាននាំពលករចេញទេនឹង ចេះតែពន្យារពេលរហូត លុះពេលពលករស្រាវជ្រាវទៅទើបដឹងថា ក្រុមហ៊ុននេះអត់មានច្បាប់អនុញ្ញាតពីរដ្ឋាភិបាល ដើម្បីនាំពលករចេញទៅធ្វើការនៅប្រទេសកូរ៉េនោះឡើយ ដូច្នោះហើយបានជាដើមបណ្ដឹងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។ រហូតមកដល់ថ្ងៃដដែលនេះ តុលាការ នៅមិនទាន់បានសាកសួរជនសង្ស័យនៅឡើយទេ៕ អត្ថបទ ៖ មករា

website_news/2019261202.txt · Last modified: 2019/12/26 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki