website_news:2019270603

សំណុំរឿង ម្តាយខ្ញុំលក់ខ្ញុំ ប្រកាសសាលក្រមហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ០៨:៣៣ ឃឹម ប៊ុនណាក់

រាជធានីភ្នំពេញ ៖ សាលក្រមបានប្រកាសធ្វើឡើង កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា លើសំណុំរឿង ម្តាយខ្ញុំលក់ខ្ញុំ ដោយតម្រូវផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារកំណត់២ឆ្នាំ និងសងជម្ងឺចិត្តទៅដើមបណ្តឹង២នាក់ចំនួន៧០លានរៀល ។ សាលក្រមបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានបន្តលើកយកសំណុំរឿង ម្តាយខ្ញុំលក់ខ្ញុំ មកបើកសវនាការជំនុំជម្រះក្តី ដែលអង្គសវនាការនោះមានលោក កូយ សៅ ចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះ រាជអាជ្ញារងជាតំណាងអយ្យការ ។ ជនត្រូវចោទក្នុងសំណុំរឿងក្តីនេះឈ្មោះ រ៉ាត់ រ័ត្នមុនី ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនកាលពីថ្ងៃទី១៣ ខែធ្នូ ២០១៨ ពាក់ព័ន្ធនឹងការផលិតវីដេអូរឿង ម្តាយខ្ញុំលក់ខ្ញុំ។ ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃ ក្រមព្រហ្មទ័ណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលដើមបណ្ដឹងក្នុងសំណុំរឿងក្ដីនេះមាន៤ នាក់ ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2019270603.txt · Last modified: 2019/06/27 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki