website_news:2019270501

អគ្គស្នងការនគរបាលជាតិចុះ MOU ជាមួយអង្គការសង្គ្រោះជោគវាសនា (DR)

http://cambodiapolice.com/policekh/ 4:14 pm 24 ឧសភា 2019

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយអង្គការសង្គ្រោះជោគវាសនា (DR) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ , ប្រធាន អនុប្រធាននាយកដ្ឋាន និងលោក Todd Willim Morrison ប្រធានអង្គការសង្គ្រោះជោគវាសនា (DR) និងសហការីផងដែរ ។

តាមការឲ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសង្គ្រោះជនរងគ្រោះ ព្រមទាំងផ្តល់សេវាសង្គមដល់ជនរងគ្រោះ ។ ក្នុងគោលបំណងនៃ MOU នេះ បានផ្តល់ឱកាសឲ្យអង្គការ(DR) សហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្សដូចតទៅ ៖

១.នៅពេលដែលអង្គការ (DR) មានព័ត៌មាន ឬបណ្តឹងពីគ្រួសារ និងជនរងគ្រោះ (DR) នឹងត្រូវផ្តល់ព័ត៌មានមកនគរបាលប្រឆាំងការជួញដូរមនុស្សដើម្បីស៊ើបអង្កេតផ្ទៀងផ្ទាត់ព័ត៌មាននិងមានចំណាត់ការតាមនីតិវិធីនិងច្បាប់ ។

២.(DR) អាចផ្តល់ព័ត៌មានបន្ថែម ពីទីកន្លែងសង្ស័យប្រព្រឹត្តបទល្មើស និង ផ្តល់ភស្តុតាងផ្សេងៗទៀតមកនគរបាលប្រឆាំងការជួញដូរមនុស្ស។ (DR) ទទួលជនរងគ្រោះផ្តល់សេវាបឋម សេវាសង្គមបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ទីកន្លែងសុវត្ថិភាពស្នាក់នៅសម្រាប់ជនរងគ្រោះ។

៣.(DR) បានបញ្ជាក់ថា មានមណ្ឌលផ្តល់សេវានិងគាំពារដល់ជនរងគ្រោះចំនួន៣កន្លែង ទីមួយនៅរាជធានីភ្នំពេញ ទី២នៅខេត្តសៀមរាប និងទី៣នៅខេត្តកំពង់ចាម ។ (DR) នឹងធ្វើកិច្ចសហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្ស ដោយគោរពទៅតាមអនុស្សារណៈនៃការយោគយល់គ្នា និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ៕

website_news/2019270501.txt · Last modified: 2019/05/27 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki