website_news:2019270201

ក្រសួងការងារចាប់ផ្តើមដាក់ឲ្យប្រើប្រាស់រថយន្តមជ្ឈមណ្ឌលការងារចល័តនៅទូទាំងប្រទេស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ០៩:៥៨ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ ដើម្បីផ្ដល់ព័ត៌មាន និងឱកាសការងារកាន់តែខិតជិតដល់សិស្សនិស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើនៅគ្រប់ទីកន្លែងទូទាំងប្រទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ឲ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត ដំបូងគេបង្អស់នៅកម្ពុជា ។ ថ្លែងក្នុងសន្និសីទបិទគម្រោងស្តីពី«ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត» កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់នូវរថយន្តមជ្ឈមណ្ឌលការងារចល័តពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារ ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ ។ ទន្ទឹមនឹងនេះយុវជនទទួលបានការងារកាន់តែងាយស្រួលឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបន្ដថា ក្រសួងការងារបានខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប ។

លោកបានបញ្ជាក់ថា«ការអនុវត្តគម្រោង SIDA ទាំងពីរដំណាក់កាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្សនិងទីផ្សារការងារ ជាពិសេសយុវជនឲ្យទទួលបានការងារកាន់តែងាយស្រួលឆាប់រហ័ស និងចំណេញពេលវេលាដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័ យការងាររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះឲ្យបានទៅដល់ ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប» ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា តាមរយៈការអនុវត្តគម្រោងនេះអ្នកទទួលផលផ្ទាល់ដែលភាគច្រើនជាយុវជនសិស្សនិស្សិត ស្ត្រី និងជនពិការបានទទួលការបណ្តុះបណ្តាលអភិវ ឌ្ឍជំនាញ និងទទួលបានឱកាសការងារកាន់តែងាយស្រួលមានជាអាទិ៍ការបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពចំនួន៣,៤៥០នាក់ អ្នកចុះឈ្មោះស្វែងរកការងារសរុបចំនួនប្រ មាណ៩ម៉ឺននាក់ អ្នកទទួលបានការងារធ្វើប្រមាណ២ម៉ឺននាក់ សិស្សនិស្សិត និងអ្នកស្វែងរកការងារទទួលការប្រឹក្សាអាជីពចំនួនប្រមាណ១៤ម៉ឺននាក់ យុវជនទទួលបានកម្មសិក្សាចំនួន៧៤៩នាក់ ។

លោកបន្ថែមថា ការដាក់ឲ្យប្រើប្រាស់នូវរថយន្ត«មជ្ឈមណ្ឌលការងារចល័ត»ដំបូងគេបង្អស់នៅកម្ពុជាដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខងារផ្តល់នូវសេវាសំខាន់ៗដូចមជ្ឈមណ្ឌលការងារធម្មតាដែរ ដូចជា ការស្វែងរកមើលព័ត៌មានការងារ ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធើណិត និងទម្រង់ក្រដាស ការទទួលប្រឹក្សាយោបល់ការងារ និងបណ្ណាល័យការងារជាដើម ។ ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌលការងារចល័ត គឺអាចនាំយកសេវាការងារ និងព័ត៌មានឱកាសការងារកាន់តែខិតជិតដល់ប្រជាពលរដ្ឋអ្នកស្វែងរកការងារសិស្សនិស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ ។ ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌលការងារចល័ត គឺអាចនាំយកសេវាការងារ និងព័ត៌មានឱកាសការងារកាន់តែខិតជិតដល់ប្រជាពលរដ្ឋ អ្នកស្វែងរកការងារសិស្សនិស្សិត នៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ ៕

website_news/2019270201.txt · Last modified: 2019/02/27 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki