website_news:2019261203

លោក អំ សំអាត៖ ការជួញដូរមនុស្សមានលក្ខណៈជាប្រព័ន្ធ ទើបសមត្ថកិច្ចពិបាកបង្រ្កាប

https://vayofm.com/news/ 25-12-2019

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឈ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO) បានលើកឡើងថា ការជួញដូរមនុស្សនៅក្នុងពិភពលោកមានលក្ខណៈជាប្រព័ន្ធ ទើបធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការ បង្ក្រាបដោយក្នុងនោះមានទាំងសមត្ថកិច្ចកម្ពុជាផងដែរ។ ថ្មីៗនេះលោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាព អ៊ឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាមានអ្នកធ្វើចំណាកស្រុកច្រើនទៅកាន់ប្រទេសថៃ ពិសេសក្នុងវិស័យ នេសាទ ដែលមួយចំនួនប្រឈមការជួញដូរមនុស្ស ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់ និងការជួយជ្រមជ្រែងសមស្របណាមួយនោះ។ លោកស្រីបានអះអាងថា នៅសហភាពអ៊ឺរ៉ុបមានគោលនយោបាយអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចផ្លាស់ទីទៅធ្វើការដោយសេរីនៅក្នុងសហភាពអ៊ឺរ៉ុប ប៉ុន្តែថានៅក្នុងតំបន់អាស៊ាន មិនទាន់មានយន្តការនេះទេ ដូច្នេះនឹងអាចធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនក្លាយជាអ្នកចំណាកស្រុកខុសច្បាប់ និងក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឈ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO) បានលើកឡើងថា រដ្ឋាភិបាលខិតខំបង្រ្កាបយ៉ាងណាក៏ដោយ ក៏ការជួញដូរមនុស្សនេះនៅតែបន្តកើតមានដដែល ដោយ លោកស្នើឲ្យរដ្ឋាភិបាលខិតខំបន្ថែមទៀតក្នុងការបង្រ្កាប ក៏ដូចជាទប់ស្កាត់អំពើជួញដូរមនុស្សនេះ។ លោកបាន អះអាងថា ការជួញដូរមនុស្សនៅក្នុងពិភពលោកមានលក្ខណៈជាប្រព័ន្ធ ទើបធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្រ្កាប ក្នុងនោះមានទាំងប្រទេសកម្ពុជាផង។ លោក អំ សំអាត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្សកើតមានដោយសារ កម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ការធ្វើចំណាកស្រុកដោយពុំបានទទួលបានព័ត៌មានគ្រប់ គ្រាន់ ដោយសារកត្តាជីវភាពជាដើម ដែលជាហេតុងាយរងគ្រោះក្នុងអំពើជួញដូរមនុស្សណាស់។ លោកក៏បានគូស បញ្ជាក់ទៀតថា សម្រាប់អង្គការលីកាដូ ក្នុងឆ្នាំ២០១៩នេះ បានទទូលការពឹងពាក់ឲ្យជួយប្រមាណជា ៣០ទៅ ៤០ ករណី ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនេះ។

គួរបញ្ជាក់ថា ថ្មីៗនេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ដែលអូសទាញទៅធ្វើការក្រៅប្រទេសដោយមិនស្របច្បាប់តាមបណ្ដាញផ្សេងៗ។ លោកបានបញ្ជាក់ ថាប្រសិនបើមានអ្នកណាម្នាក់ ដើរឃោសនាអូសទាញបងប្អូនចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស សូមរាយការ ទៅសមត្ថកិច្ចបន្ទាន់ ឬសួរនាំឲ្យបានច្បាស់ថា តើមេខ្យល់នេះមកពីប្រភពណា? ឈ្មោះអ្វី? មានឯកសារស្របច្បាប់ ឬមិនមាន? ក្នុងន័យដើម្បីកុំឲ្យប្រជាពលរដ្ឋចាញ់បោកមេខ្យល់ ចាញ់បោកការអូសទាញពីជនខិលខូចទាំងនោះ។

website_news/2019261203.txt · Last modified: 2019/12/26 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki