website_news:2019270207

ប៉ូលិសថៃគ្រោងចាត់វិធានការលើសិស្សខ្មែរឥស្លាមរឿងប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍ថៃ

https://www.rfa.org/khmer/news/ ដោយ មួង ណារ៉េត 2019-02-26

អាជ្ញាធរថៃគ្រោងបើកកិច្ចប្រជុំជាមួយតំណាងសាលាឥស្លាមឯកជនច្រើនជាង ៦០០កន្លែង នៅខេត្តភាគត្បូង ក្នុងរវាងពីរសប្ដាហ៍ខាងមុខទៀតនេះ បន្ទាប់ពីទទួលដំណឹងថា មានសិស្សខ្មែរជាច្រើននាក់ កំពុងសិក្សាដោយខុសច្បាប់នៅទីនោះ។ អង្គការសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ករណីនេះឱ្យបានទាន់ពេលវេលា ដោយកុំរង់ចាំរហូតទាល់តែមានការចាប់ខ្លួនពលរដ្ឋខ្មែរទាំងនោះ។ អាជ្ញាធរថៃអះអាងថា មានសិស្សខ្មែរឥស្លាមរាប់រយនាក់មកពីកម្ពុជា កំពុងរៀនសូត្រអំពីសាសនាឥស្លាមដោយខុសច្បាប់ នៅក្នុងខេត្តយ៉ាឡា (Yala) ប៉ាតានី (Patani) ណារ៉ាធីវ៉ាត (Narathiwat) និងខេត្តសុងខ្លា (Songkhla) ស្ថិតនៅភាគត្បូងប្រទេសថៃ ដែលជាកន្លែងប្រឈមមុខដាក់គ្នារវាងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមផ្ដាច់ទឹកដី។ កិច្ចប្រជុំដែលអាជ្ញាធរថៃគ្រោងធ្វើជាមួយនឹងតំណាងសាលាឯកជនឥស្លាមទាំងនោះ គឺដើម្បីស្ដាប់មតិយោបល់របស់ពួកគេ និងដើម្បីអប់រំពួកគេឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់អន្តោប្រវេសន៍។

មេប៉ូលិសអន្តោប្រវេសន៍ថៃ លោក សុរៈឆេត ហាក់ផាន (Surachate Hakparn) ត្រូវបានកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីកាលពីពេលថ្មីៗនេះថា អាជ្ញាធររីករាយនៅពេលឃើញសិស្សកម្ពុជាមកទទួលការអប់រំផ្នែកសាសនាឥស្លាមនៅប្រទេសថៃ ពីព្រោះកម្ពុជាមិនទាន់មានសាលាឥសា្លមដែលមានស្តង់ដារត្រឹមត្រូវនៅឡើយ។ ក៏ប៉ុន្តែលោកថា សិស្សគ្រប់គ្នាត្រូវតែចូលមកក្នុងប្រទេសថៃ ដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ។ មេប៉ូលិសថៃរូបនេះ អះអាងថា អាជ្ញាធរថៃមិនមែនចង់និយាយថា ពលរដ្ឋខ្មែរកំពុងចូលមកបង្កបញ្ហានៅក្នុងស្រុកថៃឡើយ ក៏ប៉ុន្តែបើពួកគេស្នាក់នៅលើសកំណត់ ប៉ូលិសអន្តោប្រវេសន៍ត្រូវតែចាប់ខ្លួនពួកគេ និងអនុវត្តទៅតាមច្បាប់។ វិធានការដែលអាជ្ញាធរថៃគ្រោងនឹងដាក់ចេញនេះ គឺនៅបន្ទាប់ពីជនជាតិខ្មែរឥស្លាមជាង ១០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីចុងខែមករា កន្លងទៅ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមចលនាបះបោរមូស្លីមនៅភាគខាងត្បូងប្រទេសថៃ។ ក៏ប៉ុន្តែ ពួកគេត្រូវបានដោះលែងឱ្យត្រឡប់ទៅកម្ពុជាវិញ ដោយសារអាជ្ញាធរថៃរកមិនឃើញពីការជាប់ពាក់ព័ន្ធនឹងក្រុមចលនាបះបោរ។ បទល្មើសដែលអាជ្ញាធរថៃរកឃើញ គឺការចូលមកក្នុងទឹកដីថៃដោយខុសច្បាប់ ការស្នាក់នៅខុសច្បាប់ និងការស្នាក់នៅលើសច្បាប់កំណត់។

ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតខ្មែរនៅទីក្រុងបាងកក គួរតែចុះអន្តរាគមន៍រឿងនេះឱ្យបានទាន់ពេលវេលា ចៀសវាងការចាប់ខ្លួនទ្រង់ទ្រាយធំ នៅពេលសមត្ថកិច្ចថៃចុះទៅពិនិត្យទីតាំងសាលាឥស្លាមទាំងនោះ។ លោកបន្តថា អាជ្ញាធរកម្ពុជាគួរតែសហការជាមួយអាជ្ញាធរថៃ ដើម្បីឱ្យសិស្សខ្មែរឥស្លាមទាំងនោះទទួលបានសិទ្ធិស្នាក់នៅប្រទេសថៃដោយស្របច្បាប់ ទម្រាំពួកគេបញ្ចប់ការសិក្សារបស់ខ្លួន៖ «នៅភាគខាងត្បូងប្រទេសថៃនេះ ជាតំបន់មួយដែលមានភាពប្រទាញប្រទង់រឿងបំបែករដ្ឋ ដូច្នេះជាធម្មតាថៃមានការរឹតបន្តឹងចំពោះការស្នាក់នៅខុសច្បាប់។ នេះជាបញ្ហាចម្បងដែលថៃនឹងមានវិធានការ អ៊ីចឹងដើម្បីកុំឱ្យមានបញ្ហាដល់បងប្អូនខ្មែរឥស្លាមដែលទៅសិក្សាហ្នឹង រដ្ឋាភិបាលតាមរយៈស្ថានទូតខ្មែរប្រចាំប្រទេសថៃ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការផ្តល់ភាពស្របច្បាប់ដល់បងប្អូនខ្មែរឥស្លាមដែលកំពុងបន្តការសិក្សា»។

អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកបាននៅឡើយទេ នៅថ្ងៃទី២៦ កុម្ភៈ ចំណែកមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទងបានដូចគ្នា ដោយលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែលោកធ្លាប់បានអះអាងប្រាប់អាស៊ីសេរី កាលពីដើមខែកុម្ភៈថា រដ្ឋាភិបាលកម្ពុជាមិនគាំទ្រចំពោះទង្វើល្មើសច្បាប់នេះឡើយ ហើយការអនុវត្តច្បាប់លើពលរដ្ឋខ្មែរដែលប្រព្រឹត្តខុសច្បាប់ថៃនោះ គឺជាការសិទ្ធសម្រេចរបស់អាជ្ញាធរថៃ។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងទៅលោក អូស្មាន ហាស្សាន់ ដែលជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដើម្បីសាកសួរព័ត៌មានអំពីការចេញទៅសិក្សារបស់សិស្សខ្មែរឥស្លាមទាំងនោះដែរ ក៏ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។

អ្នកការពារសិទ្ធិមនុស្ស លោក អំ សំអាត ស្នើឱ្យពលរដ្ឋខ្មែរមានឯកសារស្របច្បាប់គ្រប់គ្រាន់ មុននឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីបញ្ចៀសការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញណាមួយនៅក្រៅប្រទេស។ លោកក៏ស្នើឱ្យស្ថាប័នជំនាញយកចិត្តទុកដាក់បន្ថែមទៀតចំពោះជនជាតិខ្មែរឥស្លាមដែលទៅរៀនសូត្រនៅភាគខាងត្បូងប្រទេសថៃ ព្រោះពួកគេអាចស្ថិតក្នុងហានិភ័យខ្ពស់ នៃការចោទប្រកាន់ពាក់ព័ន្ធនឹងការចូលរួមចលនាបះបោរប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកក៖ «ទោះបីជាខ្មែរឥស្លាមមានឯកសារគ្រប់គ្រាន់ក្នុងការស្នាក់នៅ និងបន្តការសិក្សានៅភូមិភាគខាងត្បូងប្រទេសថៃហ្នឹងក៏ដោយ ក៏មុនពេលដែលចេញទៅ រដ្ឋាភិបាលគួរតែមានការរំឭក និងដាស់តឿនពួកគាត់ហ្នឹងឱ្យបានដឹងហើយមានការប្រុងប្រយ័ត្នពីសុវត្ថិភាពក្នុងការស្នាក់នៅ និងការសិក្សានៅភូមិភាគខាងត្បូងនៃប្រទេសថៃហ្នឹង ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបញ្ហាផ្សេងៗចំពោះពួកគាត់»។

គិតត្រឹមពេលបច្ចុប្បន្ន យ៉ាងហោចណាស់ក៏មានមនុស្សប្រមាណ ៧ ពាន់នាក់ដែរ ដែលបានបាត់បង់ជីវិតដោយសារជម្លោះប្រដាប់អាវុធរវាងទាហានរដ្ឋាភិបាលថៃ និងក្រុមចលនាមូស្លីមបះបោរនៅភាគខាងត្បូងប្រទេសថៃ ជាប់ព្រំប្រទល់ប្រទេសម៉ាឡេស៊ី។ អាជ្ញាធរថៃបានប្រើច្បាប់អាជ្ញាសឹកគ្រប់គ្រងលើដែនដីភាគខាងត្បូងនេះ តាំងតែពីឆ្នាំ ២០០៤ រហូតមក ដោយសារតែអំពើហិង្សា ការបាញ់ប្រហារ និងការកាប់សម្លាប់គ្នាកើតឡើងជាញឹកញាប់នៅតំបន់នោះ៕

website_news/2019270207.txt · Last modified: 2019/02/27 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki