website_news:2019261204

មន្រ្តីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទទួលបានការបណ្តុះបណ្តាលស្តីពី យេនឌ័រ

http://cambodiapolice.com/policekh/ 11:06 am 26 ធ្នូ 2019

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ និងទទួលបានការអនុញ្ញាតពី ឯកឧត្តមប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី យេន ឌ័រ ដល់មន្រ្តីនគរបាលចំណុះឲ្យនាយកដ្ឋានចំនួន ២៨នាក់ (ស្រី ៨នាក់) ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន តំណាង ឯកឧត្តមប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ ពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន នាយ នាយរងការិយល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកស្រីឧត្តមសេនីយ៍ទោ ណា នាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជាប្រធានក្រុមការងារយេនឌ័រ បានឲ្យដឹងថា នៅថ្ងៃនេះលោក លោកស្រីបាននឹងកំពុងបង្ហាញឲ្យឃើញពីការរួមគ្នាក្នុងការយកចិត្តទុកដាក់លើកកម្ពស់ ឋានៈ តួនាទី ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចដល់ស្រ្តីកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត។ ជាក់ស្តែងឆ្លងតាមការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតមកដល់ពេលនេះយើងសង្កេតឃើញថាតួនាទី ឋានៈ ការយល់ដឹងរបស់ស្រ្តីកំពុងត្រូវបានលើកកម្ពស់យ៉ាងល្អប្រសើរ នេះជាឱកាសបើកលទ្ធភាពកាន់តែច្រើនដល់ការចូលរួម អនុវត្ត តួនាតី ភារកិច្ច សាមគ្គីភាព ការសម្រេចចិត្តរបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ទាំងការងារក្នុងអង្គភាព ការងារសង្គម ក៏ដូចជាការងារនៅក្នុងគ្រួសារផងដែរ។ លោកស្រី បន្ថែមទៀតថា ឆ្លងតាមការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងយល់ដឹងពីច្បាប់ជាតិ អន្តរជាតិនានា ដែលពាក់ព័ន្ធ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងស្ថាប័ននគរបាលជាតិ ពិសេសកាត់បន្ថយគម្លាតយេនឌ័រ បង្កើត និងពង្រីកភាពអង់អាចក្នុងការបំពេញតួនាទីរបស់នគរបាលជាស្រ្តី នៅក្នុងអង្គភាព។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានគាំទ្រ និងលើកកម្ពស់ដល់តម្លៃស្រ្តី នៅក្នុងជួរស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាក់ស្តែងនៅក្នុងនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន បានរៀបចំតួនាទី ភារកិច្ច ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់នាយកដ្ឋាន ទាំងនេះស្តែងចេញឲ្យឃើញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការលើកកម្ពស់ស្រ្តីឲ្យចូលរួមចំណែកក្នុងការដឹកនាំការងារជំនាញ និងការងារផ្សេងទៀត។ ស្រ្តីមិនត្រឹមតែជាមេផ្ទះនោះទេ ស្រ្តីក៏មានសមត្ថភាព ជំនាញវិជ្ជាជីវៈអាចធ្វើការងារដូចបុរសផងដែរ។ លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង បញ្ជាក់ទៀតថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន ចាំបាច់ណាស់ត្រូវតែមាននគរបាលជាស្រ្តី ព្រោះបទល្មើសជាច្រើនត្រូវមាននគរបាលជាស្រ្តី ដើម្បីធ្វើការសួរចម្លើយពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ដូចជាបទល្មើសរំលោភសេពសន្ថវៈជាដើម ដែលនគរបាលជាបុរសពិបាកក្នុងការសួរយកចម្លើយ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណដល់ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ និងថ្លែងកោតសរសើរដល់ក្រុមការងារយេនឌ័រនាយកដ្ឋាន ដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីឲ្យមន្រ្តីនគរបាលក្នុងនាយកដ្ឋានបានយល់ដឹងពីសមភាពយេនឌ័រ ក៏ដូចជាការចូលរួមរបស់ស្រ្តីក្នុងការអភិវឌ្ឍន៍សង្គមជាតិ៕

website_news/2019261204.txt · Last modified: 2019/12/26 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki