website_news:2019271103

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ជំរុញឲ្យនគរបាលកម្ពុជានិងអូស្រ្តាលី សហប្រតិបត្តិការ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

http://www.cen.com.kh/archives/ November 27, 2019

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានជំរុញឲ្យនគរបាលរវាងប្រទេសទាំង២(កម្ពុជា អូស្រ្តាលី) បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានធ្វើឲ្យបទល្មើសបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈលោកស្រី បានបញ្ចប់អាណត្តិការទូត នៅព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនងការទូតរវាងអូស្រ្តាលីជាមួយកម្ពុជា គិតរហូតមកទល់នឹងពេលនេះ មានរយៈពេល ៦៧ឆ្នាំហើយ។ ក្រៅពីការប្រាស្រ័យកិច្ចការទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ខាងផ្នែកកម្លាំងអនុវត្តច្បាប់ ក៏មានកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងប៉ូលីសសហព័ន្ធអូស្ត្រាលី AFP ផងដែរ។ មានប្រសាសន៍ក្នុងឳកាសនោះ លោក នេត សាវឿន បានចាត់ទុកកិច្ចសំណេះសំណាលនាពេលនេះ គឺជាការលើកទឹកចិត្តថែមទៀត ចំពោះកម្លាំងនគរបាលកម្ពុជា។ លោកអគ្គស្នងការនគរបាលជាតិកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី និងអរគុណប៉ូលីសសហព័ន្ធអូស្ត្រាលី AFP តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត និងបានបញ្ជាក់ការពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយនឹងប៉ូលីសសហព័ន្ធអូស្ត្រាលី។ លោក នេត សាវឿន បានមានប្រសាសន៍រំលឹកអនុស្សាវរីយ៍មួយ ដែលប៉ូលីសសហព័ន្ធអូស្ត្រាលី បានជួយដល់នគរបាលកម្ពុជា ក្នុងការរៀបចំសរសេរយុទ្ធសាស្ត្រនគរបាលជំហានទី១ ដែលការជួយរៀបចំនោះហើយ បានជួយឲ្យមន្ត្រីនគរបាលកម្ពុជាកាន់តែម្ចាស់ការ និងមានបទពិសោធន៍ពេញលេញ។

ក្នុងប្រសាសន៍តប លោកស្រី Angela Corcoran បានលើកឡើង នូវកិច្ចការខ្លះពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំង២ និងដោយឡែកកិច្ចសហប្រតិបត្តិការ រវាងនគរបាលកម្ពុជា ជាមួយនឹងប៉ូលីសសហព័ន្ធអូស្ត្រាលី។ លោកស្រី បានសម្តែងក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាល នៃប្រទេសទាំង២ ជាពិសេសកិច្ចសហប្រតិបត្តិការ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានធ្វើឲ្យបទល្មើសបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា ខាងនគរបាលអូស្ត្រាលី មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការអនុវត្តច្បាប់ជាមួយនឹងមន្ត្រីកម្ពុជា និងលោកស្រី ក៏បានជំរុញឲ្យនគរបាលរវាងប្រទេសទាំង២ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត៕ដោយ៖កូឡាប

website_news/2019271103.txt · Last modified: 2019/11/27 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki