website_news:2019270608

រដ្ឋមន្តី្រមហាផ្ទៃ ឲ្យភាគីពាក់ព័ន្ធ ពន្យល់ពលរដ្ឋខ្មែរ កុំចូលកាប់ឈើខុសច្បាប់នៅថៃ ព្រោះថៃមានសិទ្ធិ បាញ់សម្លាប់ចោល

https://www.dap-news.com/ ByID:114 Posted on 27 June 2019 | 12:50

ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋខ្មែរ ត្រូវទាហានថៃបាញ់សម្លាប់ ដោយសារតែលួចចូល កាប់ព្រៃឈើខុសច្បាប់ នាពេលកន្លងមកនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវនាំគ្នាទៅពន្យល់ប្រជាពលរដ្ឋ អំពីបញ្ហាកាប់ព្រៃឈើខុសច្បាប់នៅថៃ ពីព្រោះថៃមានច្បាប់បាញ់សម្លាប់ នៅនឹងកន្លែង ចំពោះជនណា ទៅលួចកាប់ព្រៃឈើខុសច្បាប់ លើទឹកដីរបស់គេ។ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា នៅតាមតំបន់ព្រំដែន ប្រជាពលរដ្ឋកម្ពុជា-ថៃ មានសិទ្ធិចេញចូលមករកស៊ី ជាមួយគ្នាជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលហាមឃាត់ គឺការឆ្លងដែនខុសច្បាប់ ទៅរកកាប់ឈើនៅថៃ។ សម្ដេចមានប្រសាសន៍ថា “ប៉ុន្មានថ្ងៃមុននេះដឹងថា បានចូលទៅក្នុងទឹកដីថៃ៣នាក់ រស់នៅព្រះវិហារទាំងអស់។ អាហ្នឹងធ្វើម៉េចពន្យល់ ប្រជាពលរដ្ឋកុំឲ្យចូល ពីព្រោះថៃមានច្បាប់ចេះ គឺមានច្បាប់កាត់ទោសប្រហារជីវិត ហើយមិនចាំបាច់ដល់តុលាការទេ គឺអ្នកការពារព្រៃរបស់គេមានសិទ្ធិ ដើម្បីបាញ់សម្លាប់ កាលណាអ្នកប៉ះពាល់ព្រៃរបស់គេ” ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ រំលឹកថា នាពេលកន្លងទៅសម្តេច និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថៃ ក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហានេះ។ ពេលនោះភាគីថៃប្រាប់ថា បើចាប់បានគឺបាញ់សម្លាប់តែម្តង។

ទន្ទឹងនឹងនេះ ជាមួយភាគីឡាវវិញ រដ្ឋមន្ដ្រីមហាផ្ទៃ បានថ្លែងសំណូមពរថា បើចាប់ពលរដ្ឋខ្មែរ ឆ្លងខុសច្បាប់ទៅឡាវ កុំបាញ់សម្លាប់ តែអនុវត្តន៍ទោស ទៅតាមច្បាប់ឡាវទៅ។ សម្តេចបញ្ជាក់ថា “ខ្ញុំជួបជាមួយនាយករដ្ឋមន្ដ្រីឡាវ ខ្ញុំស្នើគាត់ថា ព្រោះគាត់អត់មានច្បាប់ដូចថៃទេ (ច្បាប់បាញ់សម្លាប់) បានន័យថា ឡាវចាប់ទៅអនុវត្តតាមច្បាប់។ ប៉ុន្ដែដល់ថៃវិញគឺត្រូវបាញ់ ចឹងឡាវយើងស្នើទៅគាត់ធ្វើបាន ។ ឡាវចាប់ម៉េចចាប់ទៅ កុំតែអនុវត្តសម្លាប់ អាហ្នឹងឡាវធ្វើបាន” ។

ដើម្បីការពារធនធានធម្មជាតិ នៅកម្ពុជាឲ្យបានគង់វង្ស សម្ដេចក្រឡាហោម ស ខេង ក៏បានប្ដេជ្ញាចិត្ត ការពារធនធានធម្មជាតិឲ្យបាន ដើម្បីទុកឲ្យ កូនចៅជំនាន់ក្រោយបានមើល ខណៈនៅខេត្តព្រះវិហារ គឺសំបូរទៅដោយប្រភពរ៉ែ៕ ដោយ ៖ អេង ប៊ូឆេង

website_news/2019270608.txt · Last modified: 2019/06/27 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki