website_news:2019270807

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

http://cambodiapolice.com/policekh/ 12:47 pm 26 សីហា 2019

ភ្នំពេញ ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការទាក់ទង នឹងការស៊ើបអង្កេតទូទៅ និងការស៊ើបអង្កេតប្រមូលភស្ដុតាង ការកសាងសំណុំរឿង ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ និងនីតិវិធីកសាងសំណុំរឿងទៅតុលាការ។ ឯកឧត្តម បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានឧទ្ទេសនាមដោយគ្រូដែលអញ្ជើញមកពីសហរដ្ឋអាមេរិច ដែលគាត់មានចំណេះដឹង និងបទពិសោធន៍ច្រើន ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសការសង្គ្រោះជនរងគ្រោះពីអំពើរំលោភបំពានផ្លូវភេទលើកុមារ ក៏ដូចជាអំពើធ្វើអាជីវកម្មផ្លូវភេទ ហេតុដូចនេះហើយវាគឺជាបទពិសោធន៍ ដែលត្រូវចែករំលែកទៅវិញទៅមកក្នុងរយៈពេលក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ដែរថា ការចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងតាមរយៈការបណ្ដុះបណ្ដាលនេះ អាចនឹងយកទៅបម្រើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីក្នុងគោលបំណងតែមួយគឺ ចាប់ជនប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់ និងកាត់បន្ថយអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ឯកឧត្តម ក៏បានសំណូមដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សូមយកចិត្តទុកដាក់ស្ដាប់ ចូលរួមចែករំលែកបទពិសោធន៍ទៅវិញទៅមក ក្នុងគោលបំណងដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ ហើយអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក៏បានថ្លែងអំណរគុណដល់អង្គការ DR ដែលបានឧបត្ថម្ភគាំទ្រ និងផ្ដួចផ្ដើមឲ្យមានវគ្គបណ្ដុះបណ្ដាលនេះលើកទីមួយ ហើយនឹងសង្ឃឹមមានការវគ្គបណ្ដុះបណ្ដាលនេះបន្តទៀត ជាពិសេសបើមានវគ្គបណ្ដុះបណ្ដាលសូមបន្ថែមលើបទល្មើសតាមប្រព័ន្ធ Online ផងដែរ៕

website_news/2019270807.txt · Last modified: 2019/08/27 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki