website_news:2019270810

មន្ទីរឈប់ទទួលស្គាល់ មជ្ឈមណ្ឌលបង្រៀនពលករទៅធ្វើការនៅជប៉ុនមួយ

https://www.postkhmer.com/ ខន សាវិ | Publication date 27 August 2019 | 10:33 ICT

ភ្នំពេញៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃទី ២១ ខែ សីហា ដោយឈប់ទទួលស្គាល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារកម្ពុជាអន្តរជាតិ (ជំនួយហត្ថា) ដែលបានចុះបញ្ជិកាជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈកាលពីខែ ធ្នូ ឆ្នាំ ២០១៧ និងសាខាផ្សេងៗទៀត ដោយសារធ្វើសកម្មភាពមិនបានសុំការអនុញ្ញាតពីក្រសួង។ សេចក្ដីសម្រេចនេះបន្តថា មជ្ឈមណ្ឌលនេះត្រូវតែបញ្ឈប់សកម្មភាពបណ្ដុះបណ្ដាល និងឃោសនាផ្សេងៗ ដើម្បីជ្រើសរើស និងបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន។ លើសពីនេះមជ្ឈមណ្ឌលក៏ត្រូវទទួលខុសត្រូវដោះស្រាយរាល់សំណងទាំងអស់ទៅឱ្យសិកា្ខកាមវិញគ្រប់ចំនួន ទៅតាមចំនួនជាក់ស្ដែងផងដែរ។ សេចក្ដីសម្រេចនេះបញ្ជាក់ថា៖ «ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងផែនការ ប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់អង្គភាពពាក់ព័ន្ធ និងនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារកម្ពុជាអន្តរជាតិ (ជំនួយហត្ថា) ត្រូវមានភារកិច្ចអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។

លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងាររាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការបិទមជ្ឈមណ្ឌលនេះគឺដោយសារបានធ្វើសកម្មភាពដោយមិនសុំច្បាប់ទៅក្រសួងការងារជាមុន ប៉ុន្តែលោកថា មជ្ឈមណ្ឌលនេះអាចដំណើរការឡើងវិញ ប្រសិនបើទៅសុំការអនុញ្ញាតពីក្រសួង។ លោកថា៖ «ដោយសារមិនសុំគោលការណ៍ពីក្រសួង ដូច្នោះក្រសួងបញ្ជាឱ្យបិទជាបន្ទាន់ ហើយបើគាត់ចង់តវ៉ាអីគាត់ទៅតវ៉ានៅក្រសួង»។ ទោះយ៉ាងណាលោក ហង្ស សម្បត្តិ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារកម្ពុជាអន្តរជាតិ(ជំនួយហត្ថា) កាលពីម្សិលមិញបានបដិសេធចំពោះការអះអាងដែលថា ការបើកមជ្ឈមណ្ឌលរបស់លោកមិនបានសុំច្បាប់ ហើយថា លោកមិនដែលបានបោកប្រាក់លុយកាក់សិក្ខាកាមម្ដងណាឡើយ។ លោកបន្តថាមជ្ឈមណ្ឌលនេះបានដំណើរការ ៦ ឆ្នាំមកហើយ ដោយបណ្ដុះបណ្ដាលរហូតសិក្ខាកាមអាចប្រឡងជាប់ទៅធ្វើការងារនៅជប៉ុនគឺក្នុងម្នាក់ត្រូវបង់លុយចំនួន ១៥០ ដុល្លារ។ លោកបានអះអាងថា មជ្ឈមណ្ឌលនេះគ្រាន់តែមានសិទ្ធិបណ្ដុះបណ្ដាលភាសាជប៉ុនប៉ុណ្ណោះ និងគ្មានអាជ្ញាប័ណ្ណសម្រាប់បញ្ជូនពលករទៅក្រៅប្រទេសទេ ប៉ុន្តែសិក្ខាកាមគឺមានក្រុមហ៊ុនធំៗជាដៃគូចាំទទួល និងជាអ្នករៀបចំឯកសារ ឬការប្រឡងដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុន។ លោក ហង្ស សម្បត្តិ ចាត់ទុកការឈប់ទទួលមជ្ឈមណ្ឌលនេះថាជារឿងអយុត្តិធម៌ ប៉ុន្តែលោកថានេះដោយសារមានក្រុមហ៊ុននាំពលករខ្លះច្រណែនទើបរកវិធីប្រាប់ទៅក្រសួងឱ្យឈប់ទទួលស្គាល់បែបនេះ។ លោកបញ្ជាក់ថា៖ «សួរទៅមន្ទីរទៅ តើខ្ញុំមានច្បាប់អត់ ហើយម៉េចបានថា អត់? ហើយសួរឱ្យច្បាស់ទៅអ្នកណាចេញច្បាប់ និង certificate។ …អូនឯងមិនបាច់ទៅរកយុត្តិធម៌ទេ ហើយទៅបញ្ជាក់ជាមួយគាត់ (ជួន វុឌ្ឍី) ឱ្យច្បាស់សិនទៅ»។

យោងតាមបញ្ជីរបស់ក្រសួងការងារមួយចុះថ្ងៃទី ១ ខែសីហា ឆ្នាំនេះ បញ្ជាក់ថាទីភ្នាក់ងារឯកជនដែលមានសិទ្ធិជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាទៅប្រទេសជប៉ុនមាន ១០២ ក្រុមហ៊ុន។ រីឯទីភ្នាក់ងារឯកជនគ្មានឈ្មោះក្នុងបញ្ជីនេះគឺខុសច្បាប់។

លោក មឿង តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានថ្លែងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារកម្ពុជាអន្តរជាតិ (ជំនួយហត្ថា) ពិតជាទទួលបានអាជ្ញាប័ណ្ណដើម្បីបណ្ដុះបណ្ដាលភាសាជប៉ុនមែន ប៉ុន្តែលោកថា កន្លងមកមជ្ឈមណ្ឌលនេះធ្លាប់មានសិក្ខាកាមរាប់រយនាក់ប្ដឹងពីបទឆបោកប្រាក់ពី ៣០០ ដុល្លាររហូតដល់ ៦ ពាន់ដុល្លារ ដោយសារបានផ្សព្វផ្សាយកុហកសិក្ខាកាមខ្លួនថា ជាភ្នាក់ងារបញ្ជូនពលករទៅធ្វើការនៅជប៉ុន។ លោកថា៖ «សាលាអស់ហ្នឹងទទួលបានអាជ្ញាប័ណ្ណគឺតួនាទីមួយត្រឹមបណ្ដុះបណ្ដាលជំនាញខ្លីៗទេ ប៉ុន្តែដល់ពេលគាត់ដើរតួនាទីគឺដើរលើសអាហ្នឹង។ គាត់ដើរតួលើសម៉េច គឺដើរតួជាភ្នាក់ងារជ្រើសរើស បណ្ដុះបណ្ដាល និង បញ្ជូន…»។

កាលពីខែកុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថាពលករខ្មែរដែលធ្វើការនៅជប៉ុនមានជាង ៩ ពាន់នាក់ ដោយបម្រើការក្នុងផ្នែកកសិកម្ម ចំណីអាហារ គ្រឿងសង្ហារិម គ្រឿងម៉ាស៊ីន សំណង់ តម្បាញ និងដេរផ្នែកឧស្សាហកម្ម និងផ្នែកមើលថែទាំមនុស្សចាស់ជាដើម៕

website_news/2019270810.txt · Last modified: 2019/08/27 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki