website_news:2019270203

ពលរដ្ឋខ្មែរ ធ្វើការនៅកូរ៉េ នឹងទទួលជំនាញ មួយច្បាស់លាស់ និងនាំសេដ្ឋកិច្ចចូលកម្ពុជា

https://www.dap-news.com/ ByID:112 Posted on 27 February 2019 | 11:02

ភ្នំពេញ ៖ លោក ឡុង ឌឺម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ បានលើកឡើងថា ពលរដ្ឋខ្មែរធ្វើការនៅកូរ៉េជាច្រើន ជាពិសេសស្ត្រី នឹងទទួលបានជំនាញ ក៏ដូចជានាំសេដ្ឋកិច្ចយកចូលទៅកម្ពុជាវិញ នាពេលខាងមុខ។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់លោក ឡុង ឌឺម៉ង់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩បានឲ្យដឹងថា លោកបានធ្វើដំណើរ តាមរថភ្លើងទៅកាន់តំបន់មីលីយាំង ដែលជាតំបន់កសិកម្មដ៏មមាញឹកមួយ ចម្ងាយជិត៤០០គីឡូម៉ែត ហើយមានពលករខ្មែរជាច្រើន ជាពិសេសស្ត្រី បាននិងកំពុងធ្វើការនៅទីនោះ។ លោកបញ្ជាក់ថា “ពួកគាត់ខំប្រឹងធ្វើការនេះ ដើម្បីទទួលបាននូវជំនាញ ក៏ដូចជាសេដ្ឋកិច្ចយកចូលទៅប្រទេសកម្ពុជាវិញនាពេលខាងមុខ” ។

ជាមួយគ្នានេះ លោកបន្តថា ស្ថានទូតបានជួបពិគ្រោះពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួនដែលប្រព្រឹត្តដោយពលករ ជាមួយសមាគមនិយោជកកូរ៉េដែលទទួលយកពលករបរទេស ដោយត្រង់ទៅត្រង់មក និងមានលក្ខណៈកែលម្អក្នុងន័យស្ថាបនា។ លោក ឡុង ឌឺម៉ង់ ឲ្យដឹងទៀតថា កង្វល់ក៏ដូចជាសំណូមពររបស់ភាគីថៅកែ បានយកមកសម្របសម្រួល និងអប់រំណែនាំជូនពលករ ក្នុងន័យស្រលាញ់ អាណិតលើកតំកើងកិត្តិយសកិត្យានុភាពជាតិសាសន៍ ដោយមិនចង់ឲ្យបរទេសមើលស្រាលដោយសារតែរបៀបរបបរស់នៅ និងចរិកមាយាទប្រចាំថ្ងៃដែលនៅខ្វះចន្លោះនោះទេ៕ ដោយ៖ នឿត សម្ផស្ស

website_news/2019270203.txt · Last modified: 2019/02/27 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki