website_news:2019270804

ឃុំខ្លួនបុរសបរទេសម្នាក់ ករណីប្រព្រឹត្តអាស

https://www.postkhmer.com/ គឹម សារុំ | Publication date 26 August 2019 | 15:48 ICT

សៀមរាបៈ តុលាការខេត្តសៀមរាបកាលពីថ្ងៃទី ២៣ សីហា បានចោទប្រកាន់និងបញ្ជូនបុរសជាតិអាមេរិកាំងម្នាក់ទៅឃុំនៅពន្ធនាគារខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២១ សីហា ពាក់ព័ន្ធអំពើបៀតបៀនផ្លូវភេទលើកុមារាម្នាក់ប្រព្រឹត្តកាលពីយប់ថ្ងៃទី ១៤ សីហានៅក្រុង-ខេត្តសៀមរាប។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបប្រាប់កាលពីម្សិលមិញថា ករណីបុរសជនជាតិអាមេរិកឈ្មោះ Robinson Shaun Earl (ហៅ សន រី ហៅ ចន) អាយុ ៤០ ឆ្នាំដែលពាក់ព័ន្ធអំពើបៀតបៀនផ្លូវភេទលើកុមារា នោះត្រូវបានតុលាការចោទ និងឃុំខ្លួនហើយកាលពីថ្ងៃទី ២៣ សីហា តាមបញ្ញត្តិមាត្រា ៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ លោកថា៖ «ខ្ញុំមិនបានចាំថាចៅក្រមស៊ើបសួរមានឈ្មោះអីទេ ប៉ុន្តែជនជាតិអាមេរិកាំងម្នាក់នោះត្រូវបានចោទប្រកាន់ពីបទអំពើអាសប្រឆាំងអនីតិជនក្រោមអាយុ ១៥ ឆ្នាំ តាមសំណើរបស់ព្រះរាជអាជ្ញា»។

បើតាមបញ្ញត្តិមាត្រា ៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ ប្រសិនបើតុលាការរកឃើញកំហុសមែននោះនឹងត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលដល់ ៦ លានរៀល។

បើតាមលោក ជា ហេង ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបប្រាប់កាលពីម្សិលមិញថាឈ្មោះ Robinson Shaun Earl ជាអ្នកទេសចរស្នាក់នៅបណ្តោះអាសន្ននៅក្នុងក្រុងសៀមរាប។ លោកបានបន្តថា ជនម្នាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២១ សីហា ក្រោយពីមានបណ្ដឹងពីស្ត្រីឈ្មោះ សាន់ ឃៀង អាយុ ៤១ ឆ្នាំ ត្រូវជាម្តាយក្មេងប្រុសរងគ្រោះដោយចោទថាបានប្រព្រឹត្តអំពើអាសលើកូនគាត់កាលពីយប់ថ្ងៃទី ១៤ សីហានៅក្នុងបន្ទប់ជួលម្ដុំផ្សារចាស់ក្នុងសង្កាត់ស្លក្រាម និងបានឲ្យលុយ ២៥ ដុល្លារនៅពេលព្រឹកឡើងថ្ងៃទី ១៥ សីហា ហើយឲ្យមកផ្ទះវិញ។ ចំណែកវត្ថុតាងដែលរកឆែកឃើញរួមមាន៖ Ipsy១ គ្រឿង, អង្គចងចាំ ១ គ្រឿង, ដៃហ្គេមក្មេងលេង ៣ គ្រឿង និងទឹកថ្នាំរអិល ២ ដប៕

website_news/2019270804.txt · Last modified: 2019/08/27 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki