website_news:2019270206

អាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរ ជាង៤០នាក់មកកម្ពុជាវិញ ស្របពេលភាគខាងត្បូងប្រទេសថៃ កើតមានភេរវកម្ម និងបញ្ហាអសន្តិសុខ

https://www.dap-news.com/ ByID:114 Posted on 26 February 2019 | 16:43

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃអាជ្ញាធរថៃ បានធ្វើការចាប់បញ្ជូនពលករខ្មែរ ចំនួន៤៤នាក់ មកកាន់កម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយសារមានភេវរកម្ម និងបញ្ហាអសន្តិសុខ នៅខេត្តភាគខាងត្បូងប្រទេសថៃ។

យោងតាមគេហទំព័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលពលករខ្មែរ ១០នាក់ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ ក្នុងនោះស្រី ៥នាក់ និងកុមារ ១នាក់។ ចំណែកកម្លាំង ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ ច្រកទ្វារបានផាកាត ខេត្តចន្ទបូរី មិនប្រថាប់ត្រាអនុញ្ញាត ឲ្យចូលប្រទេស។

កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសួរនាំ នូវពលរដ្ឋខ្មែរខាងលើ បានឲ្យដឹងថា សមត្ថកិច្ចអន្តោប្រវេសន៍ថៃ មិនអនុញ្ញាតឲ្យចូលប្រទេស ពលរដ្ឋទាំងអស់នោះ មានគោលបំណង ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី មូលហេតុដោយសារមានភេរវកម្ម និងអសន្តិសុខ នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។ បន្ទាប់ពីបានសួរនាំរួច កម្លាំងនគរបាលប៉ុស្តិ៍ បានណែនាំនិងពន្យល់ដល់ពលករថា សមត្ថកិច្ចខាងកម្ពុជា មិនហាមឃាត់ ក្នុងការធ្វើដំណើរចេញពីប្រទេសទេ តែការហាមមិនឲ្យចូលប្រទេសថៃ ជាសិទ្ធិរបស់សមត្ថកិច្ចថៃ៕

website_news/2019270206.txt · Last modified: 2019/02/27 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki