website_news:2019270809

កម្ពុជា-វៀតណាម-ឡាវ បន្តជំរុញអភិវឌ្ឍន៍ តំបន់ត្រីកោណ ដើម្បីទប់ស្កាត់បញ្ហាអសកម្មមួយចំនួន

https://www.dap-news.com/archives/ ByID:112 Posted on 27 August 2019 | 11:07

ភ្នំពេញ ៖ គណៈកម្មការជំនាញ របស់រដ្ឋសភា នៃប្រទេសកម្ពុជា-វៀតណាម និងឡាវ ព្រមទាំងភាគីពាក់ព័ន្ធបានបន្តជំរុញឲ្យមានការអភិវឌ្ឍ តំបន់ត្រីកោណ ដើម្បីចែករំលែក និងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធនូវបញ្ហា មិនប្រក្រតីមួយចំនួន។ បញ្ហាទាំងនោះរួមមាន បញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម ។ ក្នុងនោះក៏ត្រូវបន្តខិតខំស្វែងរក និងលើកទឹកចិត្តដើម្បីទាក់ទាញ វិនិយោគទុនបរទេស និងកៀរគរមូលនិធិបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណលើហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបណ្តាញគមនាគមន៍ ។ នេះបើតាមការលើកឡើង របស់តំណាងប្រទេសទាំង៣ ក្នុងកិច្ចប្រជុំលើកទី៤រវាងគណៈកម្មការ-គណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោកបណ្ឌិត ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា បានបញ្ជាក់ថា វិស័យសន្តិសុខ និងការពារជាតិ មានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ។ លោកបណ្ឌិតក៏ឲ្យបន្តពង្រឹង លើកកម្ពស់តាមដានត្រួតពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនានា ដើម្បីរួមចំណែកដល់ការថែរក្សាសនិ្តសុខ និងសណ្តាប់ធ្នាប់ សំដៅទប់ស្កាត់រាល់បទឧក្រិដ្ឋឆ្លងដែននានា ធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ វិនិយោគិន និងធុរៈជនទាំងឡាយ ព្រមទាំងលើកកម្ពស់កម្រិតជីវភាព យុត្តិធម៌ សង្គមឲ្យប្រជាពលរដ្ឋនៅតំបន់ត្រីកោណអភិវឌ្ឍន៍។ លោកក៏បន្តជំរុញលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំង៣ ពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការកៀរគរធនធានដើម្បីពន្លឿនការអភិវឌ្ឍតំបន់ត្រីកោណ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន និងដើម្បីប្រជាជន។

លោកបណ្ឌិត ងួន ញ៉ិល ក៏បានលើកទឹកចិត្តដល់តំណាងរាស្រ្ត ជាពិសេសតំណាងរាស្រ្តនៃខេត្តទាំង១៣ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋបន្តពង្រឹង និងបង្កើនទំនាក់ទំនងរវាងគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់តួនាទីភាពជាតំណាង ក្នុងការពាំនាំនូវបញ្ហាប្រឈម និងក្តីកង្វល់នានាដែលប្រជាពលរដ្ឋ នៅទីនោះបានកំពុងជួបប្រទះ សំដៅអន្តរាគមន៍ និងដោះស្រាយទាន់ពេលវេលា៕

website_news/2019270809.txt · Last modified: 2019/08/27 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki